ស្ទាក់​បាញ់​ប្លន់ អាជីវករ​លក់​មាសនៅផ្សារស្នួល

ខេត្តក្រចេះ ៖ សមត្ថកិច្ច​អះអាង​ថា ជន​ដៃដល់​មាន​គ្នា​បី​នាក់​ក្នុង​អំពើ​បាញ់​គំរាម​ប្លន់​យក កញ្ចប់​គ្រឿងអលង្ការ​អស់​មួយ​ចំនួន ពី​ម្ចាស់​លក់​គ្រឿងអលង្ការ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​ពេល​នេះ នគរបាល​កំពុង​តែ​ស្រាវជ្រាវ​កំណត់​លើ​មុខសញ្ញា​របស់​ក្រុម​ជនល្មើស​។ អំពើ​បាញ់​ប្លន់​មួយ​ករណី​ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បាន​កើតឡើង​កាលពី​ព្រលប់ ថ្ងៃ​ទី​៩ ក​ខែ​ក្ក​ដា នៅ​លើ​ផ្លូវលំ ខាងក្រោយ​ផ្សារ​ស្នួល ដោយ​ជនល្មើស​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​បាន ស្ទាក់​ម៉ូតូ​ជន​រង​គ្រោះ ខណៈ​ដែល​កំពុង​តែ​ជិះ​ត្រឡប់​មកពីផ្សារ និង​បាន​បាញ់​គំរាម​១​គ្រាប់ ប្លន់​យក​កញ្ចប់​គ្រឿង​អ​ល​ង្ក​ការ និង​មាន​លុយ​មួយ​ចំនួន​។

នគរបាល​បាន​ប្រាប់​ថា អំពើ​បាញ់​គំរាម​ប្លន់​យក​គ្រឿងអលង្ការ បាន​បង្ក​ឡើង​ដោយ​ជនល្មើស​មាន​គ្នា​បី​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម និង​ជិះ​ម៉ូតូ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​ប្លន់​លើ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ិ​ប វិបុល អាយុ​៣៣​ឆ្នាំ ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្នួល មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។ ទោះបីជា​យ៉ាងណា​ក្នុង​អំពើ​ស្ទាក់​បាញ់​ប្លន់​ពី​ក្រុម​ជន​ដៃដល់ មក​លើ​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្នួល ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​វេច​ខ្ចប់​សម្ភារ​គ្រឿងអលង្ការ ជិះ​ត្រឡប់​មក​ផ្ទះ​នេះ គឺ​ជន​ដៃដល់​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជន​រង​គ្រោះ​នោះ​ទេ​។

ដោយ​គ្រាន់តែ​បាញ់កាំភ្លើង​១​គ្រាប់ ហើយ​ពេល​ឃើញ​សភាព​មិន​ស្រួល ជន​រង​គ្រោះ​បាន ផ្តួល​ម៉ូតូ​រត់គេច​តែ​ម្តង​។ ចំណែកឯ​សម្ភារ​របស់របរ​មាន​តម្លៃ​ដែល​បាត់បង់​ទាំងនោះ​ក៏​នៅ​មិន​ទាន់​ដឹង​ថា អស់​ចំនួន​ប៉ុន្មាន​នៅឡើយ​ដែរ​។ ជុំវិញ​អំពើ​បាញ់​ប្លន់​នេះ ការិយាល័យ​ព្រហ្មទណ្ឌ​លោក វរសេនីយ៍ឯក កង សុ​វ​ណ្ណី បាន​បញ្ជាក់​ថា ជន​មាន​តម្រុយ​៣​នាក់ ក្នុង​អំពើ​នេះ គឺ​នគរបាល​កំពុង​តែ​ស្រាវ ជ្រាវ​កំណត់​លើ​មុខសញ្ញា​។ លោក​បញ្ជាក់​ថា ក្រុម​ជនល្មើស​បាន​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ៕