ការរួម​ភេទ​តាម​មាត់​រួមចំណែក​ចំពោះ​ការកើនឡើង​យ៉ាងខ្លាំង​នូវ​ជំងឺមហារីក​ក្បាល​

    ​ការសិក្សា​ថ្មី​មួយ​បាន​អះអាងថា ការរួម​ភេទ​តាម​មាត់ (Oral Sex) បាន​ជួយ​រួមចំណែក​ក្នុងការ​កើនឡើង​ជំងឺមហារីក​ក្បាល​ក្នុង​ចំនួន​យ៉ាងច្រើន​។ នេះ​បើតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​១០ កក្កដា​។​

​    ​អង្គការ​សមាគម​មហារីក​អាមេរិក បាន​និយាយថា អម​ជាមួយ​គ្រឿង​ស្រវឹង និង​បារី ជំងឺមហារីក​មាត់ ក្បាល ក និង​បំពង់ក បាន​កើនឡើង​ជាង ២០០ ភាគរយ​គិត​ចាប់តាំងពី​ទសវត្សរ៍ ១៩៨០​។ 

​    ​អ្នកស្រាវជ្រាវ Iain Morgan ដែលជា​វេជ្ជបណ្ឌិត បាន​និយាយថា "​នេះ​ជា​ជំងឺឆ្លង​ដែល​កំពុង​កើតឡើង ហើយ​វា​នឹង​បន្ត​កើតឡើង​ទៀត​។ យើង​ត្រូវតែ​គ្រប់គ្រង​វា​"​។ 

​    ​លោក​បាន​បន្ថែមថា "​ខ្ញុំ​គិតថា ភស្តុតាង​បានលើកឡើង​ថា ការកើនឡើង​ក្នុងការ​រួមភេទ​តាម​មាត់​គឺជា​មូលហេតុ​នៃ​ករណី​ជំងឺមហារីក​ក្បាល និង​ក បង្កឡើង​ដោយ​វីរុស HPV វិជ្ជមាន​"​។ 

​    ​វីរុស HPV គឺជា​ជំងឺ​ដែល​ប៉ះពាល់​ស្បែក និង​អាច​បង្ក​ជា​ជំងឺមហារីក​។ ហើយ​យោងតាម​ទីភ្នាក់ងារ​សុខភាព​អង់គ្លេស NHS វីរុស​នេះ​ឧស្សាហ៍​កើត​នៅ​ស្បូន រន្ធ​គូថ មាត់ និង​បំពង់ក​។​

​    ​យោងតាម​ការសិក្សា​រៀបចំ​ដោយ​មជ្ឈមណ្ឌល​មហារីក VCU Massey (VCU Massey Cancer Center) មនុស្ស​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ ដែល​កើត​មហារីក​ពាក់ព័ន្ធ​នឹង​វីរុស HPV នឹង​ស្លាប់​។ 

​    ​លោក​វេជ្ជបណ្ឌិត Laurence DiNardo បាន​និយាយថា មនុស្ស​សកម្ម​ខាង​ផ្លូវភេទ ៩០ ភាគរយ​នឹង​ប៉ះ​ផ្ទាល់​ជាមួយ​វីរុស HPV ទោះបី​មនុស្ស​ភាគច្រើន​មិន​ឆ្លង​វា​ក៏ដោយ​។ 

​    ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​វិ​វត្ត​ជំងឺមហារីក ការពិនិត្យ​រក​រោគសញ្ញា​ដំបូង​គឺ​ពិតជា​លំបាក​ណាស់ ព្រោះ​ដុំ​សាច់​របស់​វា​ពិបាក​ស្វែងរក​។ លោក​បន្ថែមថា "​វា​លាក់ខ្លួន​យ៉ាង​សម្ងាត់​នៅក្នុង​ជាលិកា​អា​មី​ដាស់ ដូច្នេះ​វា​មិន​ងាយ​រកឃើញ​ស្រួលៗ​ទេ​"​។ 

​    ​ជំងឺមហារីក​មាត់​ដោយសារ HPV អាច​ប្រើពេល​ច្រើន​ឆ្នាំ​ទម្រាំ​ពិនិត្យឃើញ បើទោះបីជា​វា​វិ​វត្ត​ខ្លួន​ជាង ១ ទសវត្សរ៍​ក៏ដោយ​៕

​ប្រភព​៖ Metro