អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

ជាលទ្ធផលចុងក្រោយ គឺក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ជាអ្នកឈ្នះពានជើងឯក​ប្រចាំទ្វីបអ៊ឺរ៉ុប ឆ្នាំ​២០១៦​នេះ ដោយ​គ្មាន​កំពូល​​កីឡាករ​​អន្តរជាតិ​របស់​ខ្លួន កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែល​បាន​ចេញ​ពី​ការ​ប្រកួត បណ្ដាល​មក​ពី​របួស​ជង្គង់។ ក្រុមព័រទុយហ្គាល់ បានផ្ដួលក្រុមជម្រើស​ជាតិ​បារាំង ដោយពិន្ទុមួយ​ទល់​នឹង​សូន្យ នៅក្នុងម៉ោង​បន្ថែម។
អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះនិងលើកពានជើងឯក ប្រចាំទ្វីបអ៊ឺរ៉ុបឆ្នាំ២០១៦។ (រូបថត UEFA)

ក្ដីសុបិន្តរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានក្លាយជាការពិត ខណៈក្រុមបារាំង ដែលជាម្ចាស់ផ្ទះ បាន​ត្រឹម​តែ​​ឈរមើល​ភ្ញៀរ​របស់ខ្លួន លើកពានជើងឯកប្រចាំទ្វីបអ៊ឺរ៉ុប ឆ្នាំ២០១៦នេះប៉ុណ្ណោះ។ នៅក្នុង​ការ​ប្រកួត​ផ្ដាច់​​ព្រ័ត្រ យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នាកីឡាដ្ឋាន «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) នេះ ក្រុមបារាំង​បាន​ធ្លាក់​ជើង នៅចុងបញ្ចប់​នៃការបន្ថែម​ម៉ោង​លើក​ទីពីរ (៤៥+៤៥+១៥+១៥) ដោយ​បណ្ដាល​ឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ឈ្មោះ «Eder»  របស់ក្រុមព័រទុយហ្គាល់ ទាត់បាល់រាបផ្ទាល់​នឹងដី រកពិន្ទុឲ្យក្រុមខ្លួន បាន​១ទល់នឹង០។

អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

ប៉ុន្តែបើពិនិត្យទៅលើសាច់បាល់ពីដំបូងមកវិញ ក្រុមព័រទុយហ្គាល់មិនបាន​ផ្ដល់ក្ដីសង្ឃឹមប៉ុន្មាន សម្រាប់​ក្រុម​អ្នក​គាំទ្រទេ ជាពិសេស​នៅ​ចំពោះការចាកចេញ នៅនាទីទី២៥ របស់កំពូលកីឡាករ​អន្តរជាតិរបស់ខ្លួន កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានរងរបួសជង្គង់ បន្ទាប់ពីបានប៉ះគ្នា នៅនាទីទី៨ ជាមួយ​កីឡាករ​ខ្សែ​បម្រើ​បារាំង ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet)។

រីឯការ​គ្រប់គ្រងបាល់ និងការវាយសន្ធាប់ទៅលើគូប្រកួត ក៏ក្រុមបារាំងមាន​ប្រៀប​ជាងដែរ (ពាក់កណ្ដាល​ម៉ោង​ដំបូង បារាំងមាន​ភាគរយគ្រប់គ្រងបាល់ ៥៥% ខណៈព័រទុយហ្គាល់បានតែ ៤៥%ប៉ុណ្ណោះ)។ ប៉ុន្តែវាមិន​គ្រប់​គ្រាន់​ទេ មិនខុសណា​ពីការប្រកួតរវាងបារាំង និងអាល្លឺម៉ង់ ដែល​អាល្លឺម៉ង់មាន​ឱកាស​វាយសន្ធាប់ លើបារាំង សឹងតែដក​ដង្ហើម​មិន​រួចនោះដូច្នេះដែរ។ សំខាន់ ដើម្បីឈ្នះការប្រកួត ក្រុម​បាល់​ទាត់​មួយចាំបាច់​ត្រូវរក​គ្រាប់​បាល់​ឲ្យបាន។

អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

យ៉ាងណា បើក្រុមបារាំងមានតែឱកាស (ដូចជានៅនាទីទី១០ និងទី៣៣) តែរកគ្រាប់បាល់​មិនបាននោះ ក៏​ដោយ​សារក្រុម ព័រទុយហ្គាល់ មានខ្សែការពារខ្លាំង អ្នកចាំទីពូកែ និងកីឡាករទាំងអស់ក្នុងក្រុម មាន​សាមគ្គី​ភាព​រវាងគ្នា (រួមគ្នាចុះមកទប់ ឬលេងត្រូវជើងគ្នាជាដើម)។

នៅពេលចូលមកដល់ពាក់កណ្ដាលម៉ោងទីពីរ បារាំងបានបើកការវាយសន្ធាប់ ទៅលើក្រុមព័រទុយហ្គាល់ទៀត (បារាំង​មានភាគរយគ្រប់គ្រងបាល់ ៥៤% ខណៈព័រទុយហ្គាល់បានតែ ៤៦%) និងរកឱកាសបាន​ជាច្រើនដង (នាទី​ទី៦៦ - ទី៧៥ និងទី៨៤) តែនៅតែធ្វើអ្វី​ លើក្រុមព័រទុយហ្គាល់មិនបាន។ គ្រាប់បាល់ចុងក្រោយ (នាទី​ទី​៩២) នៃ​ម៉ោង​ប្រកួត៩០នាទី ដែលទំនងជាមិនផ្ដល់សំណាងឲ្យបារាំងសោះ​តែ​ម្ដង​នោះ គឺបាល់របស់​កីឡាករ​ខ្សែ​​ប្រយុទ្ធ អង់ដ្រេ​-ពីច្យែ ហ្សីញ៉ាក់ (André-Pierre Gignac) ដែលទាត់ទៅចំដែកទ្រសំណាញ់។

អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

ភាពគ្មានសំណាងនេះ និងវាយលុកខ្លាំងទៅលើគូប្រកួតនេះ បានធ្វើឲ្យកីឡាករបារាំង​ធ្លាក់ជើង នៅក្នុង​វគ្គ​បន្ថែម​​ម៉ោង និងជាពិសេស នៅក្នុងម៉ោងបន្ថែមទីពីរ។ កីឡាករ អែដេន (Eder) របស់ក្រុមព័រទុយហ្គាល់ បាន​បណ្ដើរ​​បាល់​ញាក់ ឆ្វេងស្ដាំខ្សែការពារបារាំង នៅនាទី​ទី១០៨ ហើយរកបានចន្លោះ ដើម្បីទាត់បាល់រាប់ផ្ទាល់ដី សំដៅ​ទី​បារាំងបានសម្រេចជាស្ថាពរ ជាមួយនឹងពិន្ទុ១ទល់នឹង០។

ជាលទ្ធផល ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះនិងលើកពានជើងឯក ក្រោមទឹកភ្នែកហូរឲ្យរហាម ពី​សំណាក់កីឡាករ​ម្ចាស់​បាល់​​មាស​​បីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ។ បើទោះជាគ្មានកីឡាកររូបនេះក៏ដោយ តែ​ក្រុម​ព័រទុយហ្គាល់ នៅតែអាចយក​ឈ្នះ​ជាជើងឯក​បាន ដោយសារកីឡាករព័រទុយហ្គាល់នីមួយៗ សុទ្ធតែ​មាន​សន្ទុះ​ទឹក​ចិត្ត​ខ្លាំងក្លា និងភាពឆ្លាតវាងវៃ៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖