ឃាត់ខ្លួន​មនុស្ស​៤​នាក់​ជាប់ចោទ​លួច​នៅ​ផ្សារ​ទំនើប «​ភូ​ពុ​យ​»

ខេត្ដបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បន្ទាប់​ពី​សង្ស័យ​ថា ក្រុម​នេះ​បាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទំនើប «​ភូ​ពុ​យ​» មុន​ពេល​ឃាត់ខ្លួន​មួយ​ថ្ងៃ ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​ចំរើន ផល អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ២-​ឈ្មោះ​រឿ​ន វិត ហៅ រ៉ា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ ៣-​ឈ្មោះ មាន សុ​វ​ណ្ណា​រ៉ា ហៅ​កុយ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​៤-​ឈ្មោះ​ឡាយ សម្បត្តិ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​សង្ស័យ​ថា ក្រុម​នេះ​ជា​ជន​ដៃដល់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ស្ត្រី​ម្នាក់​ឈ្មោះ ភា សុផល អាយុ​៤៨​ឆ្នាំ ជា​អ្នក​លក់ដូរ​នៅ​ផ្សារ​ទំនើប «​ភូ​ពុ​យ​» កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ កក្កដា គ្រា​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​សម្រាន្ត​លក់​។ លោក​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ចំរើន ផល និង​ឈ្មោះ​រឿ​ន វិត បាន​សារភាព​ថា ពួក​ខ្លួន​ជា​អ្នក​ចូល​លួច​យក​ទូរស័ព្ទ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​របស់​ស្ត្រី​រង​គ្រោះ តែ​ពេល​លួច​បាន ក៏​យក​ទៅ​ប្រគល់​ឲ្យ​ឈ្មោះ​មាន សុ​វ​ណ្ណា​រ៉ា និង​ឈ្មោះ ឡាយ សម្បត្តិ ជា​អ្នក​យក​ទៅ​លក់​។ ដោយឡែក​ឈ្មោះ សុ​វ​ណ្ណា​រ៉ា និង​ឈ្មោះ សម្បត្តិ ក៏​បាន​ទ​ទូល​ស្គាល់​នូវ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ពួក​ខ្លួន​ដែរ ។

សាក្សី​នានា​ដែល​ធ្លាប់​ស្គាល់​ចោរ​ដៃ​ស្អិត​មួយ​ក្រុម​នេះ ក៏​បាន​និយាយ​ដែរ​ថា ក្រុម​នេះ​ជា​មនុស្ស​ដែល​ប្រើប្រាស់​ថ្នាំ​ញៀន ។ ពួក​គេ​ខ្លះ​គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅទេ ហើយ​មានមុខ​របរ​មិន​ច្បាស់លាស់​ទៀត​ផង ។ ក្រុម​នេះ​តែង​បង្ក​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។ ដូច​ជា​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ និង​បង្ក​ការ​ភ័យ​ខ្លាច​ស្ទើរតែ​ទាំង​យប់​ទាំង​ថ្ងៃ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង ក៏​បាន​ទទួលស្គាល់​ដែរ​ថា ពិតជា​ដូច​ការ​លើក​ឡើង​របស់​សាក្សី​មែន គឺ​ក្រុម​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន និង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​គ្មាន​ខ្លាចរអា​អ្វី​ឡើយ ។ លោក​អធិការ​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ចំនួន​៤​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​ជា​វត្ថុ​តាង​ដែល​ក្រុម​ជន​ដៃដល់​បាន​លួច​ពី​ជន​រង​គ្រោះ ។ លោក​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ហើយ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕