ដឹក​ធ្ងន់​ពេក ជាប់ផុង​ទៅ​មុខ​លែង​រួច

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​យក្ស​១​គ្រឿង​ដឹកឈើ​រាប់​សិប​តោន​បាន​ជាប់ផុង​ពាក់កណ្តាល​កង់​ទៅ​មុខ​មិន​រួច នៅ​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ចាប់តាំងពី​វេលា​ម៉ោងជាង​១០យប់ ថ្ងៃ​ទី​៩ ខែកក្កដា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​ម្ចាស់​ឈើ​ហៅ​រថយន្ត​ផ្សេង​ទៀត​មក​សាង​ឲ្យ​ស្រាល និង​បាន​អូស​សណ្តោង​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​រំខាន​ដល់​ស្ថាប័ន​ណាមួយ​នោះ​ទេ ។

ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៩​កក្កដា គាត់​បាន​ដេក​លង់លក់​ដោយ​មិន​បានដឹង​មាន​រថយន្ត​ជាប់ផុង​នៅ​ក្នុងភូមិ​ក្បែរ​លូ​ទឹក​នោះ​ទេ ទាល់តែ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០​កក្កដា ពេល​ដែល​ក្រោកពីដំណេក​ទើប​ឃើញ​រថយន្ត​ធុន​យក្ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0651 ដឹកឈើ​បាន​ជាប់ផុង​ដោយសារ​តែ​មេឃ​ភ្លៀង​ធ្លាក់ ។ ជាមួយ​នោះ​គេ​បានឃើញ​រថយន្ត​១​គ្រឿង​ទៀត បាន​មក​ចងខ្សែ​កាប​អូស​ទាញ​តែ​ទាញ​មិន​រួច និង​បាន​យក​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​មក​ដាក់​នៅ​ខាងក្រោយ​រថយន្ត​ដឹកឈើ​ដើម្បី​សាង​ឈើ​ចេញ​ឲ្យ​ស្រាល​រថយន្ត ។ ផ្លូវលំ​ដែល​រង​ការ​ខូចខាត​ដោយ​រថយន្ត​ខាងលើ ត្រូវ​បាន​តា​ៗ​ក្នុងភូមិ​ដើរ​រៃ​លុយ​ពី​ប្រពល​តាម​ផ្ទះ​បាន​ថវិការ ហើយ​ទៅ​ទិញ​ដី​ជា​ច្រើន​រថយន្ត​មក​ចាក់​បំពេញ​កន្លែង​ជង្ហុក​ឲ្យ​ស្មើ​រាប ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក ។

ប្រជាពលរដ្ឋ​បាន​លើក​ហេតុផល​ថា ចំពោះ​រថយន្ត​ធំ​ៗ​ដែល​បាន​ដឹកអុស និង​ឈើ បើក​កាត់​បណ្តាល​ឲ្យ​ខូច​នោះ ពួក​គាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ជំនាញ មេត្តា​ជួយ​ទប់ស្កាត់​រថយន្ត​ទាំងនោះ កុំ​ឲ្យ​ឆ្លងកាត់​បន្ត​ទៀត​ផង ព្រោះថា កន្លង​មក​នៅ​ពេល​ដែល​ផ្លូវ​ខូច មាន​ជង្ហុក ភក់ជ្រាំ ដោយ​ត្រូវ​នឹង​ទឹកភ្លៀង​ក្នុង​រដូវវស្សា​នេះ  ទើប​តា​ៗ​បាន​រៃ​លុយ​ពី​ប្រជាពលរដ្ឋ​មក​ធ្វើ​ឲ្យ​ស្រួល​ជិះ ។

លោកតា​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ចាក់​ដី​នៅ​ល្ងាច​ថ្ងៃ​ទី​៩​កក្កដា ដើម្បី​ស្រួល​ជិះ តែ​រហូត​មក​ដល់​វេលា​ម៉ោងជាង​១០​យប់ ស្រាប់តែ​មាន​រថយន្ត​ដឹកឈើ​បើក​កាត់​ក្នុង​ទិស​ដៅ​ចូល​ទៅ​ស្រុក​ព្រៃឈរ ក៏​បាន​ជាប់ផុង​ទៅ​មុខ​មិន​រួច ចំពោះ​ការ​ខូចខាត​ផ្លូវ​គាត់​សំណូមពរ​ដល់​ម្ចាស់​ឈើ​ជួយ​ថវិការ​សំរាប់​មក​ទិញ​ដី​ចាក់​ធ្វើ​ផ្លូវ​ឡើង​វិញ ។

ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ត្រើង ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​រថយន្ត​ដឹកឈើ​បាន​ជាប់ផុង​នៅ​ត្រង់​ភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ដោយសារ​តែ​បើក​គេច​ពី​កន្លែង​ថ្លឹង​រថយន្ត ទើប​បានជា​ជួបនឹង​ហេតុការណ៍​បែប​នេះ ជាមួយ​នោះ​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​នោះ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១០​កក្កដា ។

កម្មករ​ដែល​កំពុង​តែ​លើកដាក់​ផ្ទេរ​ឈើ​រថយន្ត​ខាងលើ​បាន​ប្រាប់​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ជា​ប្រភេទ​ឈើ​ជំនៀរ​ចេញពី​ក្រុមហ៊ុន​៩៩ ក្នុង​ខេត្តកំពង់ធំ​របស់​លោកស្រី​ម្នាក់ តែ​គេ​មិន​បាន​បង្ហើប​ប្រាប់​ដឹក​យក​ទៅ​ទីណា​ឡើយ ។

«​កោះសន្តិភាព​»​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​ទេ​ជាមួយនឹង​ក្រុមហ៊ុន​៩៩​នោះ ។

ភ្នាក់ងារ​«​កោះសន្តិភាព​»​បាន​ទាក់ទង​ទៅ​លោក ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ តាម​ទូរស័ព្ទ​ដើម្បី​ឲ្យ​ដឹង​ថា តើ​អាជ្ញាធរ​ស្រុក​មាន​វិធានការ​បែប​ណា​ចំពោះ​រថយន្ត​ដែល​បាន​បង្ក​ដឹកឈើ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ​បុស​ថ្លាន់ តែ​លោក​បាន​ឆ្លើយ​ថា ជាប់រវល់​ប្រជុំ ៕