១ថ្ងៃឆក់២ដង តែភ្លាត់ជាប់អន្ទាក់​

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​​នៃស្នង​ការ​​នគរបាល​​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេ​នី​​យ៍​ទោ ហង្ស សូ​ផាត ភិ​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ប្រតិបត្តិការ​​បង្ក្រាប​ករណី​ចោរលួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ និង​កាបូប​របស់​ភ្ញៀវ​ទេសចរ​)​ ចំនួន​២​លើក​ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​៨ កក្កដា ២០១៦ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ​ក្នុង​ចំណោម​៣​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការ​រិ​យា​ល័យ​ជំនាញ​។

ហេតុ​ការ​ណ៍​បង្ក្រាប​ករណី​ខាងលើ​ ធ្វើ​ឡើង​នៅ​ចំណុច​តាម​ដងផ្លូវ​ស៊ី​វុ​ត្ថា ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​។

លោក​វរសេនីយ៍ទោ ហង្ស  សូ​ផាត​ភី​រម្យ ​បាន​ប្រាប់​កោះសន្តិភាព​​ កាលពី​​រសៀល​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១៦​នេះ​ថា  យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ មាន​២​នាក់ ទី​១/ ជន​រង​គ្រោះ មិន​ស្គាល់ឈ្មោះ ពុំ​បាន​មក​ដាក់​ពាក្យបណ្តឹង​ទេ​ ។​ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ SHNNAN Lee ភេទ​ស្រី អាយុ​២១​ឆ្នាំ​ជា​ភ្ញៀវ​ទេសចរណ៍ ជនជាតិ កា​ណា​ដា កាន់​លិខិតឆ្លងដែន​លេខ​.HG.៤៦៨០២៤ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ស្នាក់​នៅផ្ទះ​សំណាក់​យីហោ ហ្គា​ឌិន​វី​ឡិច បន្ទប់​លេខ​៣៣៧ ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​​បាន​ដើរ​ចេញពី​ផ្លូវ​ផាប់​ស្ទ្រី​ត ត្រឡប់​ទៅ​ផ្ទះសំណាក់​វិញ បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ លើ​ដងផ្លូវ​ស៊ី​វុ​ត្ថា ចូល​ទៅ​តាម​ផ្លូវ​សុខសាន្ត ស្រាប់តែ​មានចោរ​​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ​មួយ​គ្រឿង​តាម​ពីក្រោយ រួច​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​ពីនាង​​បាន​សម្រេច​ដោយ​សុវត្ថិភាព ​។​

លោក​បន្ត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​នៅ​ក្នុង​កាបូបដៃ​នោះ​មានៈ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​.IPhone 6 ពណ៌​ទឹកមាស​, ប្រាក់​១៧០​ដុល្លា​,​ប័ណ្ណបើកបរ​១​សន្លឹក​, ប័ណ្ណ​ឥ​ទាន​ចំនួន​២​សន្លឹក និង​ប័ណ្ណ​ពិនិត្យ​សុខភាព​ចំនួន​១​សន្លឹក​។​បន្ទាប់​ពី​បាត់​ភ្លាម​ៗ​ពួក​គេ​បាន​ទៅ​ប្តឹង​នៅ​អង្គភាព​នគរបាល​ទេសចរណ៍ ជិត​កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​។​លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​មក កម្លាំង​ជំនាញ​បាន​ចុះ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់​មាន ទី​១/​ឈ្មោះ ពោត ជា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​/​ឃុំ ពង្រ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន​មក​ធ្វើការ​សំណង់​នៅ​ម្តុំ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១.R.៨៥៦៣ សេរី​ឆ្នាំ​២០១៣​។ ទី​២/​ឈ្មោះ ទឹម សំ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ និង​ទី​៣/ ឈ្មោះ បៀ​វ ពន្លឺ ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ប្ញ​ស្សី​ជៈ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ឈ្មោះ បៀ​វ ពន្លឺ បាន​រត់គេច​ខ្លួន​បាត់ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ប៉ុន្តែ​អ្នក​ទាំង​៣​នាក់​នោះ​បាន​ស្គាល់គ្នា​នៅ​ក្នុង​ការដ្ឋាន​សំណង់​ ។​ លោក​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ ពួក​គេ​បាន​សារភាព​ថា ចាប់តាំងពី​ពួក​គេ​បាន​ស្គាល់គ្នា​មក ក៏​បាន​ជិះ​ម៉ូតូ​របស់​ឈ្មោះ ពោត ជា ធ្វើ​សកម្មភាព ដោយ​ឱ្យឈ្មោះ បៀ​វ ពន្លឺ ជា​បើក​ហើយ​ឈ្មោះ ទឹម សំ ជា​អ្នក​អង្គុយ​កណ្តាល ចំណែក ឈ្មោះ ពោត ជា អង្គុយ​ខាងក្រោយ  រួច​នាំ​គ្នា​ជិះ​ម៉ូតូ​ឆ្ពោះ​សំដៅ​ទៅ​ឆក់​ទូរស័ព្ទ​ដៃ​បាន​១​គ្រឿង នៅ​ម្តុំ​ផាប់​ស្ទ្រី​ត​(​ផ្សារ​ចាស់​) បាន​សម្រេច​ហើយ ពួក​គេ​បាន​ជិះ​ម៉ូតូ ទៅ​តាម​ផ្លូវ​អាង​ក្រពើ រួច​បត់​ទៅ​តាម​ផ្លូវ​ខាងកើត​មាត់​ស្ទឹង ហើយ​ពួក​ខ្ញុំ​បានឱ្យ​ឈ្មោះពោត ជា យក​ទូរស័ព្ទទៅ​លាក់​ទុក ​។​

បន្ទាប់​មក ខ្ញុំ​(​ទឹម សំ​) និង​បៀ​វ ពន្លឺ ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​ឆក់ ម្តងទៀត នៅ​តាម​ផ្លូវ​សុខសាន្ត ក៏​ឃើញ​ភ្ញៀវ​បរទេស​ស្រី​ចំនួន​៥​នាក់ ក្នុង​នោះ​មាន ម្នាក់​កាន់​កាបូប​នៅ​ក្នុង​ដៃ ពណ៌​កាហ្វេ រួច​ពួក​ខ្ញុំ​ក៏​ឆក់​បាន​សម្រេច​តែ​ម្តង រួច​ជិះ​ទៅ​យកឈ្មោះ ពោត ជា ចូល​ទៅ​លេង អ៊ិ​ន ធឺ​ណេ​ត វិញ​រហូត​ដល់​ម៉ោង​១១ ថ្ងែ​ត្រង់ ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៦ ស្រាប់តែ​ក្រឡេក​ឃើញ​សមត្ថកិច្ច​មក​ដល់​ក៏​ធ្វើការ​ឃាត់ខ្លួន​ពួក​ខ្ញុំ​បាន​ចំនួន​២​នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​វត្ថុ​តាង​របស់​ជន​រង​គ្រោះ ត្រូវ​ប្រគល់​ឱ្យ​វិញ ។