គណបក្ស​លោក​ស្ហ៊ីនហ្សូ​អាបេ​ឈ្នះឆ្នោត​នៅ​ព្រឹទ្ធសភា

គណបក្សរបស់លោកស្ហ៊ីនហ្សូ អាបេ បានទទួលជោគជ័យ ដោយទទួលបានសំឡេងភាគច្រើនលើសលុប នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាជប៉ុន នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចុះផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជប៉ុន នៅយប់ថ្ងៃអាទិត្យ នៅក្រោយពេលដែលការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបិទទ្វារ។ លោកស្ហ៊ីនហ្សូ អាបេ ដាក់ក្តីរំពឹងលើការបោះឆ្នោតព្រឹទ្ធសភា ដើម្បីជាឱកាសស្វះស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ លើនយោបាយសេដ្ឋកិច្ច និងការពារជាតិរបស់លោក។

យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK ព្រមទាំងបណ្តាញព័ត៌មានក្នុងស្រុកជប៉ុនផ្សេងទៀត គណបក្សរបស់លោកស្ហ៊ីនហ្សូ អាបេ ព្រមទាំងគណបក្សមួយទៀតដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ ទទួលបានអាសនៈយ៉ាងតិច ៦៣ នៅក្នុងចំណោមអាសនៈព្រឹទ្ធសភាទាំង ១២១ ដែលត្រូវបោះឆ្នោតជ្រើសរើសថ្មី នៅថ្ងៃអាទិត្យ។ បូកជាមួយនឹងអាសនៈ ដែលមានក្នុងដៃស្រាប់ គណបក្សកាន់អំណាចអាចទទួលបាននូវសំឡេងភាគច្រើនលើសលុប រហូតដល់ទៅ ២ភាគ៣ នៅក្នុងព្រឹទ្ធសភា។

គួរបញ្ជាក់ថា សភាជប៉ុនក៏ប្រហាក់ប្រហែលនឹងនៅក្នុងប្រទេសកម្ពុជាដែរ ព្រឹទ្ធសភា គឺជាសភាជាន់ខ្ពស់តាមឋានានុក្រម ក៏ប៉ុន្តែ មានអំណាចតិចជាងរដ្ឋសភា។ សមាជិកព្រឹទ្ធសភាជប៉ុនមានអាណត្តិ ៦ឆ្នាំ ដោយសមាជិកចំនួនពាក់កណ្តាលត្រូវផុតអាណត្តិ និងបោះឆ្នោតជ្រើសរើសថ្មី នៅរៀងរាល់ ៣ឆ្នាំម្តង។

នៅក្នុងពេលបច្ចុប្បន្ននេះ គណបក្សរបស់លោកស្ហ៊ីនហ្សូ អាបេ មានសំឡេងភាគច្រើន ២ភាគ៣រួចជាស្រេចទៅហើយ នៅក្នុងរដ្ឋសភា។ ដូច្នេះ ជោគជ័យរហូតបានសំឡេង ២ភាគ៣ នៅក្នុងព្រឹទ្ធសភាមួយទៀតអាចនឹងបើកផ្លូវឲ្យលោកស្ហ៊ីនហ្សូ អាបេ រៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិយម ដើម្បីផ្តល់សិទ្ធិដល់កងទ័ពជប៉ុន ក្នុងការធ្វើអន្តរាគមន៍នៅបរទេស។

លើសពីនេះទៅទៀត ជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភានេះក៏អាចនឹងជួយជាកម្លាំងនយោបាយដ៏សំខាន់មួយដែរ ដល់នយោបាយសេដ្ឋកិច្ចរបស់លោកស្ហ៊ីនហ្សូ អាបេ។ កាលពីល្ងាចថ្ងៃសៅរ៍ នៅមុនពេលបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោកស្ហ៊ីនហ្សូ អាបេ បានថ្លែងនៅចំពោះមុខអ្នកគាំទ្រ នៅក្នុងទីក្រុងតូក្យូថា នយោបាយសេដ្ឋកិច្ចរបស់លោកមិនទទួលបរាជ័យនោះទេ តែថា វាក៏នៅមិនទាន់ជោគជ័យពេញលេញ១០០%នោះដែរ។

សម្រាប់លោកស្ហ៊ីនហ្សូ អាបេ និងគណបក្សអភិរក្សនិយមរបស់លោក លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះ គឺប្រៀបដូចជាការបោះឆ្នោតប្រជាមតិមួយ ដែលពលរដ្ឋជប៉ុនក្នុងចំនួនភាគច្រើនលើសលុប គាំទ្រឲ្យលោកនាយករដ្ឋមន្រ្តីជប៉ុនបន្តនយោបាយសេដ្ឋកិច្ចរបស់លោកតទៅមុខទៀត។

ក៏ប៉ុន្តែ អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយនៅឯសកលវិទ្យាល័យមួយក្នុងក្រុងតូក្យូបានបង្ហាញនូវការយល់ឃើញរបស់លោកថា ការណ៍ដែលពលរដ្ឋជប៉ុនបោះឆ្នោតឲ្យគណបក្សកាន់អំណាចនៅព្រឹទ្ធសភានៅពេលនេះ មិនប្រាកដថាជាការបង្ហាញពីការគាំទ្រដល់នយោបាយរបស់លោកស្ហ៊ីនហ្សូ អាបេនោះទេ តែប្រហែលជាមកពីពួកគេមិនសូវជាមានជម្រើសផ្សេង ដោយសារតែនៅពេលនេះ គេសង្កេតឃើញថា គណបក្សប្រឆាំងកំពុងតែធ្លាក់ចុះទន់ខ្សោយខ្លាំង ដែលពិបាកនឹងឲ្យពលរដ្ឋទុកចិត្ត៕

ប្រភពៈ RFI


Related Posts