បុរស​ម្នាក់​ទិញ​ផ្ទះ​ថ្ម​មួយ​ខ្នង​តម្លៃ​១០​ម៉ឺន​ដុល្លារ​ ​ដើម្បី​​​វាយ​កម្ទេច​​​ចោល​ ព្រោះ​សង់​លើ​ផ្លូវ​សាធារណៈ

បុរស​ម្នាក់​ទិញ​ផ្ទះ​ថ្ម​មួយ​ខ្នង​តម្លៃ​១០​ម៉ឺន​ដុល្លារ​ ​ដើម្បី​​​វាយ​កម្ទេច​​​ចោល​ ព្រោះ​សង់​លើ​ផ្លូវ​សាធារណៈ



បន្ទាយមានជ័យ​ ៖ ​បុរស​ជា​អាជីវករ​​​ម្នាក់​ បាន​ចំណាយ​លុយ​ចំនួន​១០​​ម៉ឺន​ដុល្លារ​ទិញ​ផ្ទះថ្ម​មួយ​ខ្នង ​រួច​​ក៏​វាយ​កម្ទេច​ចោល​ធ្វើជា​គំរូ​ដល់​​អ្នក​ដទៃ​ ដើម្បី​កុំ​ឲ្យ​ថ្ងៃក្រោយ​ធ្វើ​ផ្ទះ​លើ​ផ្លូវ​សាធារណៈ​តទៅទៀត។

ហេតុការណ៍​វាយ​បំផ្លាញ​ផ្ទះ​នោះ​ ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​​ ​នៅ​ចំណុច​ភូមី​សុភី​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥៦ ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ស្រុក​ថ្មពួក។

បុរស ​ដែល​សម្បូរ​លុយ​ទិញ​ផ្ទះថ្ម​ទៅ​វាយចោល​នោះ​មាន​ឈ្មោះ​​​ហួត​ គង់​​ ជា​អាជីវករ​​​រស់នៅ​ក្នុង​ខេត្ត​ខាង​លើ​​​ បាន​រៀបរាប់​ថា​ លោក​បាន​ចំណាយ​លុយ​ចំនួន​១០​​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ​ថ្ម​ពិត​ប្រាកដ​មែន ​ក្នុង​គោល​បំណង​​​​​ធ្វើជា​គំរូ​ដល់​អ្នក​ដទៃ​ កុំ​ឲ្យ​​​នាំគ្នា​ធ្វើ​ផ្ទះ​នៅ​លើ​ផ្លូវ​សាធារណៈ​តទៅទៀត។

លោក​ហួត​ គង់​ បាន​បន្ត​ទៀត​ថា ​លោក​មាន​បំណង​ចូលរួម​​អភិវឌ្ឍន៍​ផ្លូវ​ជាមួយ​អាជ្ញាធរ​ ចុះ​បើ​ម្នាក់ៗ​យក​ផ្លូវ​សាធារណៈ​ទៅ​ធ្វើ​កម្មសិទ្ធិ​អស់​ទៅ​ហើយ​នោះ​ តើ​អាជ្ញាធរ​លោក​កសាង​ផ្លូវ​បែប​ណា​ទៅ។ ការ​ពិត​ទៅ ​លោក​មាន​ដី​ធ្វើ​សំណង់​មួយ​ល្វែង​ធំ​រួច​ទៅ​ហើយ ​តែ​មាន​ផ្ទះ​ថ្ម​​ ​នៅ​ក្បែរ​ដី​ឡូត៍​របស់​មួយ​ខ្នង​ទៀត​ ​បាន​សង់​លើ​ផ្លូវ​សាធារណៈ ​ទើប​លោក​សម្រេច​ទិញ​ផ្ទះ​នោះ ​រួច​វាយចោល​ធ្វើជា​គំរូ​មុនគេ​ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​រៀបចំ​កសាង​ផ្លូវ​ឲ្យ​ល្អ​ជូន​ពលរដ្ឋ​ធ្វើ​ចរាចរ​ទៅ​មក​បាន​ស្រួល៕

បុរស​ម្នាក់​ទិញ​ផ្ទះ​ថ្ម​មួយ​ខ្នង​តម្លៃ​១០​ម៉ឺន​ដុល្លារ​ ​ដើម្បី​​​វាយ​កម្ទេច​​​ចោល​ ព្រោះ​សង់​លើ​ផ្លូវ​សាធារណៈ