លោក កែម ឡី មិន​ដែល​បាន​ប្រាក់​កម្រៃ​ពី​ការ​វិភាគ​ទេ និង​ពេល​ខ្លះ​គ្មាន​ទាំង​ទឹក​ទទួលទាន​ទៀត​ផង!

លោក កែម ឡី មិន​ដែល​បាន​ប្រាក់​កម្រៃ​ពី​ការ​វិភាគ​ទេ និង​ពេល​ខ្លះ​គ្មាន​ទាំង​ទឹក​ទទួលទាន​ទៀត​ផង!



យោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ​បានឱ្យ​ដឹង​ថា លោក​បណ្ឌិត កែម ឡី មែនទែន​ទៅ​ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម ប៉ុន្តែ​ជា​ទូទៅ​អ្នក​សារព័ត៌មាន​និយម​ឧទ្ទេសនាម លោក​ថា​ជា​អ្នកវិភាគ​នយោបាយ​និង​សង្គម ។

ចំណែក​សារព័ត៌មាន​ខ្លះ​ថែម​ទាំង​ហៅ​លោក​ថា ជា​អ្នកវិភាគ​ឯករាជ្យ​ទៀត​ផង ប៉ុន្តែ​សម្រាប់​លោក កែម ឡី ផ្ទាល់ លោក​មិន​ដែល​ចាត់​ទុក​ខ្លួនឯង​ថា ជា​អ្នកវិភាគ​ឯករាជ្យ​ទេ ។ លោក​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​វិភាគ​របស់​លោក​ផ្អែក​ទាំងស្រុង​លើ​ការ​ស្រាវជ្រាវ និង​ភ័ស្តុតាង​ដែល​រក​ឃើញ ហើយ​ពេល​ខ្លះ​លោក​ក៏​ប្រើ​អារម្មណ៍​វិភាគ​ដែរ ។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គ​តា​កុក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ បន្ទាប់​ពី​ឪពុក​ទទួលមរណភាព​នៅ​ជំនាន់ ប៉ុ​ល ពត លោក កែម ឡី និង​បងប្អូន​ពីរ​នាក់​ទៀត ត្រូវ​រស់នៅ​ជាមួយ​ម្តាយ​មេ​ម៉ាយ​ដែល​មានមុខរ​បរជា​អ្នកលក់​នំ​បញ្ចុក បាញ់ឆែវ និង​គ្រឿងទេស​បន្តិចបន្តួច ។

ថ្វី​ដ្បិត​លោក កែម ឡី ត្រូវ​រស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ ប៉ុន្តែ​នេះ​មិនមែន​ជា​ឧបសគ្គ​នៅ​ក្នុង​ជីវិត​សិក្សា​របស់​លោក​ទេ ។ លោក​បាន​តស៊ូ​រៀនសូត្រ ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា  ហើយ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ។ នៅ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន ប្រទេស​ថៃ លោក កែម ឡី បញ្ចប់​ការ​សិក្សា​ផ្នែក​ស្រាវជ្រាវ​សុខភាព​សាធារណៈ ។ ចំណែក​នៅ​សាកលវិទ្យាល័យ​ម៉ា​ឡៃ​យ៉ា ប្រទេស​ម៉ាឡេ​ស៊ី លោក​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ។

លោក​ធ្លាប់​បម្រើ​ការងារ​នៅ​ក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ធំ​ៗ​ដូច​ជា អង្គការ UNDP ជាដើម ។ ប៉ុន្តែ​ក្រោយមក លោក​សម្រេចចិត្ត​ងាក​មក​ប្រកបរ​បរជា​អ្នក​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០០៨​រហូត​មក​ដល់​បច្ចុប្បន្ន ។

ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក កែម ឡី ធ្វើ​ឡើង​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់ ពី​បញ្ហា​ដីធ្លី​សិទ្ធិ​លំនៅ​ឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ បរិស្ថាន អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​និង​នយោបាយ ។

ការ​ស្រាវជ្រាវ និង​ការ​វិភាគ​នយោបាយ​របស់​លោក កែម ឡី នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយ​ៗ​តែងតែ​ទទួល​បាន​មក​វិញ​នូវ​ការ​ច្រានចោល​ឬ​ចំអក ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រូប​នេះ​ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា ។

លោក កែម ឡី ថ្លែង​ថា លោក​មិន​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​វិភាគ​របស់​ខ្លួន​ទេ​។ ពេល​ខ្លះ​ស្ថាប័ន​ព័ត៌មាន​ខ្លះ អញ្ជើញលោក​ទៅ​សម្ភាសន៍​គ្មាន​ទាំង​ដាក់​ទឹក​ឱ្យ​ទទួលទាន​ទៀត​ផង ៕