ឮ​ថា​ទិញ iPhone 6/6 Plus ចុង​ស្តុក ច្រើន​មាន​បញ្ហា?

ហាង​លក់​ទូរសព្ទ​ល្បី​មួយ​ក្នុង​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា​ទូរសព្ទ iPhone 6/6 Plus ចុង​ស្តុក​មួយ​ចំនួន​​ដែល​ដាក់​លក់​អាច​មាន​បញ្ហា​ម៉ាស៊ីន ក្រោយ​ទិញ​ប្រើ។

 

ឮ​ថា​ទិញ iPhone 6/6 Plus ចុង​ស្តុក ច្រើន​មាន​បញ្ហា?

 

ដំណឹង​នេះ ខ្ញុំ (ក្រុម​ការងារ Sabay) ដឹង​ចេញ​ពី​មាត់​បុគ្គលិក​ហាង​លក់​ទូរសព្ទ​ល្បី​នៅ​ម្តុំ​គិរីរម្យ ដែល​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ នៅ​ពេល​ខ្ញុំ​រក​ទិញ​ទូរសព្ទ iPhone 6 ថ្មី​នៅ​ហាង​នោះ ព្រោះ​ឃើញ​តម្លៃ​រាង​ធូរ​ថ្លៃ។

 

សម្ដី​បុគ្គលិក​ហាង៖ “បង​ ហាង​ញុំ (ខ្ញុំ) ហ៊ាន​និយាយ​ប្រាប់​បង គឺ​ហាង​ញុំ​មាន​ទំនួល​ខុស​ត្រូវ ហើយ​នឹង​ធានា​លើ​ការ​ជួសជុល​ផ្នែក​ម៉ាស៊ីន​មួយ​ចំនួន​ជូន​បង​រយៈ​ពេល​ម៉ា​ឆ្នាំ គ្រាន់​តែ​បង់​ថ្លៃ​តិច​តួច​ប៉ុណ្ណោះ។ បើ​បង​ទិញ (iPhone 6/6 Plus) នៅ​ហាង​ផ្សេង គេ​អត់​ប្រាប់​បង​ត្រង់​អ៊ីចឹង​ទេ”។

 

ខ្ញុំ​ឮ​អ៊ីចឹង​ក៏​ដក​ថយ មិន​ទាន់​ហ៊ាន​វិនិច្ឆ័យ​យ៉ាង​ណា​ទេ។ ដោយ​មិន​អស់​ចិត្ត​ក៏​ទៅ​រក​ទិញ នៅ​ហាង​ផ្សេង ហើយ​ក៏​សួរ​អំពី​បញ្ហា​ចុង​ស្តុក​នេះ អ៊ីចឹង​មែន​អត់ តែ​មិន​បាន​ចម្លើយ​ដូច​ហាង​ខាង​លើ​ទេ។ ទី​បំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ iPhone 6 (64GB) តម្លៃ​ខ្ទង់ ៥៩០ ដុល្លារ​ពី​ហាង​មួយ​កន្លែង​ទុក​ចិត្ត​នៅ​ភ្នំពេញ។

 

យ៉ាង​ណា ប្រិយមិត្ត​គួរ​ស្វែង​យល់​និង​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​មុន​ពេល​ហុច​លុយ​រយ​ដុល្លារ​ទៅ​អ្នក​លក់ ពេល​ទិញ iPhone 6/6 Plus មក​ប្រើ ព្រោះ​ឥឡូវ​សូម្បី​តែ iPhone មួយ​ទឹក​ល្មមៗ​ខ្លះ និង​គ្រឿង​បន្លាស់​កូពី ក៏​ត្រូវ​អ្នក​លក់​ទុច្ចរិត​មួយ​ចំនួន​តូច​ច្រក​ដាក់​ប្រអប់​លក់​ធ្វើ​ដូច​ថ្មី​អ៊ីចឹង៕

 

ចំពោះ​ប្រិយមិត្ត​ទិញ​ទូរសព្ទ iPhone 6/6 Plus ថ្មីៗ​ធ្លាប់​មាន​បញ្ហា​អី​ដែរ​ទេ?

 

អត្ថបទ៖ ប៉ែត ផាន់និត