លោក​យាយ​ចំណាស់​ម្នាក់​វង្វេង​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី​២​ស្លាប់

លោក​យាយ​ចំណាស់​ម្នាក់​វង្វេង​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី​២​ស្លាប់



ភ្នំពេញ ​៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង បន្ទាប់ពី​គេ​ប្រទះឃើញ​លោកយាយ​ចំណាស់​ម្នាក់​បាន​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី​២​បណ្ដាល​ឲ្យ​ស្លាប់​​​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​លេខ​៧៦E2Z​ ភូមិ​២​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ​យ៉ែម ថុល អាយុ​៧៦​ឆ្នាំ ​ជា​ចាស់ជរា​ស្នាក់នៅ​ផ្ទះ​កើតហេតុ ​បាន​បែក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​ទុយ សុភាព ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​ត្រូវជា​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ម្ដាយ​របស់​គាត់​ជា​ចាស់ជរា​ឧស្សាហ៍​ភ្លេចភ្លាំង​វង្វេងវង្វាន់​ និង​ច្រើន​ដេក​នៅ​យ៉​មុខ​ផ្ទះ លុះដល់​វេលា​កើតហេតុ​ស្រាប់​តែ​មាន​គេ​ប្រាប់​ថា​ម្ដាយ​របស់​គាត់​ធ្លាក់​ពី​លើ​ផ្ទះ​គាត់​ជាន់​ទី​២។ ពេលនោះ​គាត់​ក៏​ប្រញាប់​រត់​ចុះ​មក​មើល ​ស្រាប់តែ​ឃើញ​ម្ដាយ​គាត់​ស្លាប់​បាត់​ទៅ​ហើយ។

បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​មនុស្ស​ស្លាប់​រួម​មក​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​កោសល្យវិច័យ​ ចុះ​មក​ពិនិត្យ​ ធ្វើ​កោសល្យវិច័យ​ឃើញ​ថា​ លោក​យាយ​ចំណាស់​រូប​នោះ​​ពិត​ជា​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី​២​ ស្លាប់​ពិតប្រាកដ​មែន។

បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ក្នុង​ខណ្ឌ​មានជ័យ៕