​ឃាតករ​ប្រាប់​ថា ខ្លួន​ឈ្មោះ ទិ​ត្យ សំ​អុល រហស្សនាម ជួប សម្លាប់

​ឃាតករ​ប្រាប់​ថា ខ្លួន​ឈ្មោះ ទិ​ត្យ សំ​អុល រហស្សនាម ជួប សម្លាប់



ក្រោយ​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល នូវ​ការ​បាញ់ប្រហារ​នេះ​រួច​ហើយ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ក៏​បាន​ចុះ​មក​ដល់ ក៏​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​នាំ​គ្នា​ចង្អុលបង្ហាញ​ពី​ភិនភាគ​របស់​ឃាតករ​ដៃដល់ និង​មានការ​សហការ​គ្នា​នោះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​សហការ​ដេញ​តាម រហូត​ទៅ​ដល់​មុខ​វត្ត​ស្វាយ​ពពែ ដោយ​ថ្មើរជើង​បាន​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​នោះ ទើប​ចាប់ខ្លួន​បាន និង​ដកហូត​បាន​អាវុធ​ខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ​មួយ​ដើម​ផង​ដែរ ។

ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួច​ហើយ ដោយសារ​ទប់​នឹង​កំហឹង​មិន​បាន​ជន​ជា​ឃាតករ​នោះ​ក៏​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​នាំ​គ្នា​ហក់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ផង​ដែរ និង​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ភា្ល​ម​ៗ ។

ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន​បុរស​ជា​ខ្មាន់​កា​ភ្លើង​រូប​នោះ ទៅ​ធ្វើការ​សាកសួរ​ជា​ជំហាន​ដំបូង​នោះ ជន​នេះ​បាន​សារភាព​ថា ខ្លួន​ឈ្មោះ ទិ​ត្យ សំ​អុល រហស្សនាម ជួប សម្លាប់ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ព្រៃធំ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

ក្នុង​ការ​សារភាព​ជំហាន​ដំបូង​នេះ ត្រូវ​បាន​បុរស​ជា​ជន​ដៃដល់​បាន​រៀបរាប់​ប្រាប់​ថា បានជា​ខ្លួន​បាញ់​សម្លាប់​នេះ ដោយសារ​តែ​កាលពី​ជាង​១​ឆ្នាំ​មុន ខណៈ​ពេល​ដែល​ខ្លួន​កំពុង​រកស៊ី និង​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​នោះ ខ្លួន​បាន​ផ្តល់​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ ដោយ​ឱ្យ​លោក​យក​ទៅ​ជួយ​អ្នកក្រ ប៉ុន្តែ​ប្រាក់​នោះ បែរជា​លោក​មិន​បាន​ធ្វើ​ដូច​ការ​និយាយ​ឡើយ​។

ក្រោយ​ពី​បានដឹង​ថា លោក កែម ឡី បាន​យក​ប្រាក់​ពី​ខ្លួន​ហើយ មិន​បាន​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ រូប​គាត់​ក៏​បាន​ទាមទារ​ប្រាក់​ទាំងនោះ​យក​មក​វិញ តែ​លោក​មិន​បាន​សង​ប្រាក់​វិញ​ទេ ។ ដោយ​មាន​កំហឹង ខ្លួន​បាន​ស្វែងរក​ចំនួន​ពី​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ទើបបាន​ជួប​ក៏​បាញ់ប្រហារ​តែ​ម្តង ។ ក្រោយ​ពេល​ដែល​ធ្វើការ​សួរ​ចម្លើយ​បុរស​ជា​ឃាតករ​បាន​បន្តិច​រួច​មក បុរស​ជា​ខ្មាន់កាំភ្លើង​រូប​នោះ​ក៏​ត្រូវ​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បន្ត​ទៅ​ទៀត ៕