ស្ត្រី​អ្នកបម្រើ​ការ​ក្នុង​ស្តារ​ម៉ាត​បំភ្លឺ​ជុំវិញ​ការ​បាញ់ប្រហារ​របស់​ឃាតករ

ស្ត្រី​អ្នកបម្រើ​ការ​ក្នុង​ស្តារ​ម៉ាត​បំភ្លឺ​ជុំវិញ​ការ​បាញ់ប្រហារ​របស់​ឃាតករ



លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ​ម្នាក់ ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់​តាម​រយៈ​ការ​ផ្សាយ​តាម​វិទ្យុ​ដែល​ផ្សាយ​ជា​ ខេមរភាសា និង​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់តែ​សុំ​សម្ភាស​លោក​តាម​ទូរស័ព្ទ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា ត្រូវ​បាន​ខ្មាន់កាំភ្លើង​ម្នាក់​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ច្រើន​គ្រាប់ ខ្លះ​ថា​២​គ្រាប់​ខ្លះ​ថា​៣​គ្រាប់​ទៅ​លើ​រូប​លោក និង​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ​នៅ​ក្នុង​ថ្លុកឈាម​យ៉ា​ង​អាណោច​អាធ័ម នៅ​ពេល​ដែល​រូប​លោក​កំពុង​តែ​អង្គុយ​ពិសា​កាហ្វេ​នៅ​ក្នុង​ស្តារ​ម៉ាត (Star mart) បូកគោ ។ ចំណែក​ឃាតករ​ក៏​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន និង​ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​អ្នកបម្រើ​ការ​ក្នុង​ស្តារ​ម៉ាត​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​មក​រក​ទិញ​ទំនិញ និង​កាហ្វេ​ក្នុង​ហាង​នោះ ក៏​ស្រាប់តែ​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផូង​ៗ​ផ្ទុះ​ឡើង ភ្លាម​នោះ​ក៏​ស្រាប់តែ​បានឃើញ​បុរស​ម្នាក់​ដែល​មាន​មាឌធំ​ក្នុង​សម្លៀក​ បំពាក់​កីឡា​បាន​ដួល​ធ្លាក់​មក​លើ​ឥដ្ឋ ដោយ​មាន​ឈាម​ហូរ​ស្រោច​ពេញ​ឥដ្ឋការ៉ូ ។ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង ទាំង​អ្នក​មក​ទិញ​ទំនិញ កាហ្វេ និង​បុគ្គលិក​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ និង​រត់​ចេញ​មក​ក្រៅ​ហាង​អស់​គ្មាន​សល់ ដោយ​ទាំង​ភ្ញៀវ​មួយ​ចំនួន​ធំ​មិន​ទាន់​នឹង​បាន​គិតលុយ​ផង ។

តាមប្រភព​ព័ត៌មាន​ពី​ស្ត្រី​អ្នកបម្រើ​ការ​ក្នុង​ស្តារ​ម៉ាត​ ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​បាញ់ប្រហារ​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ហាង​នេះ​ដែរ គេ​មិន​បានឃើញ ឬ​មានការ​ឈ្លោះប្រកែក​គ្នា​អ្វី​ឡើយ គឺ​សុខ​ៗ​ ក៏​ស្រាប់តែ​កើត​មានការ​បាញ់ប្រហារ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ ភ្លាម​នោះ​គេ​មិន​បានដឹង​ថា អ្នក​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នោះ ជា​លោក​បណ្ឌិត កែម ឡី នោះ​ទេ ៕