មានការ​រិះគន់ថា​មន្ត្រី​បរិស្ថាន ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៦ មាន​ឈ្មួញ​មួយក្រុម​បាន​ប្រើប្រាស់​គោយន្ត​កែច្នៃ​២​គ្រឿង​ធ្វើ​សកម្មភាព​កាប់​ឈើ​សុ​ក្រំ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ភូមិ​កេ​ន​ស៊ូ​ស ភូមិ​ខ្វែង និង​ភូមិ​ដរ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនល្មើស​បាន​បើក​គោយន្ត​ចូលដល់​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ សកម្មជន​ព្រៃឈើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ជនល្មើស​ដែល​លួច​ចូល​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​ក្រុម​ដែលមាន​មុខ​ដដែល​ពួកគេ​មិន​ញញើត​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទាល់តែសោះ​។

តាម​ការអះអាង​របស់​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា​ប្រហែល​មានការ​បើកដៃ​ពី​មន្ត្រី​បរិស្ថាន ដែលមាន​តួនាទី​ការពារ​ដែនជម្រកសត្វព្រៃ​លំផាត់ ទើប​ក្រុម​ជនល្មើស​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​នោះទេ​។ លោក ជួន សុភ័ក្ត្រ ប្រធាន​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​លំផាត់ និង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ត្រូវបាន​គេ​សង្ស័យថា ជាប់ទាក់ទង​ផលប្រយោជន៍​រឿង​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ដែនជម្រកសត្វព្រៃ​លំផាត់​ទាល់តែសោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ រួចហើយ​ពួកគេ​ដឹកជញ្ជូន​មក​លាក់ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​៧២ ម៉ែន សារុន រង់ចាំ​ឱកាសល្អ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​លេខ​៧០៥​អូរ​ថ្ម​តែម្តង​។ ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​លំផាត់ ចូល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​៧២ ម៉ែន សារុន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថ​កិច្ចការពារ​ព្រំដែន​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តរតនគិរី គិតតែ​រឿង​ប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ​៕

1458872577លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន sqw-1sqw-2 sqw-3 sqw-4