​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​តម្លៃ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​បានបញ្ជាក់​ពី​តម្លៃ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបញ្ជាក់​នេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ដឹកនាំ​មូលដ្ឋាន ឃុំ​-​សង្កាត់ និង​ស្រុក ក្នុង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ង្គ្រោះ​ជាតិ ខេត្តបាត់ដំបង​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការចូលរួម​គាំទ្រ​របស់​ប្រជាពលរដ្ឋ ការចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​រៀបចំ​គោលការណ៍ ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ ត្រូវការ​ចាំបាច់​ពី​ថ្នាក់ដឹកនាំ​គ្រប់រូប នូវ​គុណធម៌ ទឹកចិត្ត​ទូលំទូលាយ គ្មាន​ជម្ងឺ​តួឯក មាន​គោលការណ៍ ផែនការ សកម្មភាព​ជាក់លាក់ ដើម្បី​បុព្វហេតុ និង​ផលប្រយោជន៍​រួម ពោលគឺ​ដើម្បី​សង្គមជាតិ​យើង​។​

នៅ​ចំពោះមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ដឹកនាំ​ជា​ក្រុម​ពិគ្រោះ​យោបល់ ពិភាក្សា​វែកញែក​ដោយ​ក្តី​គោរព និង​ផ្តល់​តម្លៃ​ដល់​គ្នា​ទៅវិញទៅមក តាម​តួនាទី​ភារកិច្ច គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ឈានទៅរក​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ​មួយ​ប្រកបដោយ​តម្លាភាព សុចរិត​ភាព និង​គណនេយ្យភាព ដោយ​គ្មាន​ការប្រមាថ ញុះញង់​បំបែកបំបាក់ ដើម្បី​មហិច្ឆតា​របស់ខ្លួន​។​

គួរ​បញ្ជាក់ថា បើ​ទោះ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​ក្នុង​កម្រិត​ណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ចុះ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ដដែល​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គ្រប់​កាលៈទេសៈ​នោះ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី និង​ភាព​វិជ្ជមាន​នៅ​កម្ពុជា​៕

​    ​13627049_1164292793634184_271112634911521875_n 13654170_1164292796967517_392048462653385430_n