ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

រាជធានីភ្នំពេញ ​៖ ក្រុមគ្រួសារសពស្រ្តីចំណាស់ម្នាក់​បានទៅរើសធាតុ(ឆ្អឹង)​ ក្រោយបូជារួច​ ប៉ុន្តែត្រូវបានអាចារ្យ ​មិន​អនុញ្ញាត​ឲ្យរើស​ ដោយសំអាងថា​ក្រុមគ្រួសារសពបង់លុយថ្លៃ​មឈូស មេក្រូ​និង​ថ្លៃ​បូជាសពមិនគ្រប់ ។

ហេតុការណ៍នេះ​បានកើតឡើងនៅព្រឹកថ្ងៃទី១១​ កក្កដា ២០១៦​ នៅក្នុងវត្តគោកបញ្ជាន់ ​ស្ថិតក្នុងភូមិ-​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​-​សែនជ័យ ។

បើតាមសមាជិកក្រុមគ្រួសារ​ក្រីក្រខាងលើបានឲ្យដឹងថា ​មុនពេលកើតហេតុ ​ស្រ្តីឈ្មោះ ឃឹម ជិញ ​អាយុ៥៥ឆ្នាំ ​ខ្មែរកម្ពុជាក្រោម រស់នៅក្នុងភូមិថ្មគោល​ សង្កាត់ចោមចៅ ​បានស្លាប់ដោយជំងឺលើសឈាម​ និងត្រូវបានប្តីឈ្មោះ ​ចាន់ មុនី្ន ​អាយុ៥៤ឆ្នាំ និងកូន​ស្រីឈ្មោះ​ ចាន់ ម៉ៃ ​អាយុ១៨ឆ្នាំ ​មានកូន៣នាក់គិតទំាងកូននៅក្នុងផ្ទៃ​ ប្តីឈ្មោះ ហង្ស បូរី ​អាយុ២៨ឆ្នាំ ​ជាកម្មករសំណង់​បាន​យក​មកតម្កល់ធ្វើបុណ្យ​​តាមប្រពៃណី​នៅ​ក្នុងវត្តគោកបញ្ជាន់ ​និងបានបូជានៅល្ងាចថ្ងៃទី១០ ​កក្កដា ២០១៦​ ហើយនៅព្រឹកថ្ងៃទី១១ កក្កដានេះ ​ក៍បានទៅរើសឆ្អឹង ​ប៉ុន្តែត្រូវបានអាចារ្យឈ្មោះលីន​ មិនអនុញ្ញាតឲ្យរើសដោយសារខ្លួន​ ​(គ្រួសារសព)​ខ្វះលុយ៣២​ម៉ឺន​រៀល ​ខណៈលុយត្រូវបង់ឲ្យ​អាចារ្យសរុបទំាងអស់​​៧៦ម៉ឺនរៀល ។

ក្រុមគ្រួសារសពដដែលបន្តថា ​ដោយសារលោកអាចា្យមិនអនុញ្ញាតឲ្យរើសឆ្អឹងម្តាយ ​និងប្រពន្ឋ ​ព្រោះតែខ្វះលុយ ​៣២ម៉ឺនរៀល ទើបដាច់ចិត្តយកម៉ូតូ​ទៅបញ្ចាំបានតែ៧០ដុល្លារ​នៅតែមិនគ្រប់ ​ទើបទៅសុំអន្តរាគមន៍​ពីអាជ្ញាធរខណ្ឌ។

ក្រោយរៀបរាប់ពីដំណើររឿងបា្រប់សមត្ថកិច្ចចប់ ​លោក យឹម សារ៉ាន់ ​អធិការនគរបាលខណ្ឌពោធិសែនជ័យ​​បានជួយឧបត្ថម្ភ​៨០​ម៉ឺនរៀល ​ដើម្បីគ្រួសារក្រីក្រខាងលើ​យកទៅបង្រ្គប់ដើម្បីបានរើសឆ្អឹង​និងទៅលោះម៉ូតូយកមកវិញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​ក្រៅពីជួយឧបត្ថម្ភ៨០ម៉ឺនរៀល លោកអធិការក៍បានសន្យាឧបត្ថម្ភថ្លៃ​កូនស្រីដែលមានផ្ទៃពោះ៨ខែ ​​សម្រាលកូន​នាពេលខាងមុខ​នោះថែមទៀត ៕