ឯកអគ្គរាជទូតអង់គ្លេស តក់ស្លុតចំពោះឃាតកម្មលើ កែម ឡី

ជាការបាត់បង់មួយដ៏ធំធេង សម្រាប់កម្ពុជា។ នេះជាពាក្យសំដីខ្លី តែមានន័យវែងរបស់លោក ប៊ីល ឡងហ័ស្ត៍ (Bill Longhurst) ឯកអគ្គរាជ​ទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំនៅកម្ពុជា នៅក្នុង​ប្រតិកម្ម​ភ្លាមៗ​មួយ ទៅនឹងដំណឹង​ឃាតកម្ម​បាញ់​សម្លាប់លោក កែម ឡី កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ។
ឯកអគ្គរាជទូតអង់គ្លេស តក់ស្លុតចំពោះឃាតកម្មលើ កែម ឡី

រូបខាងឆ្វេងបំផុត៖ លោក ប៊ីល ឡងហ័ស្ត៍ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា។ រូបខាងស្ដាំបំផុត៖ លោក កែម ឡី។ (រូបថតទ្វីសធើរ)

ឃាតកម្មបាញ់«ឆៅ»​សម្លាប់លោក កែម ឡី នៅកណ្ដាលដើមទ្រូង នៃរាជាណាចក្រកម្ពុជា បានបង្កឲ្យមាន​ប្រតិកម្ម​ធ្លាក់​ចុះមកជាបន្តបន្ទាប់។ ប្រសិនជាមានប្រតិកម្មខ្លាំងៗ ពីសំណាក់ពលរដ្ឋកម្ពុជាក្នុងស្រុក ដែល​ដូច​ជា​​មិន​បាន​រួញញ័រ នឹងទង្វើដ៏យង់ឃ្នង នៃខ្មាន់កាំភ្លើង និងគូកននោះ តែក៏មានដូចគ្នា នូវប្រតិកម្មពីសំណាក់​មន្ត្រី​​ការទូត​​បរទេស ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាដែរ។

ភ្លាមៗនៅក្រោយពេលកើតហេតុ ឯកអគ្គរាជទូត​នៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក ប៊ីល ឡងហ័ស្ត៍ (Bill Longhurst) បានសម្ដែងភាពតក់ស្លុត និងសោកស្ដាយ នៅពេលដែលលោកបានដឹង ពីដំណឹងដ៏​អកុសល​ខាង​លើនេះ។ លោកឯកអគ្គរាជទូតបានសរសេរ នៅក្នុងទំព័រទ្វីសធើរ​ (Twitter) របស់លោកថា៖ «តក់ស្លុត និង​សោកស្ដាយ បន្ទាប់​ពីបានដឹងថា អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់»។

ជាការបាត់បង់ដ៏ធំធេង សម្រាប់កម្ពុជា...

សម្រាប់លោក​ឯកអគ្គរាជទូតអង់គ្លេស បានយល់ថា មរណៈភាពរបស់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេង សម្រាប់កម្ពុជា។ លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលភាគ​ច្រើន​​ជា​​ការ​​រិះគន់​រដ្ឋាភិបាល​ ដោយ​មិនសំចៃមាត់ ត្រូវ​បានខ្មាន់កាំភ្លើងបាញ់ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅ​ក្នុង​ហាង «Star Mart» នៃស្ថានីយ៍​ប្រេងឥន្ទនៈ «Caltex» ស្ដុប​បូក​គោ នៅវេលាម៉ោងប្រមាណជា ០៩ ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា​ម្សិលម៉ិញ។

លោក ប៊ីល ឡងហ័ស្ដ៍ បានសរសេរបន្តថា៖ «សូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយនឹងគ្រួសារ​របស់​លោក កែម ឡី»។

សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការណ៍នោះ កងកម្លាំងអាជ្ញាធរ​បានចាប់បានជន​សង្ស័យម្នាក់ ដែល​បាន​សារភាព នៅពេលក្រោយមក ថាខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយហេតុលោក កែម ឡី ជំពាក់​ប្រាក់​ខ្លួន ៣០០០ដុល្លារ។ ប៉ុន្តែចម្លើយសារភាពនេះ ត្រូវបានក្រុមគ្រួសារលោក កែម ឡី ប្រតិកម្មច្រានចោល និង​បរិហារ​ឃាតកម្មនេះ ថាមានលក្ខណៈ«នយោបាយ»៕