ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ កក្កដា ២០១៦ ក្រុម «កុនខ្មែរកូនខ្មែរ» រួមសហការជាមួយទីភ្នាក់ងាររេមីហ៊ូ (RHA) បានរៀបចំពិធីសម្ភោធ មហោស្រពភាពយន្តខ្លី ចតុមុខ (CSFF) ឆ្នាំ២០១៦ សម្រាប់អ្នកព័ត៌មាន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ពីម៉ោង១០ព្រឹក ដល់១២ថ្ងៃត្រង់ នៅសណ្ឋាគារមីតូ។

វាគ្មិនចំនួន៧រូប ដែលមកពីផ្នែកផ្សេងៗគ្នាក្នុងវិស័យភាពយន្ត ត្រូវបានអញ្ជើញចូលរួមកម្មវិធីនេះ៖
លោក ស៊ំុ សីុថែន ទីប្រឹក្សាទូទៅ របស់ក្រុម«កុនខ្មែរកូនខ្មែរ» (ក្រុមសហរៀបចំ)
លោក ហ៊ូ រេមី ស្ថាបនិក RHA (ក្រុមសហរៀបចំ)
លោក សៀង ម៉េង អនុប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា អង្គការវីនរ៉ក់អន្តរជាតិ (ដៃគូធំ)
កញ្ញា មាន សុនីតា អគ្គរាជទូតសុឆន្ទៈរបស់ USAID សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សនៅកម្ពុជា អង្គការវីនរ៉ក់អន្តរជាតិ (ដៃគូធំ)
លោក ម៉ា ចន្ទបញ្ញា តំណាងសិល្បករតន្រ្តីបទថ្មី (អ្នកគាំទ្រ)
កញ្ញា ឌី សូនីតា តារាសម្តែង និងតំណាងគណៈមេប្រយោគ (មេប្រយោគ)
លោក សិុន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (តំណាងរាជរដ្ឋាភិបាល)
រួមជាមួយវត្តមានពិសេសរបស់លោក ជា សុខហីុ ជាប្រធានCSFF កាលពីឆ្នាំ២០១៤ ផងដែរ។

បន្ទាប់ទៅនេះ ជាចំណាប់អារម្មណ៍របស់ពួកគាត់រៀងៗខ្លួនទៅលើ មហោស្រពភាពយន្តខ្លីដំបូង និងផ្លូវការមួយនេះ ដែលមាននៅកម្ពុជា តាំងពីឆ្នាំ២០១២មក លោក ស៊ំុ សីុថែនបានមានប្រសាសន៍ថា៖ «CSFF ជាគម្រោងដ៏សំខាន់ប្រចាំឆ្នាំមួយ របស់ក្រុម «កុនខ្មែរកូនខ្មែរ» ជាក្រុមភាពយន្តដែល ប្រឹងប្រែងក្នុងការកសាងគ្រឹះសម្រាប់សមិទ្ធិករ ជំនាន់ថ្មីរបស់កម្ពុជា»។ លោកបានបន្ថែមថា៖ «យើងមានសំណាងជាខ្លាំងនៅឆ្នាំនេះ ដែល បានការឧបត្ថម្ភពី USAIDសម្រាប់មហោស្រពរបស់យើង ក្នុងនាមជាដៃគូធំ ដោយផ្តោតលើប្រធានបទ៖ អំពើជួញដូរមនុស្ស និង ចំណាកស្រុក។»

លោក ហ៊ូ រេមីបានលើកឡើងថា៖ «វិស័យភាពយន្តនៅប្រទេសកម្ពុជាបានទទួលការចាប់អារម្មណ៍ជាពិសេស ថាមានការលូតលាស់ ដោយសារការផលិតរឿង «ដំបូង គេសម្លាប់ឳពុកខ្ញំុ»របស់អ្នកនាង Angelina Jolie កាលពីឆ្នាំទៅស្រុកយើង។ ស្របគ្នានោះ CSFF ត្រូវបានបង្កើតឡើងដើម្បីរួម ចំណែកដល់ការលូតលាស់នោះ។ » លោកបានបន្ថែមថា៖ «មហោស្រពឆ្នាំនេះនឹងធ្វើការ ជាមួយសិល្បករ មកពីទម្រង់ផ្សេងៗ ឱ្យបានច្រើនតាមដែលទៅរួច ដូចដែលនិមិត្តរូបព្រះវិស្ណុតំណាងដូច្នោះដែរ។ ពេលមួយរដូវកាលរបស់CSFF ឆ្នាំ២០១៦ ផ្ទាល់នឹងមិនត្រឹមតែលើកបង្ហាញភាពយន្តខ្លីជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងនាំបណ្តាទស្សនិកជន និងភាគីពាក់ព័ន្ធចូលរួមជាមួយ សមិទ្ធិករយើង ក្នុងកម្មវិធីបណ្តុះបណ្តាល ផ្សារភ្ជាប់បណ្តាល ពិភាក្សា និងពិព័រណ៍ជំនួញ។» 

លោក សៀង ម៉េងបានថ្លែងថា៖ «វិធានការរបស់យើងក្នុងការទប់ស្កាត់ អំពើជួយដូរមនុស្ស នឹងមិនទទួលបានជោគជ័យទេ បើគ្មានការចូល រួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។» លោក បានបន្ថែមថា៖ «ភាពយន្តដែលផលិតក្នុង «គម្រោងភាពយន្តចតុមុខ» និងដាក់ចូលCSFF កាន់តែច្រើន មានខ្លឹមសារកាន់តែច្រើនដែលយើងអាចបញ្ច្រៀប ដើម្បីញ៉ាំុងឱ្យមហាជនយើង បានយល់ដឹងពីបញ្ហាសង្គម ដ៏ធំមួយនេះ នៅក្នុងសង្គមកម្ពុជា។»

កញ្ញា មាន សុនីតាបានមានប្រសាសន៍ថា៖ «នាងខ្ញំុមិនត្រឹមតែជាតារាសម្តែងទេ តែក៏ជាអតីតជនចំណាកស្រុកដែរ។ ខ្ញំុដឹងការរើចេញពី កន្លែងមួយទៅកន្លែងមួយមានអារម្មណ៍យ៉ាងដូចម្តេច។» កញ្ញាបានបន្ថែមថា៖ «ការឆ្លុះបញ្ចាំងរឿងបែបនេះតាមរយៈភាពយន្តខ្លី ក្នុងCSFF មុខជាពាំនាំសារដ៏សំខាន់ មួយនេះទៅដល់ទស្សនិកជនយើង ដែលត្រូវការមិនត្រឹមតែ ការកំសាន្តប៉ុណ្ណោះទេ តែក៏ត្រូវការការអប់រំស្តីពី គម្រោងបែបនេះដែរ។»

លោក ម៉ា ចន្ទបញ្ញា បានបង្ហើបថា៖ «ដូចដែលលោក រេមីបានលើកឡើងអីុចឹង ភាពយន្តរួមបញ្ចូលទម្រង់សិល្បៈផ្សេងទៀត រួមទាំង តន្រី្ត ផងដែរដែលជាជំនក់ចិត្តដ៏ធំមួយរបស់ខ្ញំុ។» លោកបានបន្ថែមថា៖ «សូម្បីតែភាពយន្តខ្លីក៏ត្រូវការតន្រ្តីដែរ ដើម្បីធ្វើឱ្យរឿងទាំងនេះកាន់តែ មានភាពទាក់ទាញ។ ហេតុដូចនេះបានជាខ្ញំុសង្ឃឹមថានឹងរួមចំណែកជំនាញតន្រ្តីរបស់ខ្ញំុ ដល់ភាពយន្តខ្លីដែលនឹងផលិតក្នុងក្របខណ្ឌCSFF ឆ្នាំនេះ។»

កញ្ញា ឌី សូនីតា បានថ្លែងថា៖ «នាងខ្ញំុបានខិតខំបានមកដល់សព្វថ្ងៃនេះ ក៏ដោយសារការប្រឡូករបស់នាងខ្ញំុទាំងក្នុងភាពយន្តខ្លី និង ភាពយន្តខ្នាតវែង ដូចជារឿងរបស់អ្នកនាងAngelina Jolie «ដំបូង គេសម្លាប់ឳពុកខ្ញំុ។» កញ្ញាបានបន្ថែមថា៖ «ដូច្នេះហើយ នាងខ្ញំូ យល់ថា ភាពយន្តខ្លីមានសារៈសំខាន់ សម្រាប់សមិទ្ធិករថ្មីថ្មោង ដើម្បីបញ្ចេញស្នាដៃរបស់ខ្លួន តាមរយៈមហោស្រពដូចជាCSFF នេះ។» 

ពិធីសម្ភោធនេះ បានបិទជាមួយចំណាប់អារម្មណ៍ ដែលរំលេចដោយលោក សិុន ចន្ទសាយ៉ា៖ «ទោះបីភាពយន្តក្នុងស្រុកយើងនៅមិនទាន់ ប្រៀបធៀបបាននឹងភាពយន្តបរទេសក៏ដោយ ក៏ខ្ញំុជំរុញឱ្យយុវសិមិទ្ធិករយើងឱ្យបន្តការផលិតឱ្យបានកាន់តែច្រើន និងកាន់តែល្អ ជាពិសេសតាមរយៈCSFF។ សម្រាប់លោកប្រធាន «វាជាប្រការសំខាន់ដែលក្រុម «កុនខ្មែរកូនខ្មែរ» និងRHA លើកយកបញ្ហាក្តៅគគុក ដូចជាអំពើជួញដូរមនុស្ស។ ហេតុនេះ ខ្ញំុសូមត្រឹមតែឱ្យការ ផលិតភាពយន្តខ្លីទាំងនោះឱ្យកៀកកិតនឹងតថភាពតាម ដែលអាចទៅរួច។»

បន្ទាប់ពីចំណាប់អារម្មណ៍ទាំងអស់នេះ សំណួរមួយចំនួនត្រូវបានសួរតម្រង់ ទៅវាគ្មិនដោយឡែកៗពីគ្នា ស្តីពីការរៀបរៀងCSFF និងចំណាប់ អារម្មណ៍លម្អិតរបស់ពួកគាត់។ ប្រព័ន្ធផ្សព្វផ្សាយមកពីជាង៣០ស្ថាប័ន បានដោះដូរការពិភាក្សារបស់ខ្លួន ជំុវិញអាជីពរបស់ខ្លួន ជាមួយ គណៈកម្មការរៀបចំរបស់យើង។ យើងនឹងបើកការទទួលពាក្យពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃទី៣១ខែសីហា តាមរយៈតំណ ។

កាលពីឆ្នាំមុន CSFF ទទួលបាន២០០រឿងមកពីកម្ពុជាផ្ទាល់ និងបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដែលមានការគាំទ្រពីស្ថាប័ន ជាង១០ មកពីវិស័យឯកជនផង និងសាធារណៈផង។ «មារ៉ាតុនជំុរំុភាពយន្ត» (នៅភ្នំពេញ) បានបណ្តុះបណ្តាលសិក្ខាកាមជាង៣០រូប ដែល ផលិតរឿង៦ ដែលមួយៗមានប្រវែង៥នាទីជាលទ្ធផលង។ «ដំណើកំសាន្តថតភាពយន្ត» (ទៅអារ៉ែង)វិញ ទទួលបានភាពយន្ត៣ ដែលមួយៗមានប្រវែង៥នាទី ធ្វើដោយសិក្ខាកាម១៥រូប។ ភាពយន្តខ្លីទាំងនេះក៏ត្រូវបានបញ្ចាំង និងប្រកួតក្នុងពេលបើកសម្ភាធCSFF ឆ្នាំ២០១៥ ទៅតាមក្របខណ្ឌប្រភេទរៀងៗខ្លួនដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន

ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន

ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន

ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន

ពិធីសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៦ សម្រាប់អ្នកសារព័ត៌មាន