នគរបាល​ឆ្មក់​ចូល​បង្ក្រាប​បន្ទប់​ជួល​មួយ​កន្លែង​ ឃាត់​មនុស្ស​ពីរ​នាក់​ និង ​ថ្នាំញៀន​៥​កញ្ចប់

នគរបាល​ឆ្មក់​ចូល​បង្ក្រាប​បន្ទប់​ជួល​មួយ​កន្លែង​ ឃាត់​មនុស្ស​ពីរ​នាក់​ និង ​ថ្នាំញៀន​៥​កញ្ចប់



ភ្នំពេញ ៖ មនុស្ស​ពីរ​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​បង្ក្រាប​ដល់​បន្ទប់​ជួល​មួយ​កន្លែង ​ដែល​មាន​លួចលាក់​ចែកចាយ​គ្រឿងញៀន​ និង ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ ព្រមទាំង​ថ្នាំញៀន​៥​កញ្ចប់​រួម​ទាំង​ឧបករណ៍​សម្រាប់​ជក់​ និង ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ជួល​លេខ​៤០៩​ជាន់​ទី​៣ ​ភូមិ​ព្រៃ​ល្វា ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ទី​១​មានឈ្មោះ មិន ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២៦ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ទី​២​ឈ្មោះ រិ​ន ឃីម ភេទ​ប្រុស ​អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល លេខ​៤០៩​ជាន់​ទី​៣ ភូមិ​ត្រពាំង​ល្វា សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ជនសង្ស័យ​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ មានការ​លួចលាក់​ជួញដូរ​គ្រឿងញៀន ​ហើយ​លោក​អធិការ​ង​បាន​ឲ្យ​កម្លាំង​ចុះ​ស៊ើប​អង្កេត​ នឹង​សហការ​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ដ​ និង​កម្លាំង​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​ចុះ​បង្ក្រាប​ភ្លាមៗ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​៥​កញ្ចប់​តូច​រួម​ទាំង​សម្ភារៈ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ព្រមទាំង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​ជាច្រើន​ផងដែរ។

បន្ទាប់មក​ជនសង្ស័យ​ទាំង​២​នាក់​ ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​សាកសួរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់៕