បើកឡាន​បត់​កៀរ​ និង ​កិន​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់​និង​ស្រាល​បី​នាក់

បើកឡាន​បត់​កៀរ​ និង ​កិន​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់​និង​ស្រាល​បី​នាក់



ភ្នំពេញ ៖ មនុស្ស​ចំនួន​បី​នាក់​បាន​រង​របួស​ធ្ងន់ ​និង ​ស្រាល​ព្រម​ៗ​គ្នា​ដោយសារ រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូវ័រ​មួយ​គ្រឿង​ បើក​បត់​ស្ដាំ​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​កៀរ​ និង ​កិន​ម៉ូតូ​រង​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​ ហើយ​រថយន្ដ​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​មកវិញ​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​យប់ ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ មុខ​ភូមិ​ក្បាលដំរី ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​ម៉ាក រ៉េ​ង​រ៉ូ​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-9699​ បើកបរ​ពីរ​ជើង​ទៅ​ត្បូង​បត់​ស្តាំ​ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម ​អត់​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​ រង​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​រ៉េង​រ៉ូ​វ័រ​ខាង​បើកបរ​ដោយ​ស្ថាន​ភាព​ស្រវឹង​ដែល​បើកបរ​ក្នុង​ទិសដៅ​ពីរ​ជើង​ទៅ​ត្បូង​ហើយ​បត់​ស្តាំ​ដោយ​បួង​ចង្កូត​មិនទាន់​ផុត​ចិញ្ចើម​ផ្លូវ​ផង​បាន​កៀរ​ម៉ូតូ​រងគ្រោះ​ ហើយ​កិន​ម៉ូតូ​ព្រមទាំង​មនុស្ស​បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ខាង​ស្តាំ​ម្នាក់ ​ហើយ​២​នាក់​ទៀត​រងរបួស​ស្រាល។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​រថយន្ត​បង្ក​ដោយ​ឃើញ​ជនរងគ្រោះ​រង​របួស​ធ្ងន់​បែបនេះ​បាន​បើក​រត់​បាន​ជាង​២​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ពេទ្យ​បង្អែក​ពោធិ៍ចិនតុង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕