យុវជន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉េអិម​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​២​កញ្ចប់ នៅ​សែន​សុខ

យុវជន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉េអិម​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​២​កញ្ចប់ នៅ​សែន​សុខ



ភ្នំ​ពេ​ញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​របស់​ខណ្ឌ​សែន​សុខ សហការ​ជាមួយ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ការ​លាក់​ទុក ​និង ​ចរាចរ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០០១៦ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​នៅ​ក្នុង​ប្រតិបត្តិ​ការឆែកឆេ​អាវុធជាតិផ្ទុះ​ពេលយប់​រួមគ្នា។

ក្រុម​យុវជន​ជាប់ចោទ​ទាំង​៤ នោះ​មានឈ្មោះ ទី១ នាថ មុនី​ងែ​ត អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី២ ណុ​ច សុផាត អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជនសង្ស័យ​ទាំង​២នាក់ ស្នាក់នៅ​ក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ។ ទី៣ សាត ទ្រី អាយុ​២០ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ។ ទី៤ តុង កែវ​កុសល់ អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត​សាលា​អាស៊ី​អឺរ៉ុប​ស្នាក់នៅ​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី។

លោក អនុសេនីយ៍ឯក សុខ ឧ​ត្ត​ម មេ​បញ្ជាការ​រង​កាង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍​ថា បុរស​ទាំង​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​ពួកគេ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា រក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ ចរាចរ​លាក់​ទុក​តាម​ខ្លួន​ដោយ​ខុសច្បាប់។

ជន​ទាំង​៤​នាក់​ រួម​ទាំង​វត្ថុ​តាង ថ្នាំញៀន​២​កញ្ចប់​ និង​ ម៉ូតូ​២​គ្រឿង​ទៀត​ របស់​ពួកគេ​ជិះ​ធ្វើ​សកម្ម​ភាព​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​រង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី ចាត់ការ​ស្រាវជ្រាវ​បន្ត​និង​បញ្ជូន​ទៅ​តុលាការ​៕