មន្ត្រី​កាំកុងត្រូល​ខេត្តបាត់ដំបង ព្យាយាម​បិទបាំង​រឿង​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​តាម​ច្រក​ភ្នំ​ដី

មួយរយៈ​ពេល​ចុង​ក្រោយនេះ​នៅ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឈ្មួញ​បាន​នាំចូល​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពុករលួយ ជាពិសេស​មន្ត្រី​កាំកុងត្រូល​។ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​សំពៅ​លូន បាន​លើកឡើងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​មេ​កាំកុងត្រូល​ខេត្តបាត់ដំបង​ទេនោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​នាំចូល​សាច់ជ្រូក សាច់មាន់ ត្រី និង​ចំណីអាហារ​ខូចគុណភាព​ជាច្រើន​ប្រភេទ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ហេតុនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​នៅ​ខេត្តបាត់ដំបង​ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ទាំង​គយ កាំកុងត្រូល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដូចខាងលើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​ដែលមាន​តួនាទី​ក្នុងការ​ពិនិត្យ​គុណភាព​ទំនិញ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​ឈ្មួញ​ខិលខូច​អាច​នាំ​សាច់ជ្រូក សាច់មាន់​ស្អុយ ប្រហិត និង​ត្រី ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​រាប់​តោន​ក្នុង​មួយថ្ងៃៗ​។ នៅពេលដែល​សារព័ត៌មាន​មួយចំនួន​ចុះ​ផ្សារ​ព័ត៌មាន​ទាំងនេះ ជា​សាធារណៈ​ស្រាប់តែ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ម្នាក់ ឈ្មោះ ប្រាថ្នា បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ទទឹងទិស​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ប្រសិនបើ​សមត្ថកិច្ច​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី មិន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​សាច់ជ្រូក សាច់មាន់ ឆ្អឹង​មាន់ ត្រី​ស្អុយ និង​ប្រហិត​ខូចគុណភាព​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន និង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ផងដែរ ទើប​ឈ្មួញ​ខិលខូច​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួងពាណិជ្ជកម្ម ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី និង​មន្ត្រី​កាំកុងត្រូល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ឡើយ​៕

3f9dd4b5-a299-46e7-b2c1-60c809a53a51 eceb80bb-5d8d-4c33-804f-813db0fb7555 1740b72c-30db-4860-8018-a9c4ae240c55f3887b90-ec07-4bc1-b8eb-301472393e06