បទល្មើស​នេសាទ​នៅ​ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្ដាល ល្វាឯម កៀនស្វាយ និង​លើកដែក កំពុង​កើតឡើង​យ៉ាង​រាលដាល​

​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ក្នុង​ខេត្តកណ្ដាល កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​មុខកំពូល ស្រុក​ខេត្តកណ្ដាល ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក កែ សា​វី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​កូនចៅ​នៅតាម​ស្រុក​ដូច​រៀបរាប់​ខាងលើ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​និង​ចាត់វិធានការ​ជាបន្ទាន់ ព្រោះ​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​ដូចខាងលើ​បាន​ឲ្យ​ដឹងថា មិនមែន​តែ​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ ដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គឺ​សូម្បីតែ​នៅក្នុង​ព្រែក នៅក្នុង​អូរ និង​ស្ទឹង ក៏មាន​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ឧបករណ៍​នេសាទ​ដែល​ក្រុម​ជនល្មើស​ប្រើប្រាស់​តាម​ស្ទឹង​បឹងបួ និង​ក្នុង​ទន្លេ​យ៉ាង​ពេញបន្ទុក​នោះ​មានដូចជា សៃយ៉ឺន ស្បៃ​មុង ឡុ​ក ណ​រ៉ាវ ឆា​រ៉ា​នាម យ៉ាង​កាវ លប​ជើងរាវ លប​បង្កង លប​ប្រើស​១០០ ទូក​ឆក់​ក្ដៅ ទូក​ឆក់​ត្រជាក់ និង​ដាយ​ចាប់​ត្រី​ប្រា​ម្សៅ​ជាដើម​។ នៅក្នុង​ស្រុក​ទាំង​៥​ខាងលើនេះ​បទល្មើស​កើតឡើង​កាន់តែច្រើន ហើយ​លោក កែ សា​វី មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​មន្ត្រីក្រោមឱវាទ មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​៥​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា​ពួកគាត់​តែងតែ​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​មួយចំនួន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​១ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដែល​នាំ​ត្រី​ចូល​ពី​ស្រុក​យួន​ផងដែរ​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា ឈ្មោះ អ៊ុន ប៉ូ​រ៉ា និង​ឈ្មោះ ម៉ែន វិបុល ដែល​ដឹកនាំ​ដោយ​ឈ្មោះ ម៉ាញ ពៅ មិនដែល​ទប់ស្កាត់​ករ​ណី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​នោះទេ គឺ​ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទាំងនោះ​យ៉ាង​ក្រអឺតក្រទម​ទៅវិញ​។ ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ក្នុងស្រុក​ទាំង​៥​ខាងលើ កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ហើយ​ក្រុម​ឈ្មួញ​នៅតែ​អាច​នាំចូល​ត្រី​ខុសច្បាប់​ពី​ប្រទេស​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ យ៉ាង​ពេញបន្ទុក​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​៕

jul1014 jul1011 jul1010 jul1012 jul1013​    ​