​ឈ្មួញ​កំពុងតែ​ដឹកឈើ​ទៅ​ប្រទេស​យួន​បាន​បំផ្លាញ​ផ្លូវ​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​

​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​រាយការណ៍​មក​ថា ផ្លូវជាតិ និង​ផ្លូវលំ​នានា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ចំការលើ ខេត្តកំពង់ចាម កំពុងតែ​រង​ការខូចខាត​កាន់តែខ្លាំង​ឡើងៗ​ដោយសារតែ​ក្រុម​ឈ្មួញ​ឈើ​ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​ខិលខូច​សម្រុក​ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពុជា​ពុំ​សូវ​មានគុណ​ភាព ហើយ​នៅមាន​ចំនួន​តិចតួច​មិនទាន់​សមស្រប​នឹង​តម្រូវការ​សេដ្ឋកិច្ចជាតិ​នោះ បែរជា​មានការ​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ដឹកឈើ ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​ទៅវិញ​។​

ជាក់ស្តែង​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ​បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន​មាន​រថយន្ត​ធុន​យក្ស​១​គ្រឿង​បាន​ដឹកឈើ​បាន​ជាប់ផុង​ដោយសារតែ​មេឃ​មាន​ភ្លៀង​ធ្លាក់ ។ ជាមួយ​នោះគេ​បានឃើញ​រថយន្ត​១​គ្រឿង​ទៀត​បានមក​ចងខ្សែ​កាប​អូសទាញ​តែ​ទាញ​មិន​រួច និង​បាន​យក​រថយន្ត​១​គ្រឿង​ផ្សេងទៀត​មក​ដា​ក់នៅ​ខាងក្រោយ​រថយន្ត​ដឹកឈើ​ដើម្បី​សាង​ឈើ​ចេញ​ឲ្យ​ស្រាល​រថយន្ត​។ ក្រោយមក​ក្រុម​ឈ្មួញ​បាន​ជម្លៀស​ឈើ និង​រថយន្ត​ចេញពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព​។​

កម្មករ​ដែល​កំពុងតែ​លើកដាក់​ផ្ទេរ​ឈើ​បាន​បង្ហើប​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ជា​ប្រភេទ​ឈើ​ជំនៀរ​ចេញពី​ក្រុមហ៊ុន​៩៩ ក្នុង​ខេត្តកំពង់ធំ​របស់​ស្ត្រី​ម្នាក់ តែ​គេ​មិនបាន​បង្ហើប​ប្រាប់​ដឹក​យកទៅ​ទីណា​ឡើយ​ដែល​ឈើ​ទាំងនោះ​មាន​ទាំង​ប្រភេទ​ឈើ​ប្រណីត និង​ប្រភេទ​ឈើ​ជន្លង់ម្រេច​ផងដែរ​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ​បាន​បញ្ជាក់ថា ឈើ​ភាគច្រើន​ត្រូវបាន​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​បន្ទាត់​ព្រំដែន ហើយក៏​មាន​ឈើ​របស់​មន្ត្រី​មានអំណាច​មួយចំនួន​នៅក្នុង​ខេត្តកំពង់ចាម​ដែរ​ដែល​ពួកគេ​យកមក​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម​លក់​ក្នុង​ក្រុង​កំពង់ចាម​។

លោក ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ និង​ក្រុមមន្ត្រី​ជំនាញ​គ្រប់គ្រង​ស្ថានីយ​ថ្លឹង​រថយន្ត​ត្រើង ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ដែលជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​ទាំងនោះ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ឈ្មួញ​ពួកគេ​គប្បី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មកពី​អង្គភាព​ផ្សេងទៀត ឬ​រុញ​បញ្ហា​ទៅ​ថ្នាក់លើ​ឲ្យ​ជួយ​ដោះស្រាយ​បន្ត ដើម្បី​បញ្ចប់​បញ្ហា​ចំពោះមុខ​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ផ្លូវថ្នល់​បន្ត​ខូចខាត​ដូច​សព្វថ្ងៃ​នោះទេ​៕​

2a1606f3-3d28-474c-bdc8-c008c4f43cd0 adf1077f-2c59-4c60-86af-fd87214e9b7d    ​