អា​មេ​រិ​ក​កំពុង​តាមដាន​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​ប្រកាស​ថា ខ្លួន​មានការ​រន្ធត់ និង​បារម្ភ​ចំពោះ​ព័ត៌មាន​ពី​ការ​បាញ់​សម្លាប់​ដ៏​រន្ធត់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​មិន​លំអៀង​។ នេះ​បើ​យោង​តាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ការិយាល័យ​អ្នកនាំពាក្យ​សេចក្តីថ្លែងការណ៍​របស់​លោក JOHN KIRBY អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ថ្ងែ​ទី​១០ កក្កដា ២០១៦ ។

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​លើក​ឡើង​ការ​បាញ់​សម្លាប់​អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា លោក​បណ្ឌិត កែម ឡី ។ យើង​មានការ​រន្ធត់ និង​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ស្តី​ពី​ការ​បាញ់​សម្លាប់​ដ៏​រន្ធត់​លើ​អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា លោក​បណ្ឌិត កែម ឡី ។ យើង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​ស្មោះស្ម័គ្រ​ដល់​ក្រុម​គ្រួសារ មិត្តភក្តិ និង​សហការី​របស់​លោក​បណ្ឌិត កែម ឡី​។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លើក​ឡើង​ថា យើង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នៅ​ក្នុង​ករណី​នេះ និង​បាន​កត់សម្គាល់​ផង​ដែរ ពី​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មានការ​ស៊ើប​អ​ង្គេ​ត និង​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ករណី​នេះ ដោយ​ហ្មត់ចត់ និង​មិន​លំអៀង​។