ដោយសារ​បទចម្រៀង​ ទើបដឹងហើយ​​​ផ្អើលតែម្តង​​! ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ បាន​ប្រទះ​ឃើញ​​បុរស​​​ម្នាក់​ស្លាប់​​នៅ​ក្នុងផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ២០១៦ នេះ ស្ថិត​​​ក្នុង​បុរី​សន្តិភាព​២ ផ្ទះ​លេខ​៤៩០​Eo, ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​​ឈ្មោះ​ប៉ែន ថៃ​លា អាយុ​៥៩​ឆ្នាំ ជា​អ្នក​​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូន តែ​មិន​បាន​នៅផ្ទះ​ទេនៅថ្ងៃកើតហេតុ ។

ប្រភព​បន្ត​ថា គ្មាន​​អ្នក​ណា​ម្នាក់​ដឹង​​បុរស​ខាងលើ​ស្លាប់​តាំងពី​ពេល​នោះ​​ទេ ។ តែបើ​តាម​​ប្រភព​ពី​អ្នក​ភូមិ​ថា កាលពី​ក្បាល​​ល្ងាច​ថ្ងៃ​ទី​១០ កក្កដា ម្សិលមិញ អ្នក​ជិតខាង​បានឮ​សំឡេង​ចាក់​ចម្រៀង​ឡើង​កងរំពង​ ចេញពី​ក្នុងផ្ទះ​ជន​រង​គ្រោះ​​រហូត តែពួ​ក​គាត់​​ក៏​​មិន​បាន​ចាប់អារម្មណ៍​នោះ​​ដែរ ។ លុះ​នៅ​វេលា​ប្រហែល​១២​អធ្រាត្រឈាន​ចូលថ្ងៃទី១១ អ្នក​ជិតខាង ​​ក៏​​បាន​​សំឡេង​ប្រាវ​​ដូច​ធ្លាក់​របស់​ធ្ងន់​ពីលើមក ពេល​នោះ​ ក៏​មាន​អ្នក​ចេញ​មក​មើល​ដែរ តែ​មិនឃើញ​អ្វី​ក៏​នាំ​គ្នា​ចូល​ផ្ទះ​អស់​ទៅ ។

លុះដល់​ព្រឹក​​កើតហេតុ អ្នក​ភូមិ​នៅ​តែ​ឮ​សំឡេង​ចាក់​ចម្រៀង​ចេញពី​ក្នុងផ្ទះ​នោះ​​ទៀត ក៏​នាំ​គ្នា​ឆ្ងល់​ ហេតុ​អ្វី​ម្ចាស់ផ្ទះ​មិន​ព្រម​បិទ​អ៊ីចឹង? ។ រហូត​សង្ស័យ ក៏​នាំ​គ្នា​គាស់​សោ​ទ្វារផ្ទះ​​ចូល​​ទៅ​ក្នុងមើលទើប​ដឹង​ថា ការ​ពិត​ម្ចាស់ផ្ទះ (​ជន​រង​គ្រោះ​) បាន​ស្លាប់​ទៅ​ហើយ ​ក្នុង​ស្ថានភាព​ដូច​​ធ្លាក់​ពីលើ​ដំបូល​មក ជិត​ជណ្តើរ​ឡើង​ទៅ​លើ​ឡៅ ទើបបង្កភ្ញាក់​ផ្អើលតែម្តង ។