សិង្ហបុរី និងវៀតណាម សុទ្ធតែឈ្នះ ឯក្រុមឡាវ បារម្ភពេលជួបម្ចាស់ផ្ទះកម្ពុជា ល្ងាចនេះ

ក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម១៦ឆ្នាំ និងក្រុមU16ជម្រើសជាតិវៀតណាម សុទ្ធតែទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាកប្រចាំពូលAនៃពានរង្វាន់ AFF U16 Championship 2016 កាលពីម្សិលមិញ ខណៈU16អូស្រ្តាលី និង U16មីយ៉ាន់ម៉ា បានចែកគ្នាម្នាក់១ពិន្ទុ។ ចំណែកក្រុមU16ជម្រើសជាតិឡាវ ហាក់មានការបារម្ភចំពោះការជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅល្ងាចថ្ងៃចន្ទនេះ។

mm1

សម្រាប់ការប្រកួតបើកឆាក នៅលើទីលានផ្សេងគ្នា កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុមធ្លាប់ខ្លាំង កាលពីរដូវកាលមុន គឺU16ជម្រើសជាតិអូស្រ្តាលី បានត្រឹមស្មើ ១-១ ជាមួយក្រុមU16មីយ៉ាន់ម៉ា នៅស្តាតចាស់ ខណៈជំនួបកាលពីឆ្នាំ២០១៥ ក្រុមអូស្រ្តាលី បានលត់មីយ៉ាន់ម៉ា រហូតដល់ ៤-០ ឯណោះ។

mm2

ចំណែកក្រុមសិង្ហបុរី នៅតែអាចបន្តភាពខ្លាំងរបស់ខ្លួន ដោយពួកគេបានបន្តយកឈ្នះក្រុមU16ហ្វីលីពីន ៣-១ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែក្រុមម៉ាឡេស៊ី ត្រូវបានក្រុមវៀតណាម លត់ក្នុងលទ្ធផល ៣-០ កាលពីយប់ម្សិលមិញនោះដែរ ហើយលទ្ធផលនេះបានរុញឲ្យក្រុមម៉ាឡេស៊ី ទៅ ឈរនៅបាតតារាងប្រចាំពូលA ជាបណ្តោះអាសន្ន ខណៈក្រុមវៀតណាម ឈរនៅកំពូលតារាង ដោយមាន៣ពិន្ទុស្មើជាមួយក្រុមសិង្ហបុរី។

mm3

ដោយឡែក នៅថ្ងៃចន្ទនេះ គឺជាការប្រកួតបើកឆាករវាងក្រុមឈរនៅពូលB ដោយក្នុងនោះក្រុមU16ប្រ៊ុយណេ និងក្រុមU16ទីម័រខាងកើត ដែលធ្លាប់ស្មើគ្នា ២-២ កាលពីឆ្នាំ២០១៥នោះ ត្រូវវិលមកជួបគ្នានៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃចន្ទនេះ គឺមុនពេលការប្រឈមមុខដាក់គ្នារវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមU16ឡាវ ដែលធ្វើឡើងចាប់ពីល្ងាចម៉ោង៦:៣០ តទៅ។

mm4

បើទោះបីជា ក្រុមឡាវ ធ្លាប់បានបង្ហាញភាពខ្លាំង កាលពីឆ្នាំ២០១៥ តាមរយៈការយកឈ្នះក្រុមU16ថៃ ១-០ ឈ្នះទីម័រខាងកើត ៣-២ ស្មើ ២-២ ជាមួយក្រុមវៀតណាម ព្រមទាំងបានឈ្នះក្រុមម៉ាឡេស៊ី និងប្រ៊ុយណេ ២-០ ដូចគ្នា ដើម្បីទទួលបានលេខ១ ប្រចាំពូលA មុនពេលពួកគេបានចាញ់ក្រុមលេខ២ពូលBមីយ៉ាន់ម៉ា ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់ក្រុមអូស្រ្តាលី ១០-២ ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣ ព្រមទាំងធ្លាប់ទទួលបានលេខ២ចំនួន៣លើក បានលេខ៣ចំនួន២លើក និងបានលេខ៤ចំនួន២លើក ប៉ុន្តែគ្រូបង្វឹកក្រុមU16ឡាវ ហាក់មានការបារម្ភទៅលើក្រុមU16កម្ពុជា សម្រាប់ការជួបគ្នាលើនេះ។

mm5

លោក Kaison Xayavong គ្រូបង្វឹកក្រុមU16ជម្រើសជាតិឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ថា៖«ដូចដែលបានដឹងហើយថា កម្ពុជា មានអ្នកគាំទ្រយ៉ាងច្រើន ហើយសម្រែលនៃការគាំទ្រនេះ នឹងជួយឲ្យក្រុមកម្ពុជា កាន់តែមានកម្លាំងចិត្ត ក្នុងការវាយសម្រុកទៅលើយើង ហើយបើយើងរៀបចំលេងទប់ និងវាយបកមិនបានលឿនទេនោះ យើងនឹងចាញ់ជាមិនខាន។ ហេតុនេះ ការទទួលបានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ វាគ្រប់គ្រាន់សម្រាប់យើងហើយ»។

mm6

ចំណែកលោក Inoue Kazunori គ្រូបង្វឹកក្រុមU16កម្ពុជា ក៏មិនទាន់ជឿជាក់ខ្លាំងទៅលើការប្រកួតនេះប៉ុន្មាននោះដែរ ដោយលោកធ្លាប់បាននិយាយថា៖«ការប្រកួតរវាងក្រុមជម្រើសជាតិ និងជម្រើសជាតិ វាមិនមែនងាយស្រួលចំពោះយើងនោះទេ ដែលយើងមិនអាចព្យាករពីលទ្ធផលទុកមុខបាននោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា កូនក្រុមរបស់ខ្ញុំ នឹងធ្វើបានល្អ ព្រោះខ្ញុំបានកែប្រែចំណុចខ្វះខាត ក្នុងការប្រកួតមិត្តភាពជាមួយក្រុមមីយ៉ាន់ម៉ា កន្លងមកអស់ហើយ»។

គួរបញ្ជាក់ថា នៅមុនការប្រកួតផ្លូវការនេះ ក្រុមU16ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា ៣-២ ក្នុងការប្រកួតមិត្តភាព នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធ សប្តាហ៍មុន។ ប៉ុន្តែទម្រង់លេងរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានការរីកចម្រើន ជាងការប្រកួតកន្លងមក ដែលក្រុមមួយនេះ តែងតែធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF U16 Championship នេះត្រឹមវគ្គជម្រុះតាមពូលរហូត៕