ទោះ​មាន​ការ​រាំងស្ទះ​ យ៉ាងណា​ ក៏​ដោយ ​​​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​​នឹង​ផ្លូវដែក​ថៃ​ នឹង​រួច​មុន​ឆ្នាំ​២០១៧

ទោះ​មាន​ការ​រាំងស្ទះ​ យ៉ាងណា​ ក៏​ដោយ ​​​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​​នឹង​ផ្លូវដែក​ថៃ​ នឹង​រួច​មុន​ឆ្នាំ​២០១៧



បន្ទាយមានជ័យ ​៖ ​ជាមួយ​​នឹង​បញ្ហា​រាំងស្ទះ​ ការស្ថាបនា​ផ្លូវដែក​ត​ភ្ជាប់​ នឹង​ផ្លូវដែក​ថៃ ​នៃ​ព្រំដែន​កម្ពុជា ថៃ​ខាង​ជើង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​កំពុង​ស្ថាបនា​នោះ ​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង ដឹកជញ្ជូន​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ ហើយ​លោក​នៅតែ​អះអាង​ថា ​នឹង​រួចរាល់​នៅមុន​ឆ្នាំ​២០១៧​ដូច​ការ​គ្រោងទុក។

ការ​លើកឡើង​ដូចនេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​​កក្កដា​ ឆ្នាំ​២០១៦ ​ក្នុង​ឧកាស​ ដែល​លោក​រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​ បន្ទាយមានជ័យ ​មាន​លោក​លី សារី ជា​អភិបាលរង​ខេត្ត​បាន​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវដែក​និង​ច្រក ស្ទឹង​បត់​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ។

ការ​រាំងស្ទះ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​កន្លងមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ដែល​ឡើងវិញ​នេះ​ គឺ​បណ្តាលមកពី​តូប​កាហ្វេ​របស់​​កាស៊ីណូ​ ហ្គោល​ឌិន​របស់​លោក​ឧកញ្ញា កុក អាន មិន​ព្រម​សហការ។

ក្នុង​នោះ​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​សហការ​ជាមួយ​លោក​ឧកញ៉ា​ កុក អាន ធ្វើ​យ៉ាង​ណា​រើ​តូប​កាហ្វេ​​នោះ​ចេញ​ឲ្យ​បាន បើ​មិន​រើ​ទេ​ មិន​អាច​ឲ្យ​​​ដំណើរការ​ស្ថាបនា​ផ្លូវ​រថភ្លើង​បាន​ឡើយ។

ក្រោយ​ការ​ទំនាក់ទំនង​ផ្ទាល់​រវាង​លោក​ ស៊ុន ចាន់ថុល ​ និង​លោក​ឧកញ៉ា​ កុក អាន ​បាន​ឯកភាព​ប៉ះ​ត្រង់​ណា​រុះរើ​ត្រង់​នោះ​ ដោយ​ក្នុង​នោះ​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ​បាន​ជួប​ជាមួយ​នឹង​ខាង​ក្រុមហ៊ុន ប្រាប់​នៅ​ទីតាំង​ជាច្រើន​របស់​ក្រុមហ៊ុន​ដែល​ប៉ះពាល់​ផ្លូវ​រថភ្លើង​ ដោយ​ស្នើ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ធ្វើជា​គំរូ​ដល់​ទីតាំង​ផ្សេង​ទៀត ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ស្ថាបនា​ផ្លូវដែក​ភ្ជាប់​ជួយ​មួយ​ភាគី​ថៃ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក​ឲ្យ​ហើយ​នា​ចុង​ឆ្នាំ​២០១៦។

ផ្លូវដែក​ដែល​កំពុង​ស្ថាបនា​ភ្ជាប់​ជាមួយ​ថៃ​គឺ​ធ្វើ​កាត់​ចំ​កណ្ដាល​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ ថៃ កាត់​ចំ​ពីមុខ​កាស៊ីណូ​ជាច្រើន​ ស្រប​ពេល​ដែល​ខាង​ថៃ​បាន​ស្ថាបនា​រួចហើយ។

គួរ​រំលឹក​ថា ផ្លូវដែក​កម្ពុជា​ពី​ក្រុង​សិរីសោភ័ណ នៃ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ទៅ​ស្រុក​អូរជ្រៅ​ព្រំដែន​កម្ពុជា​ថៃ បច្ចុប្បន្ន​ជា​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ខូចខាត​តាំង​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រើ​យក​ទៅ​លក់​ដើម្បី​ដូរ​អំបិល។ តែ​ដោយឡែក​ផ្លូវដែក​ពី​ក្រុង​សិរីសោភ័ណ ទី​រួម​ខេត្តបន្ទាយមានជ័យ ទៅ​ខេត្តបាត់ដំបង គឺ​ត្រូវបាន​ឈប់​ដំណើរការ​អំឡុង​ឆ្នាំ​២០០១-២០០២៕

ទោះ​មាន​ការ​រាំងស្ទះ​ យ៉ាងណា​ ក៏​ដោយ ​​​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​​នឹង​ផ្លូវដែក​ថៃ​ នឹង​រួច​មុន​ឆ្នាំ​២០១៧

ទោះ​មាន​ការ​រាំងស្ទះ​ យ៉ាងណា​ ក៏​ដោយ ​​​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​​នឹង​ផ្លូវដែក​ថៃ​ នឹង​រួច​មុន​ឆ្នាំ​២០១៧