ខ្មាន់កាំភ្លើង​សម្លាប់​ប៉ូលិស​នៅ​ដាល់​ឡាស់​សរសេរ​សារ​ជាមួយ​ឈាម​លើ​ជញ្ជាំង

មុន​ពេល​ស្លាប់ ជនសង្ស័យ​សំខាន់​នៃ​ការ​បាញ់ប្រហារ​នៅ​ទីក្រុង​ដាល់​ឡាស់ រដ្ឋ​តិច​សាស់​បាន​សរសេរ​ជាមួយ​ឈាម​នូវ​សារ​មួយ ដែល​មាន​អក្សរ​មួយ​ចំនួន ព្រមទាំង​និមិត្តរូប​ខ្លះ​នៅ​លើ​ជញ្ជាំង ។

ប្រមុខ​ប៉ូលិស​ក្រុង​ដាល់​ឡាស់ លោក DAVID BROWN ដកស្រង់​សម្តី​ដោយ AP រៀបរាប់​ថា ខ្មាន់កាំភ្លើង​ឈ្មោះ MICAH XAVIER JOHNSON អាយុ​២៥​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់​ក្នុង​យានដ្ឋាន​មួយ​នៃ​ក្រុង​ដាល់​ឡាស់ ដែល​នៅ​យានដ្ឋាន​នោះ គេ​បាន​សរសេរ​អក្សរ​មួយ​ចំនួន​លើ​ជញ្ជាំង ។ ជន​នេះ​បាន​សរសេរ​អក្សរ R និង B ព្រមទាំង​គូរ​សញ្ញា​ឯទៀត​ៗ។ ប៉ូលិស​បាន​ចូល​ឆែកឆេរ​ក្នុងផ្ទះ​របស់​គេ ដើម្បី​កំណត់​ន័យ​អក្សរ​កាត់​ទាំងនេះ ។

យោង​តាម​ប៉ូលិស​ថា JOHNSON ដែល​ជា​ទាហាន​ម្នាក់​បាន​ធ្វើការ​ចល័ត​ជា​ច្រើន​លើក​ពេល​បាញ់​តតាំង​គ្នា​ជាមួយ​ប៉ូលិស ។ ទូរទស្សន៍ CNN មុន​នេះ​រាយការណ៍​ថា ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស JOHNSON បាន​ធ្វើការ​គំរាម​ពី​គ្រាប់បែក​នានា​ដែល​ថា​ដាក់​នៅ​កណ្តាល​ក្រុង ហើយ​និយាយ​ថា ទី​បញ្ចប់​នៃ​ទីក្រុង​នេះ​ជិត​មក​ដល់​ហើយ ។ សៀវភៅ​ទាំងឡាយ​ពី​តាក់​ទិ​ក​ប្រយុទ្ធ ព្រមទាំង​អាវុធ និង​សម្ភារ​សម្រាប់​ផលិត​គ្រាប់បែក​ត្រូវ​បាន​រក​ឃើញ​ក្នុងផ្ទះ​ខ្មាន់កាំភ្លើង ។ ប៉ូលិស​ធ្វើការ​សន្និដ្ឋាន​ថា JOHNSON មាន​ផែនការ​វាយប្រហារ​ធំ​មួយ ។

ប៉ូលិស​៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៧ កក្កដា ដោយសារ​ការ​បាញ់ប្រហារ​ពេល​មានការ​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ដាល់​ឡាស់​ប្រឆាំង​ការ​សម្លាប់​ជន​ស្បែក​ខ្មៅ​២​នាក់​ពី​សំណាក់​ប៉ូលិស ។

ពេល​ផ្ទុះ​ការ​បាញ់ប្រហារ​ប៉ុន្មាន​គ្រាប់​ដំបូង​នៅ​កណ្តាល​ក្រុង​ដាល់​ឡាស់ ពួក​ប៉ូលិស​រង​ការ​បាញ់ប្រហារ​ពុំ​ដឹង​ថា ការ​បាញ់​ចេញ​មក​ពី​ទីណា​ឡើយ ។ ច្រើន​វិនាទី​ក្រោយមក​ក៏​មានការ​បាញ់ប្រហារ​ជា​ថ្មី​ចេញពី​កន្លែង​ផ្សេង​មួយទៀត បន្ទាប់​មក​បាញ់​ចេញពី​កន្លែង​ទី​៣​មួយទៀត ។ នាគ្រា​ដំបូង​អាជ្ញាធរ​រៀបរាប់​ពី​ខ្មាន់កាំភ្លើង​យ៉ាងតិច​៣​នាក់​នៅ​លើដំបូល ហើយ​បាញ់​ជា​មុំ​ចង្ក្រាន​កុំឱ្យ​ជន​រង​គ្រោះ​គេច​រួច ។ តាម​ពិត​ទៅ​ការ​បាញ់​សម្លាប់​ប៉ូលិស​នា​យប់​ថ្ងៃ​ទី​៧ កក្កដា នោះ​ធ្វើ​ឡើង​ដោយ​មនុស្ស​តែ​ម្នាក់​គត់​ដែល​មានការ​រៀបចំ និង​ការ​ហ្វឹកហ្វឺន​ល្អ ។ ប្រមុខ​ប៉ូលិស​ក្រុង​ដាល់​ឡាស់​និយាយ​ថា ជន​នេះ​ចិញ្ចឹមចិត្ត​ប្រកាន់​ពូជ​សាសន៍​កាន់តែ​ខ្លាំង ហើយ​រូបគេ​ចង់​សម្លាប់​ពួក​ស្បែក​.​ស ៕