កូរ៉េ​ខាងជើង​គំរាម​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​THAAD

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​នា​ថ្ងៃ​ទី​១១ កក្កដា ថា ខ្លួន​នឹង​ធ្វើ​សកម្មភាព​យោធា​មួយ​ប្រឆាំង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​េ​ម​រិ​ក​ដែល​បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​លបាញ់​បាន​ខ្ពស់​អា​មេ​រិ​ក THAAD នៅ​លើ​ដែនដី​កូរ៉េ​ខាងត្បូង ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា កងទ័ព​កូរ៉េ​ខាងជើង​បាន​ចេញ​ការ​ព្រមាន​ខ្លាំង​មួយ ដែល​ថា​ខ្លួន​នឹង​ធ្វើការ​វាយប្រហារ​ខាង​យោធា​ដោយ​ពុំ​ត្រា​ប្រណី និង​ខ្លាំងក្លា​ចាប់ពី​ពេល​ដែល​ប្រទេស​ទាំង​២​សម្រេច​លើ​ទីតាំង​ដាក់​ពង្រាយ​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង ។

ដកស្រង់​ដោយ KCNA ប្រភព​ការិយាល័យ​កងកាំភ្លើងធំ​កូរ៉េ​ខាងជើង​ថ្លែង​ថា យើង​ធ្វើការ​ព្រមាន​ជា​ថ្មី​ចំពោះ​ពួក​សត្រូវ​ពី​ឆន្ទៈ​មិន​រារែក​របស់​កងទ័ព​ប្រជាជន​កូរ៉េ​ធ្វើការ​វាយបក ដោយ​ពុំ​ត្រា​ប្រណី​នានា ដើម្បី​ប្រែក្លាយ​កូរ៉េ​ខាងត្បូង​ទៅ​ជា​សមុទ្រ​ភ្លើង និង​ទៅ​ជា​ផេះ​ផង់​បើ​មាន​បញ្ជា ។

នេះ​ជា​ប្រតិកម្ម​លើក​ដំបូង​របស់​ប្រទេស​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​ចំពោះ​សេចក្តីសម្រេច​ចិត្ត​កាលពី​ថ្ងៃ​ទី​៨ កក្កដា របស់​សម្ព័ន្ធមិត្ត​ទាំង​២​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD នៅ​កូរ៉េ​ខាង​ត្បូង ដែល​មាន​វត្តមាន​ទាហាន​អា​េ​ម​រិ​ក​យ៉ាងតិច​២៨.៥០០​នាក់ ។ សេចក្តី​សម្រេចចិត្ត​នេះ​សំដៅ​ធ្វើការ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​កាន់តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាងជើង ពេល​មានការ​បារម្ភ​ទាក់ទិន​ទៅ​នឹង​ការ​រីក​ចម្រើន​ខាង​បច្ចេកទេស​របស់​កូរ៉េ​ខាងជើង​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក ។

លោក HAN MIN KOO រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ កក្កដា ថា ប្រព័ន្ធ THAAD នឹង​អាច​ស្ទាក់​កម្ទេច​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS របស់​កូរ៉េ​ខាងជើង ៕