​សហជីព​សេរី​កម្មករ ថ្កោលទោស​ឃាតក បាញ់សម្លាប់ លោក កែម ឡី​

ភ្នំពេញ:
សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ថ្កោលទោស យ៉ាង​ដាច់អហង្កា ចំពោះ​អំពើ​ដ៏​កំសាក ថោកទាប សាហាវព្រៃផ្សៃ របស់​ឃាតករ ដែល​បាន​បាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ​។
       
​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ មាន​ខ្លឹមសារ​ថា​៖ វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក នា​ថ្ងៃអាទិត្យ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នេះ លោក កែម ឡី ដែលជា​បញ្ញវន្ដ សិក្សា​ស្រាវជ្រាវ កិច្ចការ​សង្គម​កម្ពុជា ដ៏​សកម្ម​ម្នាក់ ត្រូវបាន​ឃាតករ បាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ក្នុង​ថ្លុកឈាម នៅ​ចំណុច​ហាង​លក់ទំនិញ (Star Mart) ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ មហាវិថី​ព្រះមុនីវង្ស កែង​មហាវិថី​ម៉ៅ​សេទុង ក្នុងភូមិ​សាស្ដ្រ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
        
​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្ដែង​នូវ​ការសោកស្ដាយ និង​សូម​ធ្វើការ​ថ្កោលទោស យ៉ាង​ដាច់អហង្កា ចំពោះ​អំពើ​ដ៏​កំសាក ថោកទាប សាហារ​ព្រៃផ្សៃ របស់​ឃាតករ ដែល​បាន​បាញ់សម្លាប់​លោក កែម ឡី បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត យ៉ាង​អ​ណោ​ច​អ​ធ័​ម ពោល​គឺជា​អំពើ​រំលោភ បំពាន​សិទ្ធិមនុស្ស​ទាំង​កំរោល និង​បង្ក​អស្ថេរភាព​សង្គម នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​វែកមុខ​មេខ្លោង ឋិត​នៅ​ពីក្រោយ​ខ្នង ឃាតករ​ជនដៃដល់ ដើម្បី​យកមក​ផ្ដន្ទាទោស តាមច្បាប់​ជា​ធរមាន បន្ថែមទៀត សំដៅ​ពង្រឹង​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​នៅ​កម្ពុជា ។​
           
​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចាត់ទុកថា មរណភាព​របស់លោក កែម ឡី ក្នុង​អំពើ​ឃាតកម្ម បាញ់សម្លាប់​ដ៏​ព្រៃផ្សៃ​នេះ គឺជា​ការបាត់បង់​បញ្ញវន្ដ​មួយរូប ដែលជា​ធនធានមនុស្ស បណ្ដុះ​គំនិត​សិក្សា​ស្រាវជ្រាវ កិច្ចការ​សង្គម​កម្ពុជា​ដ៏​សំខាន់ និង​គួរ​ឲ្យ​សោកស្ដាយ​ក្រៃលែង ៕N/S