តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សន្តិសុខ​សាធារណៈ​

​ក្រោយពី​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​កណ្តាល​ទីក្រុង​មក​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សន្តិសុខ​សាធារណៈ​។ ការបាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ម្សិលមិញ បានធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងបំផុត និង​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​នាំខ្លួន​ជនដៃដល់ និង​អ្នកសមគំនិត​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបជុំគ្នា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០១៦  ដើម្បី​ពិភាក្សាគ្នា​អំពី​ស្ថានភាព​នយោបាយ​ដែល​កាន់តែ​អាក្រក់​ទៅធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថែមទៀត​ចំពោះ​មតិ​ជាតិ និង​អន្ដរជាតិ និង​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុងការ​បំពេញភារកិច្ច បន្ទាប់ពី​ឃាតកម្ម ដ៏​សាហាវព្រៃផ្សៃ​ទៅលើ​លោក​បណ្ឌិត កែម ឡី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក កឹម សុខា បាន​បញ្ជាក់ថា មុននឹង​បើក​អង្គប្រជុំ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​មិញ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​នាំមុខគេ​ក្នុង​ការបញ្ចេញ​ប្រតិកម្ម ចំពោះ​ការបាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​លោក​បណ្ឌិត កែម ឡី ដោយ​ហៅ​ករណី​បាញ់ប្រហារ​នេះ​គឺ ជា​រឿង​ដ៏​បារម្ភ ហើយ​សហរដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ លោក ច​ន ឃី​ត​ប៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ថា យើង​មានការ​រន្ធត់ និង​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ស្តីពី​ការបាញ់សម្លាប់​ដ៏​រន្ធត់​លើ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​។​

​ចំណែក​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា លោក ប៊ី​ល ឡង​ហ័​ស្ត៍ បាន​សម្ដែង​ភាព​តក់ស្លុត និង​សោកស្ដាយ នៅពេលដែល​លោក​បានដឹង​ពី​ដំណឹង​ដ៏​អកុសល​ខាងលើនេះ​។ លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់ថា លោក​មានការ​តក់ស្លុត និង​សោកស្ដាយ បន្ទាប់ពី​បានដឹងថា​អ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​។ រហូតមកដល់​ពេលនេះ​ទាំង​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងបំផុត និង​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​នាំខ្លួន​ជនដៃដល់ និង​អ្នកសមគំនិត​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​៕

13590279_1402129213137707_8655342617754395558_n 13567297_1401559323194696_29444208807232530_n c1_1032625_620x413 13599873_1402129219804373_7613846486685087343_n