មនុស្ស​១៤​នាក់ ស្រែក​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​១៤​នាក់​ភ័យ​ស្រែក​​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា​ដោយសារ​តែ​ម៉ូតូ​១​គ្រឿង​បាន​បើក​ឆ្លងកាត់​ផ្លូវ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​បើក​គេច​ចេញ​រហូត​ធ្លាក់​វាលស្រែ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤១-១៤២ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន រថយន្ត​ទេសចរណ៍​ម៉ាក KIA ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3C-3591 របស់​ក្រុមហ៊ុន ភ្នំពេញ​សូ​រិ​យា​ដឹក​ជញ្ជូន​អ្នកដំណើរ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អែម នី អាយុ​៥៤​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ល្បឿន​មធ្យម ដែល​នៅ​លើ​រថយន្ត​នោះ​មាន​អ្នកដំណើរ ប្រុស​ស្រី​១៣​នាក់ រួម​នឹង​អ្នក​បើក​បរ​ម្នាក់​ទៀត​សរុប​ទាំង​អស់​១៤​នាក់ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក បាន​បើក​ឆ្លងកាត់​ផ្លូវ បណ្ដាល​ឲ្យ​អ្នក​បើករថយន្ត​ទេសចរណ៍​ជាន់​ហ្វ្រាំង ហើយ​បើក​គេច​ដើម្បី​កុំ​ឲ្យ​បុក​ម៉ូតូ​នោះ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​វាលស្រែ ធ្វើ​ឲ្យ​ម្នាក់​ៗ​នាំ​គ្នា​ភ័យ​ស្រែកឡើង​​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ ៕