​បុរស «​សៅ​គ្រី​» និង​ការ​​ពិនិត្យ​មើល​មូល​ហេតុ

បន្ទាប់​​ពី​​​កោះ​សន្តិភាព​​ផ្សាយ​អត្ថបទ «​ល្បិច​បុរស​ខិលខូច​ ងាក​ពី​ការ​ដើរ​លេង​ពេល​យប់ ​មក​ពេល​ថ្ងៃ​» ប្រតិកម្ម​ជា​ច្រើន​ បាន​កើត​មាន​​ជុំវិញ​អត្ថបទ​ដ៏​រសើប​​មួយ​នេះ​ ។

ទាំង​បុរស​ និង​ស្ត្រី​ ត្រូវ​​បើក​ចិត្ត​ឱ្យ​​ទូលាយ ​ហើយ​ទទួលស្គាល់​បញ្ហា​មួយ​​នេះ​ ។ បន្ទាប់​មក ​គេ​អាច​ពិភាក្សា​ទៅ​​រក​មូលហេតុ​​នៃ​បញ្ហា​នេះ​ និង​ដំណោះស្រាយ​ ។

បុរស «​សៅ​គ្រី​» ​មាន​ច្រើន​ នៅ​ក្នុង​សង្គម​ខ្មែររ​​ហូត​​ដល់​មនុស្ស​ជា​ច្រើន ​បាន​គិត​ថា ​វា​ជា​រឿង​ធម្មតា​សម្រាប់​បុរស ​។ ប៉ុន្តែ​គេ​នឹង​ពិបាក​​ទទួលយក កាលបើ​ដឹង​ថា ​មាន​ស្ត្រី «​សៅ​គ្រី​» ដែរ​​នោះ​ ។

បុរស​ខ្លះ​​បាន​ឆ្លើយ​តប​ថា ​ពួ​គេ​សប្បាយ​ខ្លះ ​នៅ​ខាងក្រៅ​ផ្ទះ​បែប​នេះ​ ដោយសារ​តែ​ពួក​គេ​ចង់​បំបាត់​ស្ត្រេ​ស​​ ទាក់ទង​នឹង​ការងារ​ប្រចាំ​​ថ្ងៃ​ ។ គេ​ក៏​គិត​ថា​ វា​ជា​រឿង​របស់​មនុស្ស​ប្រុស​ទូទៅ​ ហើយ​គេ​មិន​ដែល​ភ្លេច​ប្រ​ព​ន្ធ​នៅ​ឯ​ផ្ទះ​ឡើយ ​។ ក្នុង​ន័យ​នេះ ការ​យល់​ដឹង​ពី​វិធី​​ផ្សេង​ៗ​អំពី​ការ​កាត់​បន្ថយ​ស្ត្រេ​ស អា​ចនឹង​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ ។ ប៉ុន្តែ វា​នឹង​មិន​គ្រប់គ្រាន់​ទេ​ ។

វា​មិនមែន​ជា​បញ្ហា​បុរស​តែ​មួយ​មុខ​​នោះ​ទេ ​។ មានរឿង​ជា​ច្រើន​ទាក់ទង​នឹង​ជីវសាស្ត្រ​ និង​សង្គម​ផង​ដែរ ​។ ការ​ស្រាវជ្រាវ​វេជ្ជ​សាស្ត្រ​​បាន​បង្ហាញ​ថា​ តាម​លក្ខណ​:​ជីវសាស្ត្រ​បុរស​មាន​ចំណង់​ផ្លូវភេទ​ច្រើន​ជាង​មនុស្ស​ស្រី​ ។

ជាង​នេះ​ទៅ​ទៀត ស្ត្រី​ខ្មែរ​ជា​ច្រើន​​ លែង​សូវ​រវល់​នឹង​បញ្ហា​ផ្លូវភេទ​ និង​ការ​ថែទាំ​សម្រស់​របស់​​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​មានកូន​មួយ​ ឬ​ពីរ​ទៅ​ហើយ ​រវល់​ខ្លាំង​នឹង​ការងារ​ប្រចាំ​ថ្ងៃ​ ។ ដោយ​ព្យាយាម​ធ្វើ​ជា​ម្តាយ​​ដ៏​ល្អ ពួក​គេ​ភ្លេច​គិត​ពី​ការ​ថែទាំ​សម្រស់​របស់​ខ្លួន​ ព្រម​ទាំង​​ជីវិត​ផ្ទាល់ខ្លួន​ផង​ដែរ ​។ ភាព​សោះអង្គើយ​របស់​ស្ត្រី​បែប​នេះ​ ក៏​កាន់តែ​ធ្វើ​ឱ្យ​​បុរស​ងាយ​នឹង​ងាក​ទៅ​រក​ស្រី​នៅ​ខាងក្រៅ​ផ្ទះ​ ។

ម្យ៉ាង​ទៀត​​នោះ នៅ​ក្នុង​សង្គម​ខ្មែរ​យើង មនុស្ស​ជា​ច្រើន​ដោយ​រួម​ទាំង​ស្ត្រីភេទ​ផង ​បាន​គិត​ថា​ វា​គឺជា​រឿង​ធម្មតា​ ដែល​បុរស​មាន​ស្រី​​ខាងក្រៅ​ផ្ទះ ​។ ស្ត្រី​ខ្លះ​ជា​ប្រ​ព​ន្ធថែម​ទាំង​និយាយ​ថា មានការ​កម្សាន្ត​ជាមួយ​ស្រី​ម្តងម្កាល​ ​និងមិន​មាន​បញ្ហា​អ្វី​ទេ ​។ វា​លើក​លែងតែ​​បុរស​ជា​ប្តី​យក​ជា​ប្រ​ព​ន្ធ​​ចុង​ ។

ដោយ​ពិនិត្យ​ចេញពី​ជ្រុង​នេះ ការ​ផ្លាស់​ប្តូរ​របៀប​គិត ​និង​ការ​រស់នៅ​របស់​ស្ត្រី​អំពី​បញ្ហា​ផ្លូវភេទ​ នឹង​អាច​រួមចំណែក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ងាក​ទៅ​រក​ស្រី​នៅ​ខាងក្រៅ​ផ្ទះ ​ហើយ​វា​ធ្វើ​ឱ្យ​​ជីវិត​ប្តី​ និង​ប្រ​ព​ន្ធ ​កាន់តែ​មាន​សុភមង្គល​ផង​ដែរ ​។

ដូច្នេះ ស្ត្រី​មិន​ត្រូវ​បណ្តោយ​ខ្លួន​ ទៅ​តាម​អាយុ​ដោយ​ភ្លេច​ថែរក្សា​សម្រស់​អោយ​បាន​​ល្អ ​។ ពួក​គេ ​ក៏​ត្រូវ​រៀបចំ​ជីវិតឱ្យ​​កាន់តែ​សប្បាយ​រីករាយ ​ជាមួយ​បុរស​ជា​ប្តី ​ដោយ​រួម​ទាំង​ជីវិត​ផ្លូវភេទ​ផង ​។ ពេល​នោះ វា​នឹង​អាច​ជួយ​កាត់​បន្ថយ​ខ្លះ​និន្នាការ​របស់​បុរស​ដែល​ងាក​ទៅ​រក​ស្រី​នៅ​ខាងក្រៅ​ផ្ទះ​ ៕