ឆែកផ្ទះប្រពន្ធដើមប្រពន្ធចុង​មេ​ចោរ សុទ្ធតែ​អាវុធ​

ខេត្តរតនគិរី ៖ ​​​កម្លាំង​​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​នៃ​ស្នងការ​នគរបាល​ខេត្ត​​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ កាល​ពី​​ថ្ងៃ​​ទី​១០ ​កក្កដា ​២០១៦​ បាន​​​​ចុះ​ឆែក​​ឆេរ​​​​ផ្ទះ​​២​កន្លែង ដែលជា​​ផ្ទះ​ប្រពន្ធដើម និង​ប្រពន្ធចុង​​របស់​ជន​​សង្ស័យ​ឈ្មោះ​​ពេជ្រ ផ​ល្លី ស្ថិត​​​ក្នុង​​ភូមិ​ទៀម​​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ ។

គួរ​​បញ្ជាក់​​ថា ​កាលពី​ថ្ងៃ​ទី​​៣០ ​មិថុនា ​២០១៦ ​កន្លង​ទៅ​ ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម ​បាន​​ចូល​ធ្វើ​​សក​មុ្ម​ភាព​​គំរាម​ភ្ជង់ ​ហើយ​ចាប់ចង​ម្ចាស់ផ្ទះ​២​នាក់​ប្តី​-ប្រពន្ធ រួចប្រមូល​យក​សម្ភារ​មួយ​ចំនួន​​ ត្រង់​នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​​ម៉ាង​​យ៉ាង ​​ក្នុង​ភូមិ​វ៉ង ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ​ ​បន្ទាប់មក ​​ជន​សង្ស័យ​បាន​​រត់គេច​ខ្លួន ។

​កម្លាំងរបស់​ស្នងការ​ខេត្ត សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ​ដឹកនាំ​ជំនាញ​ដោយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ បាន​​​ស្រាវជ្រាវ​រហូត​​​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ ​១-​​ឈ្មោះ​តាំ គ្រី​យ៉ា ​មាន​ទីលំនៅ​ស្រុក​ពញ្ញាក្រែក ​​២-​ឈ្មោះ​នី យូ​សុខ មាន​ទីលំនៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​អ្នក​ទាំង​២​ជនជាតិ​ខ្មែរអ៊ិស្លាម​) និង៣-​ជនសង្ស័យ​ឈ្មោះ​ពេជ្រ ផ​ល្លី បាន​រត់គេច​ខ្លួន ​។

​ឆ្លង​តាម​ការ​​សួរ​​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ក្រាយ ច្រំ បាន​នាំ​កម្លាំង​ទៅ​យក​វត្ថុ​តាង ​ក្នុង​អំពើ​ប្លន់​ដែល​បាន​លាក់​ទុក​រួម​មាន អាវុធ​AK​កាត់​ស្វាយ​១​ដើម បង់​១ គ្រាប់​២៦​គ្រាប់ និង​អាវុធ​ខ្លី​១​ដើម បង់​១ គ្រាប់​៩​គ្រាប់ កងដៃ​ប្លាទី​ន​១​វង់ ក្រវិល​ប្លា​ទី​ន​១​គូ​ ចិញ្ចៀន​ផ្លា​ក់​ទី​១​វង់ និង​ខោ​ខូ​វ​ប៊​យ​​២ ​។

បច្ចុប្បន្ន​ ​ជនសង្ស័យ និង​វត្ថុ​តាង បញ្ជូន​​​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ដើម្បីកសាង​សំណុំរឿង​ទៅ​តុលាការ ៕