បុរស ​ដែល​ប្រើ​ដំបង​ឫស្សី​វាយ​គូ​ទំនាស់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កណ្តាល

បុរស ​ដែល​ប្រើ​ដំបង​ឫស្សី​វាយ​គូ​ទំនាស់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កណ្តាល



កណ្ដាល ​៖​ បុរស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា យក​ដំបង​ឫស្សី​វាយ​គូ​​ទំនាស់​បណ្ដាល​ឲ្យ​មាន​​របួស។

បុរស​រូបនេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម​ចាប់ខ្លួន នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​រូប​គេ​ធ្វើ​សកម្មភាព​វាយ​យុវជន​ម្នាក់​ដោយ​ដំបង បណ្ដាល​ឲ្យ​រង​របួស​ក្បាល កាលពី​វេលា​២៣​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ខាង​មុខ​វត្ត​បន្ទាយ​ម្លូ ហៅ​វត្ត​ជ្រោយ​ជ្រែ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម។

ជនសង្ស័យ​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ ​ឈ្មោះ ហួត ភារៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ជុំ បូរី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​ទូកដ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម។

មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦ ជនរងគ្រោះ​និង​មិត្តភក្តិ​២​នាក់​ទៀត បាន​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​ឈប់​អង្គុយលេង​នៅ​ខាង​មុខ​វត្ត​បន្ទាយ​ម្លូ ហៅ​វត្ត​ជ្រោយ​ជ្រែ ក៏បាន​ជួប​គ្នា​ជាមួយ​ជនសង្ស័យ ​និង​បក្ខពួក​កំពុង​នៅ​ទីនោះ​ដែរ ខណៈនោះ​ក្រុម​ជនរងគ្រោះ​និង​ក្រុម​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ពាក្យសំដី​គ្នា។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ទាញ​ដំបង​វាយ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​បែក​ក្បាល​ទើប​នាំគ្នា​គេចខ្លួន​បាត់ទៅ។

ក្រោយពី​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ក៏បាន​អន្តរាគមន៍​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕