មនុស្សមួយឡាន​មានគ្នា ៦នាក់ រងរបួសធ្ងន់និងស្រាល ដោយសារបើកបរ​ក្នុងពេលស្រវឹង

មនុស្សមួយឡាន​មានគ្នា ៦នាក់ រងរបួសធ្ងន់និងស្រាល ដោយសារបើកបរ​ក្នុងពេលស្រវឹង



ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម​បាន​បាក់​រៀប​ស្មើ​ដល់​ដី ​ដោយសារតែ​រថយន្ត​ឡិច​ស៊ី​ស ​RX300 មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នោះ​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​ និង​មនុស្ស​ចំនួន​៦​នាក់​ នៅ​ក្នុង​រថយន្ដរ​ង​របួសធ្ងន់​ និង​ស្រាល​ព្រមៗ​គ្នា​តែម្ដង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​មុខ ភូមិ​គល់ ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2R-0223 បើកបរ​ដោយ​បុរស​ម្នាក់​ និង ​មាន​មនុស្ស​ប្រុស​៦​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ទាំង​កំរោល​ បណ្តាល​ឲ្យ​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​ដោយឡែក​មនុស្ស​ដែល​នៅ​ក្នុង​រថយន្ដ​នោះ​បាន​រង​របួស​ធ្ងន់ ​និង ​ស្រាល​ផងដែរ។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ត្រូវ​សមត្ថកិច្ច​ចុះ​មក​ស្ទួ​ច​រថយន្ដ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ៕