៦​ខែ​ដើមឆ្នាំ២០១៦ ចំនួន​អ្នក​បរិច្ចាគ​​ឈាម​នៅ​ទូទាំង​ប្រទេស​ កើនឡើង​១២​ភាគរយ​

៦​ខែ​ដើមឆ្នាំ២០១៦ ចំនួន​អ្នក​បរិច្ចាគ​​ឈាម​នៅ​ទូទាំង​ប្រទេស​ កើនឡើង​១២​ភាគរយ​



ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត​ ហុក​ គឹម​ចេង ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​មានប្រសាសន៍​ឲ្យ​ដឹងកាលពី​ថ្ងៃ​ទី​១១ ​ខែ​កក្កដា​ថា ​នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ​ មាន​ចំនួន​អ្នកផ្តល់​ឈាម​ចំនួន​៣១២៦៧​កំប្លោក ​មានការ​កើន​ឡើង​១២​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​ កន្លងទៅ​មាន​ចំនួន​២៧៨៦០​កំប្លោក

តាម​ការ​ប៉ាន់ស្មាន​នៅ​តាម​មន្ទីរពេទ្យ​ធំ​ៗ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ប្រមាណ​ជាង​៣​ម៉ឺន​កំប្លោក ​ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ក្នុង​១​ឆ្នាំៗ​។ សម្រាប់​ឆ្នាំ​នេះ​នៅ​ទូទាំង​ប្រទេស​វិញ​ តម្រូវការ​ឈាម​មាន​ប្រមាណ​ជាង​៥​ម៉ឺន​កំប្លោក។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ការប្រើប្រាស់​ឈាម​ មាន​ការ​កើន​ឡើង​លោក​វេជ្ជបណ្ឌិត ហុក ​គឹម​ចេង ​បាន​បញ្ជាក់​ថា ​ដោយសារតែ​តម្រូវការ​ឈាម​មាន​ចំនួន​កាន់​តែ​ច្រើន ​ពិសេស​ជំងឺ​មួយ​ចំនួន​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ ដូចជា​ទាក់ទិន​នឹង​ជំងឺ​ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ករណី​នៃ​ការ​ហូរឈាម​មិន​ប្រក្រតី​នៅមុន​នឹង​ក្រោយពេល​សម្រាលកូន ករណី​ជំងឺ​ខ្សោយ​តម្រង់​នោម​ និង ករណីនៃ​ការ​ព្យាបាល​ថែទាំជំងឺ​មហារីក​។​ល។

បច្ចុប្បន្ន​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ មិន​គិត​កម្រៃ​មាន​ចំនួន​ត្រឹម​៣៥​ភាគរយ​ប៉ុណ្ណោះ​ ចំណែក​៦៥​ភាគរយ​ទៀត​ជា​ការ​ដោះដូរ​អំណោយ​ឈាមតាមរយៈ​សាច់ញាតិ​អ្នកជំងឺ​បរិច្ចាគ​ជំនួស។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះ​បាន​មានប្រសាសន៍ថា «​ខ្ញុំ​ចង់បាន​បងប្អូន​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ មិន​ចង់បាន​ពេល​ដែល​ក្រុម​គ្រួសារ​មានការ​ខ្វះ​ឈាម​ទើប​មក​បរិច្ចាគ​នោះ​ទេ ​បើ​ក្នុង​១​គ្រួសារ​មាន​ម្នាក់​មក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នោះ​ ជឿជាក់​ថា​ឈាម​មិនមាន​ការ​ខ្វះខាត ​ហើយក៏​មិនចាំបាច់​ឲ្យ​សាច់ញាតិ​ផ្តល់​ឈាម​ដែរ​»​។

លោក​បាន​បន្ថែមថា ​នៅ​ឆ្នាំ​ខាងមុខ​មជ្ឈមណ្ឌល​នេះ​នឹង​ខិត​ជំរុញ​អ្នក​មក​ស្ម័គ្រ​បរិច្ចាគ​ឈាម​១០០​ភាគរយ ​ឲ្យ​បាន​រហូតដល់​៥០​ភាគរយ​ ហើយឈាន​ទៅ​ដល់​១០០​ភាគរយ​នៅមុន​ឆ្នាំ​២០២០ ស្របតាមអនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​តម្រូវ​ឲ្យ​ប្រទេសដែល​កំពុង​អភិវឌ្ឍន៍​ធានា​នៃការ​ផ្គត់ផ្គង់​ឈាម និង​ផលិតផល​ឈាម​ពី​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មិន​គិត​កម្រៃ​១០០​ភាគរយនៅ​ឆ្នាំ​២០២០​ខាងមុខនេះ។

លោក​វេជ្ជបណ្ឌិត​ហុក ​គឹម​ចេង ​បាន​អំពាវនាវ​ដល់​គ្រប់អង្គភាព​ស្ថាប័ន វិស័យ​ឯកជន អង្គការ​ជាតិ​និង​អន្តរជាតិ​សប្បុរសជន ​ជាពិសេស​យុវជន​ ចូលរួមចំណែក​ក្នុង​ភាពជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដើម្បី​ជំរុញ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ ដើម្បី​បំពេញ​តាម​សេច​ក្តី​ត្រូវ​របស់​អ្នកជំងឺ​ ដែល​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​បាន​ទាន់ពេលវេលា។

កាលពី​ឆ្នាំ​២០១៥ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ទទួល​អំណោយ​ឈាម​ នៅ​ទូទាំង​ប្រទេស​មានចំនួន​៥៤៧៩៣​ស្បោង​ ហើយ​ឈាម​និង​សមាសភាព​ឈាម​បាន​ប្រើប្រាស់​មាន​ចំនួន​៥០៨៨១​ស្បោង​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជា​៦១​ភាគរយ​ នៃ​ចំនួន​ឈាម​ផ្គត់ផ្គង់​ទាំងអស់​ នៅ​ទូទាំង​ប្រទេស​ដោយសារ​ត្រូវ​ផ្គត់ផ្គង់​ដល់​គ្រប់​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ធំៗ​ និង​មន្ទីរពេទ្យ​ឯកជន​ទាំងអស់។

ក្នុងចំណោម​អំណោយ​ឈាម​ទាំងអស់ ​គឺ​មាន​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួនប្រមាណ​៣៥​ភាគរយ និង​អំណោយ​ឈាម​ជំនួស​ដែល​បាន​ពី​ក្រុម​គ្រួសារ​របស់​អ្នកជំងឺមាន​ចំនួន​៦៥​ភាគរយ៕

៦​ខែ​ដើមឆ្នាំ២០១៦ ចំនួន​អ្នក​បរិច្ចាគ​​ឈាម​នៅ​ទូទាំង​ប្រទេស​ កើនឡើង​១២​ភាគរយ​