រដ្ឋបាល​សាលារាជធានី​ភ្នំពេញ ​ចូលរួម​រំលែក​ទុក្ខ​សព​លោក​បណ្ឌិត កែម ឡី

រដ្ឋបាល​សាលារាជធានី​ភ្នំពេញ ​ចូលរួម​រំលែក​ទុក្ខ​សព​លោក​បណ្ឌិត កែម ឡី



ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ ​ដោយ​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​មន្ត្រី​ទៅ​ចូលរួម​រំលែក​ទុក្ខ​សព​លោក​បណ្ឌិត កែម ឡី និង​ចូល​ជា​បច្ច័យ​ចំនួន ១០​លាន​រៀល​ជាមួយ​នឹង​ទឹកបរិសុទ្ធ​១០០​កេស​ផង​ដែរ។

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​នៅ​ក្នុង​គេហទំព័រ​នោះ​ បាន​សរសេរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ លោកស្រី​ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោ​ក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​​​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​លោក​បណ្ឌិត កែម ឡី ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុង​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់។

ក្នុង​នោះ​ផង​ដែរ លោកជំទាវ​បាន​នាំ​បច្ច័យ​ចូលរួម​បុណ្យ​សព ជា​ថវិកា​ចំនួន ១០.០០០.០០០​រៀល និង ទឹកបរិសុទ្ធ​ចំនួន ១០០​កេស​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា លោក​កែម ឡី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកវិភាគ​ឯករាជ្យ​តាម​បណ្ដាញ​សារព័ត៌មាន នានា​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់សម្លាប់​នៅ​ក្នុង​ស្តា​ម៉ា​ត ស្តុ​ប​បូកគោ កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ​កន្លង​មក​នេះ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ លោក កែម ឡី បាន​ជិះ​រថយន្ត​លុច​ស៊ី​ស​១​គ្រឿង ពណ៌​ស មក​ចូល​ផឹក​កាហ្វេ​នៅក្នុង​ស្តា​ម៉ា​ត ស្តុ​ប​បូកគោ ហើយ​ក្រោយមក ក៏មាន​ជន​មិន​ស្គាល់មុខ​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចូលមក​បាញ់សម្លាប់ ខណៈ​កំពុង​ផឹក​កាហ្វេ​នោះ​តែម្ដង ហើយ​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​បាន​នៅ​ម្តុំ​វត្ត​ស្វាយ​ពពែ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យ​ឈ្មោះ អឿង អាង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ហៅ ​ជួប សម្លាប់ មាន​ទីលំនៅ​កំណើត​ភូមិ ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប៕

រដ្ឋបាល​សាលារាជធានី​ភ្នំពេញ ​ចូលរួម​រំលែក​ទុក្ខ​សព​លោក​បណ្ឌិត កែម ឡី