ប្តី​លក់​កូន​តាំងពី​អាយុ​4​ខែ នាង​ប្រពន្ធ​សន្សំ​បាន​600$ ប៉ង​លោះ​កូន​អាយុ​ជិត​6​ឆ្នាំ

ប្តី​លក់​កូន​តាំងពី​អាយុ​4​ខែ នាង​ប្រពន្ធ​សន្សំ​បាន​600$ ប៉ង​លោះ​កូន​អាយុ​ជិត​6​ឆ្នាំ



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប៉ុនប៉ង​លោះ​យក​កូនស្រី​បស់​ខ្លួន​ដែល​ប្ដី​លួច​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ តាំងពី​កូនស្រី​ទើបបាន​អាយុ​៤​ខែ​ម្ល៉េះ ក្នុង​តម្លៃ​៦០០​ដុល្លារ ហើយ​នាង​និយាយ​ថា ប្ដី​បាន​លាក់បាំង​ទីតាំង​ដែល​យក​កូន
ទៅ​លក់​នោះ​មិន​ប្រាប់​ឱ្យ​ដឹង​ឡើយ ទោះជា​នាង​សួរ​យ៉ាងណា​ក៏​មិន​ព្រម​ប្រាប់​ដែរ ។ លុះ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ស្រាវជ្រាវ​រក​ឃើញ ក៏​ខំ​សន្សំ​លុយ​ទម្រាំ​តែ​បាន​ចំនួន​៦០០​ដុល្លារ ទៅ​លោះ​យក​កូន​វិញ ប៉ុន្តែ​ត្រូវ​អ្នក​ដែល​ទិញ​យក​ទៅ​ចិញ្ចឹម​នោះ​បដិសេធ​មិន​ព្រម​ឲ្យ​វិញ​ឡើយ ។

បន្ទាប់​មក នាង​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ឲ្យ​ជួយ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​បាន​ពន្យល់​ពី​ការ​ដែល​នាង​បោះបង់​កូន​ចោល រហូត​ដល់​ទៅ​ជិត​៦​ឆ្នាំ​ហើយ​ទើប​ចង់បាន​វិញ​បែប​នេះ ពិបាក​នឹង​ធ្វើការ​សម្រេច​ណាស់ ។

ខណៈនោះ ស្រាប់តែ​នាង​ធ្វើ​ដំណើរ​ចាក​ចេញពី​សាលាសង្កាត់ រួច​រត់​ចូល​រថយន្ត​ប៉ង​ធ្វើ​អត្តឃាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​មន្ត្រី​និង​ជំនួយការ​សង្កាត់​ចោម​ចៅ​បាន​នាំ​គ្នា​ជួយ​ទើប​ផុត​ពី​សេចក្ដីស្លាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​មុខ​សាលាសង្កាត់​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ម្នាក់​នេះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​ទោះជា​ព្យាយាម​សាកសួរ​យ៉ាងណា​ក៏​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួន និង​ឈ្មោះ​ប្ដី​របស់​នាង​ដែរ គ្រាន់តែ​ប្រាប់​ថា នាង​មានកូន​ចំនួន​៣​នាក់ ។ កូនស្រី​ទី​១ ត្រូវ​ប្ដី​លួច​យក​ទៅ​លក់​ឲ្យ​គេ​ក្នុង​តម្លៃ​៦០០​ដុល្លារ តាំងពី​កើត​បាន​អាយុ​៤​ខែ​ម្ល៉េះ គឺ​លក់​ក្នុង​ខណៈ​ពេល​ដែល​រូប​នាង​និង​ប្ដី​មាន​ទំនាស់​គ្នា ហើយ​នាង​បានរ​ត់ទៅ​ស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ចាម​រយៈពេល​១​អាទិត្យ ដែល​កាល​ណោះ​មិន​ទាន់​មានកូន​ទី​២ និង​ទី​៣​នៅឡើយ ។

លុះ​ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ បាត់​កូន​ត្រូវ​ប្ដី​ប្រាប់​ថា យក​កូន​លក់​ឲ្យ​គេ​បាត់​ហើយ ហើយ​នាង​បាន​ជជីក​សួរ​ពី​ទីកន្លែង​លក់​កូន​ដែរ ប៉ុន្តែ​ប្ដី​មិន​ព្រម​ប្រាប់​ទេ​គឺ​លាក់​រហូត ។ ទោះជា​យ៉ាងណា នាង​និង​ប្ដី​មិន​បាន​ចែកផ្លូវ​គ្នា​ទេ គឺ​រស់នៅ​ជាមួយ​គ្នា​រហូត​មានកូន​២​នាក់​ទៀត ។

ស្ត្រី​រូប​នេះ​រៀបរាប់​ទៀត​ថា ប៉ុន្តែ​ដោយសារ​បែប​នេះ​ធ្វើ​ឲ្យ​នាង​រស់នៅ​ក្នុង​អារម្មណ៍​នឹក​កូន​ជា​និច្ច ហើយ​បើ​ទោះបី​ប្ដី​មិន​ព្រម​ប្រាប់​ក៏​នាង​នៅ​តែ ព្យាយាម​ស្រាវជ្រាវ​រក​អ្នក​ដែល​យក​កូន​នាង​ទៅ​ចិញ្ចឹម​ដែរ ។ លុះ​ក្រោយមក​ទើប​រក​ឃើញ​គឺ​នៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈនោះ​នាង​បាន​ខំ​សន្សំ​លុយ​រហូត​បាន​គ្រប់​ចំនួន​៦០០​ដុល្លារ លុះដល់​ថ្ងៃ​ទី​៩​ខែកក្កដា​ថ្មី​ៗ​នេះ នាង​បាន​ទៅ​លោះ​យក​កូន​មក​វិញ ប៉ុន្តែ​អ្នកទិញ​យក​ទៅ​ចិញ្ចឹម​នោះ​មិន​ព្រម​ឲ្យ​ឡើយ ដោយ​និយាយ​ថា គាត់​ខំ​ចិញ្ចឹម​ជិត​៦​ឆ្នាំ​ហើយ គឺ​ទុកជា​កូនបង្កើត​របស់​គាត់ មិន​អាច​ប្រគល់​ឲ្យ​វិញ​បាន​ឡើយ ហើយ​បើ​ចង់​យក​វិញ ទាល់តែ​មាន​១.៥០០​ដុល្លារ ។ ពេល​នោះ នាង​បានរ​ត់រក​អាជ្ញាធរ​ឲ្យ​ជួយ ប៉ុន្តែ​ដោយ​អាជ្ញាធរ​មិន​អាច​ជួយ​បាន ទើប​នាង​មិន​ចង​រស់​និង​ចង់​សម្លាប់​ខ្លួន​ឲ្យ​ផុត​ពី​លោក​នេះ​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​អ្នក​ទទួល​ចិញ្ចឹម​កូ​នោះ​បាន​ឲ្យ​មើល​ឯកសារ​គឺ​មិនមែន​ជា​ការ​ទិញ​លក់​ឡើយ​។ ការយ​កកូន​នោះ​ទៅ​ចិញ្ចឹម គឺ​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​ភូមិ ដោយសារ​ខណៈនោះ​បុរស​ជា​ឪពុក​មិន​មាន​លទ្ធភាព​ចិញ្ចឹម ទើប​យក​កូន​ទៅ​ប្រគល់​ឲ្យ​គ្រួសារ​មួយ​នេះ ដែល​មាន​ជីវភាព​ធូរធារ​គួរសម​ជួយ​ចិញ្ចឹម​ដោយ​គ្មាន​ការ​ទាមទារ​យក​វិញ​ឡើយ ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​៦​ឆ្នាំ​ហើយ ។

ដោយឡែក​ស្ត្រី​ខាងលើ ក្រោយ​ពី​មន្ត្រី​សាលាសង្កាត់​អប់រំ​និង​ប្រាប់​ថា មិន​ត្រូវ​ស្លាប់​ទេ​ព្រោះ​នាង​នៅ​មានកូន​២​នាក់​ទៀត ហើយ​កូន​ម្នាក់​ដែល​ឲ្យ​គេ​ចិញ្ចឹម​នោះ មាន​សេចក្ដីសុខ និង​រស់នៅ​ក្នុង​គ្រួសារ​អ្នក​ធូរធារ​ផង ទើប​នាង​សុខចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕