មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ផ្នែក​សិទ្ធិមនុស្ស​និង​ការ​បោះឆ្នោត​ដោយ​សេរី​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ —ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក គឺលោក Tom Malinowski នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាសប្តាហ៍ខាងមុខ ដើម្បីពិនិត្យមើលការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យឲ្យដឹងថាលោក Tom Malinowski ជំនួយការរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកផ្នែកលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្ម គ្រោងនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសស្រីលង្កា និងកម្ពុជាចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកក្កដាខាងមុខ។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រក្នុងប្រទេសកម្ពុជា លោកនឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរក្នុងន័យដើមថា៖ ក្នុងដំណើរទៅកាន់ «ប្រទេសកម្ពុជា លោកជំនួយការរដ្ឋមន្រ្តីការបរទេស Malinowski គ្រោងនឹងពិភាក្សាអំពីសារៈសំខាន់នៃសិទ្ធិមនុស្សក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកនឹងជួបជាមួយនឹងមន្រ្តីរដ្ឋាភិបាលដើម្បីពិភាក្សាអំពីសារៈសំខាន់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ផងដែរ»។

គម្រោងទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិករូបនេះគឺមិនប៉ុន្មានម៉ោងក្រោយការបាញ់ប្រហារយ៉ាងលើរូបអ្នកវិភាគនិង ស្រាវជ្រាវសង្គមកែម ឡី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិងរន្ធត់នៅទីក្រុងភ្នំពេញ។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ក៏បានបញ្ជាក់ផងដែរថាក្រៅពីការពង្រឹងសិទ្ធិមនុស្សនិងការបោះឆ្នោតក្នុងប្រទេសកម្ពុជា លោក Malinowski នឹងជំរុញឲ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ពាក់ព័ន្ធនឹងការការពារសង្គមស៊ីវិល និងសិទ្ធិការងារជាដើម៕

ប្រភពៈ VOA


Related Posts