ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម ឡី អ្នក​នយោបាយសង្ស័យ​និង​ផ្តើម​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក!

លោក ហ៊ុន សែន ពីម្សិលមិញ បានសរសេរក្នុងហ្វេសបុក ថ្កោលទោសចំពោះឃាតកម្មសម្លាប់លោក កែម ឡី ដោយចាត់ទុកថា ជាអំពើដ៏ព្រៃផ្សៃ និងឃោរឃៅ។ នៅព្រឹកនេះទៀត លោកនាយករដ្ឋមន្ត្រី បានប្រតិកម្មជាថ្មីថា មានគេកំពុងផ្ចាញ់ផ្ចាល់ និងលាបពណ៌លើរដ្ឋាភិបាលរបស់លោក។ សូមជម្រាបថាកាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ពីបរទេស បានចោទត្រង់ៗថា រដ្ឋអំណាច គឺជាអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងសន្ទរកថាខ្លី ដ៏កម្រ មិនធ្លាប់មាន ព្រោះថាមិនដល់ ៣០នាទីផង លោកបានប្រើពេលជិតពាក់កណ្តាលដើម្បីនិយាយជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី។ លោក ហ៊ុន សែន បានដណ្តឹងសួរខ្លួនឯងថា តើអ្នកណាទទួលផលចំណេញពីសោកនាកម្មនេះ? បើចំពោះរដ្ឋាភិបាលរបស់លោក ការស្លាប់នេះ គឺរដ្ឋាភិបាលខាតបង់ ហើយប៉ះពាល់មុខមាត់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។ ហើយនេះ គឺជាឱកាសបន្ថែមទៀត ដែលនាំឲ្យគេលាបពណ៌លើរដ្ឋាភិបាលរបស់លោក។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងកត់សម្គាល់ថា មានគេកំពុងផ្ចាញ់ផ្ចាល់រដ្ឋាភិបាល ខណៈដែលលោកកំពុងនិយាយលើកសរសើរពីសុខសន្តិភាព និងការសប្បាយរីករាយរបស់ប្រជាជនបច្ចុប្បន្ន។

ចំណែកលោក សម រង្ស៊ី ដែលកំពុងនៅបរទេស ក្រៅពីការវាយតម្លៃថាលោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូបហើយនោះ ប្រមុខបក្សប្រឆាំងបានសរសេរចោទប្រកាន់ក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនថា ការបាញ់សម្លាប់លោក កែម ឡី ជាការរៀបចំដោយរដ្ឋអំណាច។

បន្ថែមពីលើសនេះ តាំងពីល្ងាចមិញមក ឥស្សរជនមួយចំនួនរបស់បក្សសង្គ្រោះជាតិ រួមមានលោកស្រីមួរ សុខហួរ ជាដើម បានទៅគោរពវិញ្ញាណក្ខន្ធ ហើយបានផ្តើមនិយាយបែបចោទប្រកាន់ទៅលើបក្សកាន់អំណាចនៅចំពោះមុខអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើនថា គេបានដឹងជាស្រេចហើយនរណាជាអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ព្រោះថានេះជាឃាតកម្មក្រោយពេល ដែលលោកបាននិយាយវិភាគក្នុងវិទ្យុបរទេស ជុំវិញសំណុំរឿងអាស្រូវអាណាចក្រជំនួញគ្រួសារត្រកូល ហ៊ុន ដែលជារបាយការណ៍ដ៏រស៊ើបរបស់ Global Witness។

ចំណែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP បានផ្សាយសំឡេងក្នុងហ្វេសបុករបស់ខ្លួន ដោយបង្ហាញយល់ឃើញថា ឃាតកម្មលើលោក កែម ឡី នេះ គឺមិនមែនជាការរៀបចំរបស់រដ្ឋាភិបាលនោះទេ ព្រោះវាមិនចំណេញដល់បក្សកាន់អំណាចឡើយ។ ហើយបើថាជាការរៀបចំរបស់បក្សសង្រ្គោះជាតិ ដើម្បីកេងចំណេញនយោបាយនោះ ក៏បក្សប្រឆាំងមិនអាចនឹងហ៊ានធ្វើរឿងបែបនេះដែរ។ ម្យ៉ាងទៀត បើថាជារឿងគំនុំផ្ទាល់ខ្លួន និងការជំពាក់លុយកាក់គ្នា ដែលអាចឈានដល់ការបាញ់សម្លាប់នេះ ក៏រឹតតែអាចមិនគួរឲ្យជឿទៅទៀត។ នេះបើតាមការលោក ខឹម វាសនា។

គួរសម្រាបថា តាំងពីយប់មិញមកម្ល៉េះ តំណាងជាន់ខ្ពស់របស់គណបក្សនយោបាយមួយចំនួន បានទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅវត្តពោធិយារាម ឬហៅវត្តចាស់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាបក្សតូចដែលទើបបង្កើតថ្មី បានចាត់ទុកឃាតកម្មចំពោះលោក កែម ឡី ថាជាទង្វើដ៏ព្រៃផ្សៃ ដែលវាជាភាពកំសាក និងថោកទាប។

យ៉ាងណាក៏ដោយចុះ នៅព្រឹកមិញនេះ ក្នុងនាមប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជាឲ្យវែកមុខអ្នករួមសមគំនិតក្នុងអំពើឃាតកម្មនេះ ហើយលោកនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងៀម និងមិនត្រូវដាក់កំហុសលើនរណាឡើយ ហើយលោកសុំទុកការងារនេះ ឲ្យសមត្ថកិច្ចជំនាញវិញ។ លោក ហ៊ុន សែន សុំចិត្តសាធារណជនថាជៀសវាងកុំបង្វែរបញ្ហានេះ ទៅជាបញ្ហានយោបាយ ហើយបង្កការល្អក់កករ និងនាំឲ្យជាតិចលាចលនោះឡើយ៕

ប្រភពៈ RFI


ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម ឡី អ្នក​នយោបាយសង្ស័យ​និង​ផ្តើម​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក!

ក្រសួងការបរទេស​អាមេរិក​ប្រតិកម្ម​ចំពោះ​ការ​បាញ់​សម្លាប់​លោក​កែម ឡី

ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម ឡី អ្នក​នយោបាយសង្ស័យ​និង​ផ្តើម​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក!

First News: ផ្ទុះហិង្សាលើកញ្ញា ធី សុវណ្ណថា ក្នុងពិធីបុណ្យសពលោក កែម ឡី (មានវីដេអូ)