យុវជនដែល​ប្រើ​កាំបិត​បុ័នតោ ​កាប់​ប្រជាពលរដ្ឋ​របួស​២​នាក់ ​ជា​មុខសញ្ញា​ញៀន​ថ្នាំ

យុវជនដែល​ប្រើ​កាំបិត​បុ័នតោ ​កាប់​ប្រជាពលរដ្ឋ​របួស​២​នាក់ ​ជា​មុខសញ្ញា​ញៀន​ថ្នាំ



កណ្ដាល​ ៖ ​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ​​ត្រូវ​​បាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង ​ធ្វើការ​ចាប់​ខ្លួន​ បន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​២​នាក់​រង​របួស ​កាលពី​ថ្ងៃ​ទី​១០​ខេ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​​២​នាក់ ១. ​ឈ្មោះ​សឿង សំណាង ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ ជាង​ផ្សារ​រថយន្ត និង ២.​ឈ្មោះ​កិ នៅ​ហៅ​ខ្មៅ ភេទ​ប្រុស​អាយុ​ ១៨​ឆ្នាំ មុខរបរកសិករ។ អ្នក​ទាំង​​២​ រស់នៅ​ភូមិ​ចេក​ឃុំ​ដូង ស្រុក​បាទី​ ខេត្ត​តាកែវ។ រីឯ​ជនសង្ស័យ​២​នាក់ ​ដែល​ចាប់​ខ្លួន​បាន​ មាន​ឈ្មោះ​ធឿន សុខ​លាង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ ភូមិ​តា​ដោល​ទី២ ឃុំ​អំពៅ​ព្រៃ ស្រុក​កណ្ដាលស្ទឹង មុខរបរ កម្មករ​សំណង់​(​ជន​ដៃដល់​ឃាត់ខ្លួន​)​ និងម្នាក់ទៀត​មិន​ទាន់ស្គាល់​អត្តសញ្ញាណ។

នគរបាល​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ ​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ ជនរងគ្រោះ​ទាំង​​២​នាក់​ រួម​ជាមួយ​មិត្តភ័ក្ដិ​៤​នាក់​ទៀត ​បាន​នាំគ្នា​ទៅលេង​ផ្ទះ​ប្រពន្ធ​មិត្តភ័ក្ដិ​ឈ្មោះ​ថន វិ​រៈ នៅ​ភូមិ​តា​ដោល​ទី​២ ឃុំ​អំពៅព្រៃ​ស្រុក​កណ្ដាលស្ទឹង។ លុះដល់​វេលា​ម៉ោង​១៦និង២០​នាទី ​ជនរងគ្រោះ​ទាំង​​២​ និង​​មិត្តភ័ក្ដិ​ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ​ នៅ​វេលា​ម៉ោង​ខាង​លើ ​ជនសង្ស័យ​ទាំង​​២​នាក់​ បាន​ជិះ​ម៉ូតូ​ពណ៌​ក្រហម​ ពុំ​ស្គាល់​ម៉ាក​​ ​មក​ទាន់ រួច​ជន​សង្ស័យ​ឈ្មោះ​ធឿន សុខ​លាង បាន​ដក​កាំបិត​ប៉័ងតោ​ ពី​ក្នុង​អាវ​កាប់​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ​កិ នៅ ចំ​ខ្នង​១​កាំបិត។

បន្ទាប់មក​ ម៉ូតូ​ជនរងគ្រោះ​ និង​ម៉ូតូ​ជនសង្ស័យ​បាន​ប៉ះ​ គ្នា​ដួល​ទាំង​២ ហើយ​ជនសង្ស័យ​ដដែល ​បាន​យក​កាំបិត​ប៉័ងតោ​កាប់​ទៅ​លើ ឈ្មោះ​សឿង សំណាង ដែលជា​អ្នកបើក​ម៉ូតូ​១​កាំបិត​ទៀត ចំ​ខ្នង​បណ្ដាល​ឲ្យ​រងរបួស។ បន្ទាប់មក​​ទៀត ​ជនរងគ្រោះ​ទាំង​​២​នាក់​ក៏​រត់ចោល​ម៉ូតូ​មក​ផ្លូវជាតិ​លេខ​២​ និង​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅផ្ទះ រួច​ក្រុម​គ្រួសារ​បា​ន​បញ្ជូន ជន​រងគ្រោះ​ទាំង​២​នាក់​ទៅ​ព្យាបាល​របួស​​​នៅ​មណ្ឌល​សុខភាព​ស្រុក​បាទី​ខេត្ត​តាកែវ។

ក្រោយមក ក្រុម​គ្រួសារ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​អំពៅព្រៃ​ ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។

នៅ​ចំពោះ​មុខ​នគរបាល​ ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់ ​ជនរងគ្រោះ​មែន ​ដោយ​ខឹង​ជនរងគ្រោះ​ស្ដោះ​ទឹកមាត់​នៅ​នឹង​មុខ​គេ។ តែ​នគរបាល​បញ្ជាក់​ថា​ ជន​សង្ស័យ​ជា​មុខសញ្ញា​ញៀន​ថ្នាំ៕