ឡានដឹក​​​​ជញ្ជូន​​​នឹង​​​ត្រូវ​​​ថ្លឹង​​​ទម្ងន់​​​មុន​​​នឹង​​​​​​ឲ្យ​​​បើក​​​បរ​​​

ក្រសួងដឹកជញ្ជួនប្រកាសថា ការប្រើប្រាស់ស្ថានីយថ្លឹងទម្ងន់ ដើម្បីទប់ស្កាត់ឡានដឹកជញ្ជូនលើសទម្ងន់នឹងត្រូវពង្រីកទៅតាមរោងចក្រ ឃ្លាំងស្តុកអីវ៉ាន់ ការដ្ឋានយកថ្ម ការដ្ឋានសាងសង់ និងទីកន្លែងផ្សេងៗទៀតដែលជាប្រភពនៃការដឹកជញ្ជូនធ្ងន់ៗ។ ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា” ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធុនធ្ងន់ និងអ្នកបើកបរ និងសមាជិកសាធារណជន នឹងសហការគ្នាដើម្បីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ឲ្យមានតម្លាភាព ស្មោះត្រង់ និងដោយទទួលខុសត្រូវ”។ ក្រសួងបាននិយាយថា គំនិតផ្តួចផ្តើមថ្មីនេះនឹងចាប់អនុវត្តនៅថ្ងៃទី១ខែសីហា ហើយក៏សុំឱ្យអ្នកបើកបររាយការណ៍អំពីអ្នកត្រួតពិនិត្យណាដែលទារការសូកប៉ាន់។ លោកវ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងបាននិយាយថា ក្រសួងបានសម្រេចចិត្តពង្រីកការប្រើប្រាស់ស្ថានីយថ្លឹងទម្ងន់ចល័ត ដើម្បីទប់ស្កាត់ឡានដឹកលើសទម្ងន់មិនឲ្យគេចវេះពីអ្នកត្រួតពិនិត្យ។ លោកបាននិយាយថា” ឡានខ្លះបើកគេចពីស្ថានីយថ្លឹងទម្ងន់របស់យើង”នៅតាមទីតាំងនានា។ ក្នុងពេលថ្មីៗកន្លងទៅនេះ ឡានដឹកលើសទម្ងន់បានបំផ្លាញផ្លូវថ្នល់ និងស្ពាននានាក្នុងប្រទេស រួមទាំងឡានដែលដឹកឈើប្រណិតច្រើនលើសលប់ ដោយបណ្តាលឲ្យស្ពានដែកមួយកន្លែងនៅខេត្តកំពតខូចខាតអស់ជាទឹកប្រាក់៥០.០០០ដុល្លារកាលពីមុន។ ទោះជាយ៉ាងនេះក្តី កិច្ចខំប្រឹងប្រែងដើម្បីត្រួតពិនិត្យការដឹកលើសទម្ងន់បានជួបការតវ៉ាពីអ្នករកស៊ីដឹកជញ្ជូនទំនិញ ដោយមានអ្នកបើកបរជាង៨០នាក់បានបិទផ្លូវជាតិនៅក្នុងខេត្តស្ទឹងត្រែងកាលពីមីនា ដើម្បីតវ៉ានឹងការផាកពិន័យចំពោះយានយន្តដឹកដំឡូងមីលើសទម្ងន់របស់គេ៕ មាំ វិបុល   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ឡានដឹក​​​​ជញ្ជូន​​​នឹង​​​ត្រូវ​​​ថ្លឹង​​​ទម្ងន់​​​មុន​​​នឹង​​​​​​ឲ្យ​​​បើក​​​បរ​​​ appeared first on The Cambodia Daily.