សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​ឃាត់​ខ្លួន​មេ​ដឹក​នាំ​ពលរដ្ឋធ្វើ​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ២០០​នាក់ នាំ​គ្នា​សង់​រោង​ស្នាក់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក (Pacific) មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨​អា ក្នុង​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។ ក្រុម​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួន​មេ​ដឹក​នាំ​ប្រជាពលរដ្ឋ និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​រោង​ស្នាក់​នៅ ហើយ​ចាក​ចេញ។

មេ​ដឹក​នាំ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក គឺ​អ្នកស្រី រិត វណ្ណី ត្រូវ​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា បន្ទាប់​ពី​អ្នកស្រី​ព្យាយាម​គេច​ខ្លួន​តាម​រទេះ​គោយន្ត​មួយ​គ្រឿង ក្នុង​ហេតុការណ៍​ដឹក​នាំ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់​មក​សង់​រោង​សំពត់​កៅស៊ូ​ស្នាក់នៅ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក។

ស្នងការ​រង​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់​ថា អ្នកស្រី រិត វណ្ណី មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ប៉ូលិស ទើប​សមត្ថកិច្ច​បង្ខំ​ប្រើ​កម្លាំង​ចាប់​ខ្លួន​អ្នកស្រី​ដើម្បី​សាកសួរ​ពី​ហេតុផល​នៃ​ការ​ដឹក​នាំ​ប្រជាពលរដ្ឋ មក​សង់​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​ដែល​រដ្ឋ​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន។ លោក​បន្ត​ថា សមត្ថកិច្ច​បាន​ព្យាយាម​ពន្យល់​ឲ្យ​អ្នក​ភូមិ​ចាក​ចេញ​ពី​ដី​សម្បទាន​ក្រុមហ៊ុន ហើយ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ប្រសិន​ប្រជាពលរដ្ឋ​គ្មាន​ដី​រស់នៅ ក៏ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ មិន​យល់ព្រម និង​ស្នើសុំ​សង់​រោង​ស្នាក់នៅ​កន្លែង​កើត​ទំនាស់ ដើម្បី​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​តំបន់​នោះ​សម្រាប់​ពួក​គេ​រស់នៅ៖ «យើង​ចាំបាច់​ត្រូវ​អញ្ជើញ​គាត់​ទៅ​សួរ​នាំ ប៉ុន្តែ​គាត់​គេច។ អ៊ីចឹង​យើង​ត្រូវ​តែ​បង្ខំ​កម្លាំង​ដើម្បី​យក​គាត់​ឲ្យ​បាន​ស្រួល»

កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ២០០​នាក់ បាន​នាំ​គ្នា​ប្រើប្រាស់​មធ្យោបាយ រួម​មាន​គោយន្ត និង​ម៉ូតូ​ដឹក​ជញ្ជូន​សម្ភារៈ​ចូល​មក​សង់​រោង​ស្នាក់នៅ​ជា​ថ្មី​នៅ​លើ​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​ដដែល។ រោង​ប្រក់​តង់​កៅស៊ូ​ប្រមាណ ១០​រោង ត្រូវ​បាន​អ្នក​ភូមិ​សង់​ជា​បន្តបន្ទាប់​រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា។

ក្រុម​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន​អះអាង​ថា ពួក​គេ​គ្មាន​មេ​ដឹក​នាំ​ទេ ក៏ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​គ្មាន​ដី ទើប​មក​រស់នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​២០០៩ មុន​ពេល​រដ្ឋ​បាន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន។ ចំណែក​អាជ្ញាធរ​បាន​បណ្ដេញ និង​រុះរើ​រោង​ស្នាក់នៅ​របស់​ពួក​គេ​ច្រើន​លើក មិន​ឲ្យ​ពួក​គាត់​រស់នៅ​ទីនេះ ទើប​អ្នក​ភូមិ​នាំ​គ្នា​មក​តាំង​លំនៅ​បណ្ដោះអាសន្ន ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​កាត់​ដី​នោះ​ជូន​ប្រជាពលរដ្ឋ៖ «អត់​ព្រម​ទេ អត់​មាន​សិទ្ធិ​ទេ។ ឥឡូវ​លើក​នេះ​មក​នៅ​ក្នុង​ហ្នឹង»

សង់​រោង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច មណ្ឌលគិរី ២០១៦ ៨៥៥
រោង​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ២០០​នាក់​ដែល​នាំ​គ្នា​តាំង​លំនៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ឋិត​ក្នុង​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal

ឆ្លើយ​តប​ការ​អះអាង​របស់​ពលរដ្ឋ អភិបាល​រង​ស្រុក​កោះញែក លោក នុត បឿន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន គឺ​ជា​ក្រុម​អនាធិបតេយ្យ នាំ​គ្នា​អូស​ទាញ​ប្រជាពលរដ្ឋ​ពី​ខេត្ត​ជិត​ខាង មក​ចាប់​ដី​រដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​មាន​តំបន់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​ដី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ធ្វើ​តាម​គោលការណ៍​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នោះ​ទេ៖ «ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​គាត់​ច្រើន​លើក​ហើយ ព្រោះ​ដី​ហ្នឹង​ពាក់ព័ន្ធ​ដី​ក្រុមហ៊ុន។ អាជ្ញាធរ​សមត្ថកិច្ច​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់​នៅ​ទីនេះ​បាន​ទេ។ មិន​មែន​ប៉ះ​ដៃ​យក​ដៃ ប៉ះ​ជើង​យក​ជើង​នោះ​ទេ។ អ៊ីចឹង​យើង​និយាយ​គ្នា​ដោយ​សន្តិវិធី គាត់​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​ប្រជាពលរដ្ឋ​ដែល​គាត់​អត់​ដី យើង​មាន​ការ​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន។ យើង​មាន​ដី​សង្គមកិច្ច»

ក្រុម​សមត្ថកិច្ច មន្ត្រី​មូលដ្ឋាន និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ពន្យល់​អ្នក​ភូមិ​ពី​ភាព​មិន​ស្រប​ច្បាប់​ទាក់ទិន​ការ​តាំង​លំនៅ​លើ​ដី​ក្រុមហ៊ុន​សម្បទាន។ ចំណែក​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ភាគរយ បាន​នាំ​គ្នា​ចាក​ចេញ បន្ទាប់​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គេ​រុះរើ​រោង​ចេញ​ពី​ដី​ក្រុមហ៊ុន។ រីឯ​ប្រជាពលរដ្ឋ​នៅ​សេសសល់ បាន​នាំ​គ្នា​រុះ​រោង​ចាក​ចេញ​ជា​បន្តបន្ទាប់ ក្រោយ​ពេល​មេ​ដឹក​នាំ​ប្រជាពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោក សុក រដ្ឋា ដែល​ឃ្លាំ​មើល​បញ្ហា​នេះ​កត់​សម្គាល់​ថា ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ​មិន​គប្បី​បំពាន​ទៅ​លើ​សិទ្ធិ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ។ លោក​ថា សមាគម​អាដហុក បន្ត​ឃ្លាំ​មើល​ករណី​នេះ និង​សំណូមពរ​ឲ្យ​ក្រុម​សមត្ថកិច្ច​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី៖ «ជួយ​ណែនាំ​គាត់​ទៅ​ជួយ​ផ្តល់​អនុសាសន៍​ល្អ​ពាក់ព័ន្ធ​ផ្នែក​ច្បាប់ ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​បំពេញ​បែបបទ​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច»

នេះ​ជា​លើក​ទី​៦ ហើយ ដែល​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​នាំ​គ្នា​មក​តាំង​លំនៅ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​ខេត្ត​កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ស្វាយរៀង កំពង់ធំ មក​ធ្វើ​កម្មករ​នៅ​ខេត្ត​មណ្ឌលគិរី។ បច្ចុប្បន្ន អ្នក​ខ្លះ​គ្មាន​ដី​តាំង​លំនៅ និង​ប្រកប​របរ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។