សហភាព​មីយ៉ាន់ម៉ា​នឹង​រៀន​សូត្រ​ពី​កម្ពុជា​ ពី​ជោគជ័យ​នៃ​ការ​រៀបចំ​​​ធ្វើ​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត (​អាយ​ប៉ា​) និង​កិច្ចប្រជុំ​អាស៊ាន

សហភាព​មីយ៉ាន់ម៉ា​នឹង​រៀន​សូត្រ​ពី​កម្ពុជា​ ពី​ជោគជ័យ​នៃ​ការ​រៀបចំ​​​ធ្វើ​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត (​អាយ​ប៉ា​) និង​កិច្ចប្រជុំ​អាស៊ាន



ភ្នំពេញ ​៖​ លោក​យូ មី​យិន ស៊ឺ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដែល​ទើប​តែងតាំង​ថ្មី ​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា មី​យ៉ាន់​ម៉ា​នឹង​រៀន​សូត្រ​ពី​កម្ពុជា ​ពី​ជោគជ័យ​នៃ​ការរៀបចំ​ចំ​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) និង​កិច្ចប្រជុំ​អាស៊ាន ដើម្បី​បានជា​ពុទ្ធិ​សម្រាប់​យកទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។

ការ​លើកឡើង​បែបនេះ ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ក្នុង​ឱកាស​ ដែល​លោក​ត្រូវ​បាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​តែងតាំង​ឲ្យ​ធ្វើជា​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា​បាន​មានប្រសាសន៍​ ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា លោក យូ មី​យិន ស៊ឺ បាន​លើកឡើងថា មី​យ៉ាន់​ម៉ា និង​កម្ពុជា​ជា​ប្រទេស​សមាជិក​ដ៏​ក្មេងខ្ចី​ជាងគេ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​អាយ​ប៉ា​។ ប៉ុន្តែ​លោក​សរសើរ​ពី​កម្ពុជា ដែល​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) កន្លងមក​ប្រកប​ដោយ​ជោគជ័យ។ លោក​ឯកអគ្គរដ្ឋទូត​បន្តថា ក្នុងឆ្នាំនេះ​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​លើក​ទី​៣៧ អាយ​ប៉ា នៅក្នុង​ប្រធានបទ​មួយ គឺ​ការ​ជំរុញ​សហគមន៍​អាស៊ាន ក៏ដូចជា​ធ្វើឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​សហគមន៍​អាស៊ាន​ទាំងមូល ហើយ​មី​យ៉ាន់​ម៉ា នឹង​ស្វែងយល់​ពី​បទពិសោធន៍​របស់​កម្ពុជា ដើម្បី​បានជា​ពុទ្ធិ​សម្រាប់​រៀបចំ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាយ​ប៉ា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។​

លោក​បន្ថែមថា​ ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៥៥​មក​ម្ល៉េះ ហើយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ជាប្រចាំ។ ដូចជា​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ​ថ្នាក់ដឹកនាំ​រដ្ឋសភា​សហ​ភាព​មី​យ៉ាន់​ម៉ា បានមក​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ឆ្នាំ​កន្លងមកនេះ​ក៏មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​មី​យ៉ាន់​ម៉ា​នៅ​កម្ពុជា​ផងដែរ។

លោក​ក៏បាន​គោរព​ថ្លែង​សរសើរ​សម្តេច​ប្រធាន​ផងដែរ​ថា គឺជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយរូប ដែល​បាន​អភិវឌ្ឍន៍​ស្ថាប័ន​រដ្ឋសភា​មាន​ភាពរឹងមាំ និង​មាន​ភាពល្បីល្បាញ សម្រាប់​ប្រជាជន​កម្ពុជា​។ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា លោក​សន្យាថា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​។​

សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​-​មីយ៉ាន់ម៉ា គឺជា​សមាជិក​របស់​អាស៊ាន​មួយ ហើយ​បេសកកម្ម​ការទូត​ថ្មី​របស់​លោក​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​មីយ៉ាន់ម៉ា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងសងខាង។

សម្តេច​បន្ថែម​ថា ទាំង​វប្បធម៌ ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​មាន​ប្រហាក់​ប្រហែល​គ្នា ហើយ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​កាន់សាសនា​ព្រះពុទ្ធ​ដូចគ្នា។ ដូច្នេះ​ប្រទេស​យើង​ទាំងពីរ​គួរតែ​ត្រូវ​បាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ឲ្យ​ល្អប្រសើរ​ឡើង​ថែមទៀត ជាពិសេស​ជំរុញ​ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ ឲ្យ​មាន​លក្ខណៈ​ខ្លាំងក្លា​ទ្វេដង​។ សម្តេច​ចក្រី ប្រធានរដ្ឋសភា​មាន​ជំនឿ​ជាក់​ថា ក្នុង​អាណត្តិ​ការទូត​ថ្មី​របស់​លោក​នឹងធ្វើ​អោយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន។ រដ្ឋសភា​កម្ពុជា​សន្យាថា នឹង​ជួយ​គាំទ្រ ដើម្បី​ឲ្យ​បេសកកម្ម​អាណត្តិ​ការទូត​របស់លោក​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ។

សូម​បញ្ចា​ក់ថា កន្លងមក​ថ្មីៗ​នេះ លោក យូ មី​យិន ស៊ឺ ក៏បាន​បាន​ថ្វាយ​សារតាំង​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ហើយ​លោក​មាន​កិត្តិយស​ដោយ​បាន​ទទួល​បេសកកម្ម​ការទូត​ថ្មី​របស់​លោក​នេះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

សហភាព​មីយ៉ាន់ម៉ា​នឹង​រៀន​សូត្រ​ពី​កម្ពុជា​ ពី​ជោគជ័យ​នៃ​ការ​រៀបចំ​​​ធ្វើ​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត (​អាយ​ប៉ា​) និង​កិច្ចប្រជុំ​អាស៊ាន