កម្មករ​ចិញ្ចឹម​ស្វា​តវ៉ា​សុំ​តម្លើង​ប្រាក់ខែ ឲ្យ​ស្មើ​កម្មករ​កាត់ដេរ

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្មករ​ចិញ្ចឹម​ស្វា​របស់​ក្រុមហ៊ុន​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កែវ​មុនី សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ បាន​ផ្ទុះ​ការ​តវ៉ា​សុំ​តម្លើង​ប្រាក់ខែ​និង​ទាមទារ​ប្រាក់​បន្ថែម​ដែល​ថៅកែ​បាន​សន្យា​ថា​តម្លើង​ឲ្យ​ក្នុង​មួយ​ឆ្នាំ​២០​ដុល្លា​ទៀត ចាប់ពី​ឆ្នាំ​២០១៥​ទៅ​។ កម្មករ​ដែល​ធ្វើការ​តវ៉ា​នេះ​ប្រមាណ​ជាង​១០០​នាក់ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​ក្លោ​ង​ទ្វា​របស់​ក្រុមហ៊ុន ខណៈ​ថៅកែ​ក្រុមហ៊ុន​បិទទ្វា​មិន​ឲ្យ​ចូល​។

ក្រុមហ៊ុន​ចិញ្ចឹម​ស្វា​នេះ​មានឈ្មោះ​ថា (​វ៉ា​ន់​នី បាយ​អូ រី​ស៊ើ​ច ខេ​ម​បូ​ឌា​ខ​ប​.​អិ​ល​ធី​ឌី​) ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន មក​ពី​ប្រទេស​ចិន​។ ពួក​កម្មករ​បាន​រៀបរាប់​ថា​ពួក​គេ​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​ខ្លះ​បាន​ជាង​មួយ​ឆ្នាំ ខ្លះ​០៣​ទៅ​០៤​ឆ្នាំ និង​ខ្លះ​ទៀត​ជិត​១០​ឆ្នាំ​មក​ហើយ​។ ពេលវេលា​ធ្វើការ ព្រឹក​ពី​ម៉ោង​០៧​និង​៣០​នាទី​ដល់​ម៉ោង​១១​និង​៣០​នាទី ពេល​ថ្ងៃ​ពី​ម៉ោង​០១​ដល់​ម៉ោង​០៥​ល្ងាច ទទួល​បាន​ប្រាក់ខែ​តែ​៦១​ដុល្លា​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។ ឯ​ការងារ​មានការ​នឿយហត់​ខ្លាំង​ណាស់​មិន​សម​នឹង​ប្រាក់​ដែល​ទទួល​បាន​នោះ​ទេ​។

ក្រោយមក​ថៅកែ​បាន​សន្យា​ថា​ចាប់ពី​ឆ្នាំ​២០១៥​ទៅ​បន្ថែម​មួយ​ឆ្នាំ​២០​ដុល្លា​រៀង​រាល់​ខែមេសា ប៉ុន្តែ​ប្រាក់​បន្ថែម​នោះ​ឃើញ​បាន​តែ​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​គឺ​៦១​ដុល្លា​បូក​នឹង​២០​ដុល្លា​បាន​៨១​ដុល្លា​។ ឯ​ឆ្នាំ​២០១៦​នេះ​បាន​តែ​៨១​ដុល្លា​ដដែល​មិន​ទាន់​ឃើញ​ប្រាក់​បន្ថែម​២០​ដុល្លា​នោះ​ទេ មក​ដល់​ថ្ងៃនេះ​ជាង​០៣​ខែ​ហើយ​ទើប​ពួក​គេ​ផ្ទុះ​ការ​តវ៉ា​តែ​ម្ដង​។ ការ​តវ៉ា​នេះ​ទី​មួយ​គឺ​សុំ​ឲ្យ​ថៅកែ​តម្លើង​ប្រាក់ខែ​គោល​ឲ្យ​បាន​ស្មើនឹង​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញ​ដូចដែល​សម្ដេច​តេ​ជោ​ហ៊ុន​សែន​បាន​ប្រកាស​ផ្ដល់​ជូន​ដែរ និង​ទី​ពីរ​គឺ​សុំ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​បន្ថែម​២០​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ដូច​ការ​សន្យា​។

កោះសន្តិភាព​មិន​អាច​ទាក់ទង​បានជា​មួយ​លោក​ថៅកែ​ក្រុមហ៊ុន​ដែល​ជា​ជនជាតិ​ចិន​នោះ​ប៉ុន្តែ​ស្ត្រី​ម្នាក់​ឈ្មោះ​ស្រី​នាង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រឿង​នេះ​ថៅកែ​ក្រុមហ៊ុន​បាន​សម្របសម្រួល​ម្ដង​ហើយ​តែ​ពួក​កម្មករ​មិន​ស្ដាប់​។ ពេល​នេះ​នាង​ក៏​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​លោក​ថៅកែ​មិន​នៅ​។ នៅ​ល្ងាច​ថ្ងៃ​ទី​១១​ដដែល​នេះ មន្ទីរ​ជំនាញ​ការងារ និង​អាជ្ញាធរ​ក្រុង​ពោធិ៍សាត់​បាន​ចុះ​ទៅ​រក​ដំណោះស្រាយ​ជូន​ដោយ​បាន​ជួយ​សម្រួល​ជាមួយ​ក្រុមហ៊ុន​បន្ថែម​បាន​តែ​០៨​ដុល្លា​ទេ​ក្នុង​ឆ្នាំ​២០១៦​នេះ​សរុប​៨៩​ដុល្លា តែ​ក្រុម​អ្នក​តវ៉ា​មិន​ព្រម​។

ពួក​គេ​នៅ​តែ​ទាមទារ​ប្រាក់ខែ​គោល​ឲ្យ​ស្មើនឹង​កម្មករ​កម្មការិនី​នៅ​ភ្នំពេញ និង​ប្រាក់​បន្ថែម​២០​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ដដែល​បើ​មិន​បាន​ទេ​ពួក​គេ​ប្រហែលជា​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេង​ហើយ​។ លោក លី សុភា ប្រធាន​មន្ទីរ​ការងារ​បាន​ស្នើ​សុំ​ឲ្យ​កម្មករ​របស់​ក្រុមហ៊ុន​ចិញ្ចឹម​ស្វា​ទាំងអស់​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ហើយ​នាំ​គ្នា​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ព្រោះ​ក្រុមការងារ​កំពុង​តែ​សម្របសម្រួល​រក​ដំណោះស្រាយ​ជូន​ហើយ​។ ទោះ​យ៉ាងណា​ពួក​កម្មករ​ថាបើ​មិន​ទាន់​រក​ដំណោះស្រាយ​ចេញ​ទេ​ពួក​គេ​ក៏​មិន​ទាន់​ចូល​ធ្វើការ​វិញ​ដែរ​៕