ឃាត់ខ្លួន​ជនសង្ស័យ ជា​ចោរលួច​ម៉ូតូ​បាន​ម្នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​យក​បាន​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពី​ខាង​មុខ​ក្រុមហ៊ុន​ហុងដា មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ អុល កៀន អាយុ​២៤​ឆ្នាំ មុខរបរ​ចុងភៅ​ហាង ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​អតីត​រោងកុន​គិរី​រម្យ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។ ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១FK-៥៨៤៨​។ មុន​ពេល​កើតហេតុ​បុរស​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ហុងដា ម្នាក់​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បាន​ចត​ម៉ូតូ​ដោយ​ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ​របស់​ខ្លួន ក៏​ត្រូវ​បុរស​ជា​ជនសង្ស័យ​ដើរមក​ដល់ ហើយ​យក​ជិះ​រត់​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជា​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច និង​ជិះ​ម៉ូតូ​យក​ចេញ​នោះ ក៏​ត្រូវ​បុគ្គលិក​ដូច​គ្នា​បានឃើញ និង​ស្រែក​ឆោ​ឡើង ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​តាម​ទាន់ និង​ចាប់ខ្លួន​បាន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​ស្គូ​ពី​ខាងលើ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បុរស​ជា​ម្ចាស់​វិញ ចំណែកឯ​បុរស​ដែល​ជា​ជនសង្ស័យ​ថា​ជា​ចោរលួច​ម៉ូតូ​រូប​នោះ ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕