រដូវ​វស្សា​ឆ្នាំ​នេះ​ រមណីយដ្ឋាន​ទំនប់​៩៥ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន

រដូវ​វស្សា​ឆ្នាំ​នេះ​ រមណីយដ្ឋាន​ទំនប់​៩៥ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន



ព្រះវិហារ ​៖ ​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​ស្ថិតនៅ​ភូមិ​ទំនប់​ សង្កាត់​ប៉ាលហាល​ ក្រុង​ព្រះវិហារ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​រាប់​រយ​នាក់​ឲ្យ​ទៅ​ដើរលេង​កម្សាន្ត​ដូចជា​ហែល​ទឹក ​​​គយគន់​មើល​ទេសភាព​ សម្រាក​លម្ហែ​កាយ​ បរិភោគ​ភេសជ្ជៈ ​និង​ម្ហូបអាហារ​កុម្ម៉ង់​ផ្សេងៗ​ទៀត។

រមណីយដ្ឋាន​មួយ​នេះ​មាន​បឹង​ធម្មជាតិ​ធំ​ទូលាយ​ទឹកថ្លា​ល្អ​ ហើយ​ភូមិសាស្ត្រ​ជាប់​នឹង​ជើងភ្នំ​ត្បែងមានជ័យ​ ធ្វើ​ឲ្យ​មាន​ទេសភាព​ល្អ​ស្រស់បំព្រង​គួរ​ឲ្យ​គយគន់​ថែមទៀត​ ជាពិសេស​នៅ​ឆ្នាំ​២០១៦​នេះ​សម្បូរ​ភ្ញៀវ​ទេសចរ​កាន់​តែ​ចូលចិត្ត​ទៅ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុនៗ។

រៀងរាល់​ចុង​សប្ដាហ៍​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មកពី​គ្រប់​មជ្ឈដ្ឋាន​រួមមាន​មន្ត្រីរាជការ​សិស្សសាលា​ និង​បងប្អូន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ​ចូលចិត្ត​អញ្ជើញ​ទៅ​ដើរលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​៩៥។ នៅ​ទីនោះ​ភ្ញៀវ​ទទួល​បាន​អារម្មណ៍​សប្បាយរីករាយ​ បន្ទាប់ពី​សម្រាក​លម្ហែ​កាយ​ដើម្បី​បំបាត់​ភាព​ហត់​នឿយណាយ​ ដែល​បាន​បំពេញការងារ​ជូន​រដ្ឋ​ និង​ប្រកបមុខរបរ​រកស៊ី​ទទួល​ទាន​កាលពីដើម​សប្ដាហ៍។

ទិដ្ឋភាព​នៅ​រមណីយដ្ឋាន​ខាងលើ​ហាក់ដូចជា​ទាក់ទាញ​អារម្មណ៍​យើង​ឲ្យ​បាន​សប្បាយរីករាយ​និង​ភ្លេច​ទុក្ខ​កង្វល់​អស់​ ដោយ​មិន​ដឹង​ខ្លួន ​នៅ​ពេល​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​សម្តែង​ក្តី​រីករាយ​គ្រប់ៗ​គ្នា​ស្រប​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា ​ជាពិសេស​មាន​ខ្យល់​ធម្មជាតិ​ត្រជាក់​បរិសុទ្ធ​បក់​មក​ប៉ះ​រាងកាយ​ថែមទៀត។

រីឯ​អាជីវករ​លក់ដូរ​តាម​ខ្ចុះ​ក៏​មមាញឹក​ទទួល​ភ្ញៀវ​មក​សម្រាក​លម្ហែ​​កាយ​ និង​បរិភោគ​ចំណី​ម្ហូបអាហារ​និង​​ភេសជ្ជៈ​ផង​ដែរ​ ហើយ​អាជីវករ​អាច​មាន​ឱកាស​រក​ចំណូល​បាន​ច្រើន​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​ធូរធារ​មួយ​កម្រិត។ ចំណែក​តម្លៃ​លក់ដូរ​មុខម្ហូប​នីមួយៗ​ ក៏​សមរម្យ​ និង​មាន​សេវាកម្ម​បម្រើ​ភ្ញៀវ​ល្អ​ថែមទៀត។

រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​ជា​បេះដូង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ទី​រួម​ខេត្ត​ព្រះវិហារ​ដោយសារ​វា​មាន​ទីតាំងនៅ​ជិតបង្កើយ​អាច​ធ្វើ​ដំណើរ​ឆាប់​ទៅដល់​គោលដៅ​ ដោយ​ចំណាយ​រយៈពេល​តែ​១០​នាទី​គឺ​យើង​អាច​ទៅដល់​ទីនោះ​ ដោយ​សុវត្ថិភាព ​និង​មាន​សន្តិសុខ​ល្អ​ថែមទៀត​។​រមណីយដ្ឋាន​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មកពី​ទី​ជិត​ឆ្ងាយ​នា​រដូវវស្សា​ខ្លាំង​ជាង​នៅ​រដូវប្រាំង ​ព្រោះ​នៅ​រដូវវស្សា​មាន​ទឹក​ច្រើន​បង្ក​លក្ខណៈ​សប្បាយរីករាយ​ដល់​ភ្ញៀវ​បាន​ចុះ​ហែល​ទឹកជា​មួយ​ពោង​លេង​កម្សាន្ត។

អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​បាន​យកចិត្តទុកដាក់​ចុះ​ពង្រឹង​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​បាន​ល្អ​ថែមទៀត​ដើម្បី​ឲ្យ​មាន​ភាព​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ ដែល​និយម​ចូលចិត្ត​ទៅ​ដើរលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​ទាំង​នៅ​រដូវប្រាំង​ និង​រដូវវស្សា។

ដូច្នេះ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ទី​ជិត​ឆ្ងាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​មក​ដើរលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះវិហារ​ ដែល​មាន​គោលបំណង​​អញ្ជើញ​ទៅ​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​ដ៏​ល្បីល្បាញ​កុំ​ភ្លេច​អញ្ជើញ​ឆៀង​ទៅ​ដើរលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​៩៥​ដែលមាន​ទេសភាព​ស្រស់បំព្រង​គឺ​ពិតជា​មិន​ខុស​​​បំណង​​ឡើយ។ ជាពិសេស​សូម​ជូនពរ​រាល់​ការ​ធ្វើដំណើរ​ទៅមក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិ​ភាព​ល្អ​ជានិច្ចកាល៕
​ ​