ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦

ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦



ភ្នំពេញ ៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​កម្មវិធី “​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស (English Speaking Contest Program)” វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​៦ សម្រាប់​សិស្ស​ភាសា​អង់គ្លេស Level3 , Level6, Level9 និង Level12 ពី​ថ្ងៃ​ទី​៧- ៨ និង​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​មាន​បេក្ខជន ចំនួន ៥៤ នាក់ មកពី ១៥ សាខា និង​មាន​អ្នកចូលរួម ចំនួន ១.៧៧៣ នាក់ ក្រោម​អធិបតីភាព​លោក​លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកល​វិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​លោកស្រី។

តាម​របាយការណ៍​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប បាន​ឲ្យ​ដឹង​ថា សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បង្កើត កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន ៧ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន​៖ ទី​១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ទី​២-​កម្មវិធី​ពង្រឹង​ស្មារតី ទី​៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា ទី​៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ទី​៥-​កម្មវិធី​ប្រឡង​សំណេរ ទី​៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា និង​ទី​៧-​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ ហើយ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​នេះ ជា​ផ្នែក​មួយ​នៅ​ក្នុង​កម្មវិធី​ពង្រឹង​ស្មារតី ដែល​សាលា​បាន​រៀប​ចំ​ធ្វើ​ក្នុង​១​ឆ្នាំ ២ ដង នៅ​រៀងរាល់​ខែមករា និង ខែកក្កដា។ ការប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​នេះ ធ្វើ​ឡើងជា​២​ដំណាក់កាល គឺ ៖ ទី​១-​កម្រិត​សាខា (Campus Level):​ត្រូវ​រៀបចំ​ការប្រកួតប្រជែង ចាប់ពី Level3 ដល់​Level12 រួច​បញ្ជូន​បេក្ខជន ជ័យ​លាភី​លេខ​១ មក​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
​ទី​២- កម្រិត​ប៊ែ​ល​ធី (BELTEI Level): គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ដើម្បី​ជ្រើសរើស​ជ័យលាភី​ពី​លេខ​១​ដល់​លេខ​៣​តាម​Level​នីមួយៗ ។​ចំណែក​រង្វាន់​ដែល​ត្រូវ​ទទួល​បាន​គឺ ៖ ចំណាត់ថ្នាក់​លេខ​១: ទទួល​បាន មេដាយមាស​១ លិខិត​សរសើរ​និង​ទឹកប្រាក់​៣០០ដុល្លារ​ព្រមទាំង​អាហារូបករណ៍​សិក្សា ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​១០០% ចំនួន​៣​វគ្គ ដោយឡែក​Level12 ត្រូវ​បាន​១០០% សិក្សា​ថ្នាក់​មហា វិទ្យាល័យ រយៈពេល ៤​ឆ្នាំ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ចំណាត់ថ្នាក់​លេខ​២: ទទួល​បាន មេដាយ​ប្រាក់​១ លិខិត​សរសើរ និង​ទឹកប្រាក់​២០០ដុល្លារ ព្រមទាំង​អាហារូបករណ៍​សិក្សា ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​១០០% ចំនួន​២​វគ្គ ដោយឡែក​Level12 ត្រូវ​បាន​១០០% សិក្សា​ថ្នាក់​មហា​វិទ្យាល័យ រយៈពេល ២​ឆ្នាំ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ចំណាត់ថ្នាក់​លេខ​៣: ទទួល​បាន មេដាយសំរិទ្ធ​១ លិខិត​សរសើរ និង​ទឹកប្រាក់​១០០ដុល្លារ ព្រមទាំង​អាហារូបករណ៍​សិក្សា ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ ១០០% ចំនួន​១​វគ្គ ដោយឡែក​Level 12 ត្រូវ​បាន ១០០% សិក្សា​ថ្នាក់​មហាវិទ្យាល័យ​រយៈពេល ១​ឆ្នាំ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ហើយ​បេក្ខជន​ជ័យលាភី លេខ​១ ដល់ លេខ ៣ Level3, 6, 9 & 12 ត្រូវ​បាន​ទៅ​ទស្សនា​នៅ​ប្រាសាទ អង្គរវត្ត រយៈពេល ៣ ថ្ងៃ ២​យប់។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក លី ឆេង បាន​កោតសរសើរ​ដល់​បេក្ខជន​ទាំងអស់ ជាពិសេស​ក្មួយ​ៗ​ជ័យ​លា​ភី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​តាំងពី​សាខា​របស់​ខ្លួន រហូតដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ពេល​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា កម្មវិធី​នេះ​បង្កើត​ឡើង ក្នុង​គោលបំណង ពង្រឹង​គុណ​ភាព ផ្នែក​ភាសា​អង់គ្លេស​ទូទៅ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ និង ​ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់​ទទួល​បាន​ចំណេះដឹង​ថ្មី​ដូច​ជាៈ​១​យល់ដឹង​ពី​របៀប​និយាយ​ទៅកាន់​ដៃគូ​សន្ទនា ២-​បង្កើន​ទម្លាប់​និយាយ ៣-​បង្កើន​ទំនុក​ចិត្ត ក្នុង​ការ​និយាយ​នៅ​ទីសាធារណៈ មិន​ខ្មាសអៀន ៤-​ហ៊ាន​ថា ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ ៥-​បង្កើន​ចំណេះដឹង​ទូទៅ និង​ការស្រាវជ្រាវ។

លោក ក៏បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​ទាំងអស់ ត្រូវ​ខិត​ខំ​រៀន​សូត្រ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន ហើយ​នៅ​ពេល​បញ្ចប់ Level12 ផ្នែក​ភាសា​អង់គ្លេស ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ការ​និយាយ ការ​ស្តាប់​ការ​អាន និង​ការ​សរសេរ ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រឡង​តេស្ត​អន្តរជាតិ (TOEFL ឬ IELTS)​ឲ្យ​បាន​ពិន្ទុ​យ៉ាងតិច​៦.៥​ឡើង​ទៅ សម្រាប់ ដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ដើម្បី​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត។

បន្ទាប់មក​លោក និង​លោកស្រី ក៏បាន​ប្រគល់ មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស ជ័យលាភី Level 3, Level 6, Level 9 និង​Level 12 ចំនួន​១២​នាក់ ផងដែរ៕

ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦ ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦ ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦ ប៊ែ​ល​ធី រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​៦